ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកជំទាវ រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងព័ត៌មាន និមន្តព្រះសង្ឃរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រសិទ្ធិពរជ័យ សិរីមង្គល ជាកិច្ចជូនដំណើរឆ្នាំចាស់ និងទទួលអំណរឆ្នាំថ្មី ឆ្នាំរោងឆស័ក ព.ស.២៥៦៨ ក្នុងស្មារតីមហាសាមគ្គី គ្រួសារក្រសួងព័ត៌មាន

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកជំទាវ រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងព័ត៌មាន និមន្តព្រះសង្ឃរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រសិទ្ធិពរជ័យ សិរីមង្គល ជាកិច្ចជូនដំណើរឆ្នាំចាស់ និងទទួលអំណរឆ្នាំថ្មី ឆ្នាំរោងឆស័ក ព.ស.២៥៦៨ ក្នុងស្មារតីមហាសាមគ្គី គ្រួសារក្រសួងព័ត៌មាន

   នៅរសៀលថ្ងៃអង្គារ ៩រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា និងលោកជំទាវ ទុយ សិរីរតនៈ ប្រធានកិត្តិយស សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មាន រួមជាមួយ ឯកឧត្តម លោកជំទាវ ជាថ្នាក់ ដឹកនាំ អស់លោក លោកស្រី ជាមន្រ្តីរាជការ នៃក្រសួងព័ត៌មាន និមន្តព្រះសង្ឃរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រសិទ្ធិពរជ័យ សិរីមង្គល ជាកិច្ចជូនដំណើរឆ្នាំចាស់ និងទទួលអំណរឆ្នាំថ្មី ឆ្នាំរោងឆស័ក ព.ស.២៥៦៧ ដែលនឹងឈានចូលមកដល់នៅថ្ងៃទី១៣.១៤.១៥.និង១៦ ខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ ។

  ពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រសិទ្ធិពរជ័យ សិរីមង្គល បានប្រារព្ធឡើងទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនាដ៏ផូរផង់ ដោយមានការបូជាទៀនធូប ផ្កាភ្ញី គ្រឿងសក្ការៈនានា ថ្វាយព្រះរតនត្រៃ និងបាននិមន្តសម្តេចព្រះសង្ឃ និងព្រះសង្ឃចំនួន ៥អង្គ ដើម្បីចម្រើនព្រះបរិត្ត ស្វាធ្យាយជយន្តោ ពុទ្ធជ័យមង្គល ជាកិច្ចជូន ដំណើរឆ្នាំចាស់ និងទទួលអំណរសាទរឆ្នាំថ្មី ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ជាពិសេសត្រៀមទទួលស្វាគមន៍ដំណើរចុះមកថែរក្សាមនុស្សលោករបស់ទេវធីតាឆ្នាំថ្មី ដែលព្រះអង្គនឹងយាងចុះមកនៅថ្ងៃសៅរ៍ ៥កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ២២.១៧ នាទីយប់ ។

  នៅក្នុងពិធីនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ ក្នុងនាមមន្ត្រីរាជការទាំងអស់ក្រោមឱវាទក្រសួងព័ត៌មាន បានប្រគេននូវទេយ្យវត្ថុ និងបវារណាចតុបច្ច័យ ថ្វាយចំពោះព្រះសង្ឃនាយក និងព្រះភិក្ខុសង្ឃ គ្រប់អង្គជាកិច្ចបំពេញកុសល និងបួងសួងសុំសេចក្តីសុខចម្រើន ជោគជ័យលើគ្រប់កិច្ចការងារ សូមកើត មានចំពោះមហាគ្រួសារក្រសួងព័ត៌មាន ទាំងមូល ក៏ដូចជាប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប ចាប់តាំងពីឆ្នាំថ្មីចូលមកដល់ និងជានិច្ចនិរន្តរ៍តរៀងទៅ ។

   ទន្ទឹមជាមួយគ្នានេះដែរ សូមបួងសួងសូមអោយទេវតាឆ្នាំថ្មីជួយប្រសិទ្ធិពរជ័យ សិរីមង្គល ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងព័ត៌មាន អោយបន្តស្មារតីពង្រឹងសាមគ្គីភាព និងកិច្ចសហការគ្នា រួមគ្នាបំពេញកិច្ចការងារតាមជំនាញ ដើម្បីធ្វើអោយវិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជាកាន់តែរីកចំរើនបន្ថែមទៀត ៕