ប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំដោយ ឯកឧត្តមរដ្ឋមន្ត្រី អញ្ជើញបន្តដំណើរទៅជួបសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកក្រោមឱវាទនៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តត្បូងឃ្មុំ

ប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំដោយ ឯកឧត្តមរដ្ឋមន្ត្រី អញ្ជើញបន្តដំណើរទៅជួបសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកក្រោមឱវាទនៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តត្បូងឃ្មុំ

នាថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងប្រតិភូអមដំណើរ បានអញ្ជើញបន្តដំណើរទៅកាន់ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តត្បូងឃ្មុំ ដើម្បីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកក្រោមឱវាទមន្ទីរ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ។

នៅក្នុងពិធីជួបសំណេះសំណាល និងសាកសួរសុខទុក្ខនេះ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់នូវអនុសាសន៍ល្អៗ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិក ក្រោមឱវាទមន្ទីរទាំងអស់ ដើម្បីនាំយកទៅប្រតិបត្តិ សំដៅធ្វើឱ្យការអនុវត្តការងារកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត រួមមាន ១០ចំណុច ដូចខាងក្រោម៖

(១) ត្រូវពង្រឹងវិន័យការងារ តាមរយៈម៉ោងពេលបំពេញការងារ ការគោរពច្បាប់ បទបញ្ជា គោរពការចាត់តាំង 

(២) ត្រូវបន្តរក្សាប្រពៃណីសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការផ្ទៃក្នុងល្អ

(៣)ត្រូវរៀនសូត្រពីការងារ និងសិក្សាស្វែងយល់បន្ថែម ពិសេសបច្ចេកវិទ្យាឌីជីថល

(៤) ត្រូវផ្តល់ការលើកសរសើរ និងការលើកទឹកចិត្តផ្សេងៗ ដល់មន្ត្រីរាជការ និងបុគ្គលិក ដែលបាន ខិតខំប្រឹងប្រែងបំពេញការងារ

(៥)ត្រូវខិតខំ និងយកចិត្តទុកដាក់កសាងហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តប្រកបដោយគុណភាព ស្របតាម ស្តង់ដារបច្ចេកទេស

(៦) តាមអនុសាសន៍របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងឆ្នាំ២០២៤ ជាឆ្នាំនៃការពង្រឹងអ្វី ដែលយើងបាន ឬកំពុងអនុវត្ត ជាជាងពង្រីកអ្វីដែលថ្មី ដូច្នេះសូមគិតគូរដល់គម្រោងដែល កំពុងដំណើរការ និងបញ្ហាប្រឈមនានាដែលកំពុងតែកើតមាន ហើយពង្រឹង និងដោះស្រាយ

(៧) ត្រូវខិតខំបង្កើនកិច្ចសហការ និងកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ អាជ្ញាធរដែនដី អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ និងមន្ទីរជំនាញនានាជុំវិញខេត្ត និងខេត្តជិតខាង

(៨) ត្រូវជំរុញការផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ផ្លូវគោក និងការចូលរួមការទប់ស្កាត់គ្រោះថ្នាក់ ចរាចរណ៍នៅក្នុងខេត្ត

(៩) ត្រូវខិតខំផ្តល់សេវាសាធារណៈឱ្យបានត្រឹមត្រូវ តម្លាភាព ប្រសិទ្ធភាព និងទាន់ពេលវេលា ចៀសវាងកុំមានប៉ះពាល់ដល់ផលប្រយោជន៍ប្រជាពលរដ្ឋ ជាពិសេសប្រកាន់ភ្ជាប់នូវវប្បធម៌ សេវាសាធារណៈ និងទិសស្លោក “មន្ត្រីរាជការជាខ្ញុំបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រ” នោះទេ

(១០) សូមថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកទាំងអស់នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ទាំងអស់ ត្រូវខិតខំតាមដានស្តាប់ ឆ្លើយតប និងដោះស្រាយនូវរាល់បញ្ហាប្រឈម និងសំណូម ពររបស់បងប្អូនប្រជាពលរដ្ឋ។

ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រី ក្នុងនាមក្រសួង បាននាំយកនូវសម្ភារ-បរិក្ខារសុវត្ថិភាពប្រើប្រាស់នៅការដ្ឋាន មួកសុវត្ថិភាពចរាចរណ៍ ១០០មួក ស្ទីកគឺរចំណាំងផ្លាត ៥ ០០០សន្លឹក និងកៅស៊ូត្រជាក់ Cold Mix សម្រាប់ជួសជុលសំបុកមាន់ចំនួន ២០០បាវ ទៅប្រគល់ជូនមន្ទីរ ដើម្បីប្រើប្រាស់តាមការចាំបាច់ និងបានឧបត្ថម្ភថវិកាជូនដល់ មន្ត្រីរាជការ និងបុគ្គលិក នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ចាម ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ដែលនឹងចូលមកដល់នាពេលឆាប់ៗខាងមុខ ផងដែរ៕