មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តក្រចេះ ជាមន្ទីរទី៣ ដែលឯកឧត្តមរដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកក្រោមឱវាទ ក្នុងថ្ងៃទី០២ មេសា ២០២៤

មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តក្រចេះ ជាមន្ទីរទី៣ ដែលឯកឧត្តមរដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកក្រោមឱវាទ ក្នុងថ្ងៃទី០២ មេសា ២០២៤ 

ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងប្រតិភូអមដំណើរ បានអញ្ជើញបន្តដំណើរទៅកាន់ មន្ទីរស.ក.ដ ខេត្តក្រចេះ ដើម្បីជួបសំណេះសំណាល សាកសួរសុខទុក្ខ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិក ក្រោមឱវាទ។ ជំនួបសំណេះសំណាលនេះ បានប្រព្រឹត្តទៅនៅក្នុងរសៀលថ្ងៃខែឆ្នាំដដែល បន្ទាប់ពីការជួបសំណេះសំណាលនៅ មន្ទីរស.ក.ដ ខេត្តកំពង់ចាម និង ខេត្តត្បូងឃ្មុំ កាលពីព្រឹកមិញ។

ថ្លែងក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា ដើម្បីជាការឆ្លើយតបទៅនឹងចក្ខុវិស័យ មាគ៌ានយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្នុងអាណត្តិទី៧នេះ ក្រសួងក៏បានដាក់ចេញនូវយន្តការគាំទ្រផែនការអាទិភាពចម្បងចំនួន ០៤ រួមមាន៖ (១)ការពង្រឹងប្រសិទ្ធភាពអភិបាលកិច្ចផ្ទៃក្នុងរបស់ក្រសួង និង អភិវឌ្ឍន៍ធនធានមនុស្ស ស្របតាមកម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈ ដែលក្រសួងនឹង ដាក់ចេញនូវយន្តការគន្លឹះក្នុងពេល ខាងមុខនេះ (២) ការធ្វើពិពិធកម្មនៃប្រភពធនធានថវិកា និង ការអនុវត្តកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ ដោយពង្រីកការគ្រប់គ្រង និងប្រសិទ្ធភាពនៃការ ប្រើប្រាស់ថវិកា (៣) ការពង្រឹងការងារនីតិកម្ម និងកសាងបទដ្ឋានបច្ចេកទេស និង (៤) ការពង្រឹងការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងឌីជីថល ក្នុងការគ្រប់គ្រងស្ថាប័ន និងការផ្តល់សេវារដ្ឋបាលសាធារណៈ។ ជាមួយគ្នានេះ ក្រសួងក៏បានកំណត់យកឆ្នាំ២០២៤ ជាឆ្នាំ “ពង្រឹងការអភិវឌ្ឍធនធានមនុស្ស គុណភាពសំណង់ហេដ្ឋារចនាសម្ព័ន្ធ ការរៀបចំច្បាប់-បទដ្ឋានគតិយុត្ត ការផ្តល់សេវា និងការ ប្រើប្រាស់បច្ចេកវិទ្យានិងឌីជីថល”។ ជារួម ក្រសួងនឹងផ្តោតទៅលើការលើកកម្ពស់ទាំងផ្នែក ទន់ និងផ្នែករឹង ដែលគាំទ្រដល់វិស័យសាធារណការ និងដឹកជញ្ជូន។

ឯកឧត្តមរដ្ឋមន្ត្រី ក្នុងនាមក្រសួង ក៏បាននាំយកនូវ សម្ភារ-បរិក្ខារសុវត្ថិភាពប្រើប្រាស់នៅការដ្ឋាន មួកសុវត្ថិភាពចរាចរណ៍ ១០០មួក ស្ទីកគឺរចំណាំងផ្លាត ៥ ០០០សន្លឹក និងកៅស៊ូត្រជាក់ Cold Mix សម្រាប់ជួសជុលសំបុកមាន់ចំនួន ២០០បាវ ប្រគល់ជូនមន្ទីរប្រើប្រាស់តាមតម្រូវការចាំបាច់ជាក់ស្តែង ព្រមទាំងឧបត្ថម្ភថវិកាជូនដល់ មន្ត្រីរាជការ និងបុគ្គលិក នៃមន្ទីរស.ក.ដខេត្តក្រចេះ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ដែលនឹងចូលមកដល់នាពេលឆាប់ៗខាងមុខ ផងដែរ៕