កម្ពុជារួមសហការជាមួយមូលនិធិវិនិយោគអាកាសធាតុ និង ADB រៀបចំនូវកម្មវិធីផ្លាស់ប្តូរចំណេះដឹង ដើម្បីឈានទៅសម្រេចបាននូវភាពធន់នឹងការប្រែប្រួលអាកាសធាតុ 

 រាជរដ្ឋាភិបាលកម្ពុជា រួមសហការជាមួយមូលនិធិវិនិយោគអាកាសធាតុ និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានរៀបចំនូវកម្មវិធីផ្លាស់ប្តូរចំណេះដឹង ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដើម្បីចែករំលែកចំណេះដឹង, បទពិសោធន៍, មេរៀន និងមតិយោបល់ សំដៅចូលរួមដោះស្រាយបញ្ហាប្រឈមនៃការប្រែប្រួលអាកាសធាតុនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលបាននិងកំពុងក្លាយជាបញ្ហាស្មុគស្មាញមួយ នាយុគសម័យថ្មីនេះ ដើម្បីឈានទៅសម្រេចបាននូវភាពធន់នឹងការប្រែប្រួលអាកាសធាតុ។

ពិធីបើកកម្មវិធីផ្លាស់ប្តូរចំណេះដឹង ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដោយបានធ្វើជាតំណាងរាជរដ្ឋាភិបាលកម្ពុជា និងជាអធិបតី ក្នុងពិធីបើក «កម្មវិធីផ្លាស់ប្តូរចំណេះដឹង ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។  ដោយមានការចូលរួមតំណាងប្រទេសទាំង ១៤ នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក, ក៏ដូចជា ជាតំណាងក្រសួង-ស្ថាប័ន, ដៃគូអភិវឌ្ឍន៍, គ្រឹះស្ថានឧត្តមសិក្សា, ស្ថាប័នស្រាវជ្រាវ និងវិស័យឯកជននៅក្នុងព្រះរាជាណាចក្រកម្ពុជា, ព្រមទាំងតំណាងសហគមន៍ជនជាតិដើមភាគតិច និងក្រុមសហគមន៍មូលដ្ឋានពីតាមប្រទេសនានា ជាសមាជិកនៃមូលនិធិវិនិយោគអាកាសធាតុ។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា ការប្រែប្រួលអាកាសធាតុ គឺជាបញ្ហារួមរបស់ពិភពលោកទាំងមូល ដែលទាមទារឱ្យយើងទាំងអស់គ្នា ចូលរួមចាត់វិធានការដោះស្រាយប្រកបដោយការទទួលខុសត្រូវ និងការប្តេជ្ញាចិត្តខ្ពស់ ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ តាមរយៈការកសាងភាពធន់ និងការបន្សំខ្លួនឱ្យបានកាន់តែប្រសើរ។ ការប្រែប្រួលអាកាសធាតុ មិនត្រឹមតែបានបង្កឱ្យភពផែនដីឡើងកម្ដៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង បានបង្កឱ្យមានគ្រោះមហន្តរាយធម្មជាតិ កាន់តែញឹកញាប់ និងមានសភាពកាន់តែធ្ងន់ធ្ងរទៅៗ ។ 

អគ្គបណ្ឌិតសភាចារ្យ បន្តថា អាស៊ី ដែលមានប្រជាជនប្រមាណ ៦០% នៃប្រជាជនសរុបលើពិភពលោក ស្ថិតក្នុងចំណោមតំបន់ដែលងាយរងគ្រោះជាងគេ ដោយសារការប្រែប្រួលអាកាសធាតុ។ ជាក់ស្តែង កាលពីឆ្នាំ២០២២ ក្នុងតំបន់អាស៊ី គ្រោះធម្មជាតិ បានបំផ្លិចបំផ្លាញលំនៅដ្ឋានរបស់ប្រជាជនប្រមាណជាង ៥០លាននាក់ និងបង្កឱ្យមានការខាតបង់សេដ្ឋកិច្ចរហូតដល់ប្រមាណ ៨០ពាន់លានដុល្លារអាមេរិក។ ការណ៍នេះ សបញ្ជាក់ច្បាស់ អំពីភាពធ្ងន់ធ្ងរ និងភាពងាយរងគ្រោះ ដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ។ ជាងនេះទៀត ការឡើងកម្ដៅនៃភពផែនដី ក៏កំពុងតែដាក់សម្ពាធកាន់តែធ្ងន់លើការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការការពារបរិស្ថានរបស់យើងផងដែរ។

អគ្គបណ្ឌិតសភាចារ្យ គូសបញ្ជាក់ថា បញ្ហាប្រឈមទាំងនេះ បាននិងកំពុងគម្រាមកំហែងដល់កាលានុវត្តភាព ក្នុងការធានាបាននូវពិភពលោកមួយដែលគួរឱ្យចង់រស់នៅ សម្រាប់យើងទាំងអស់គ្នា ជាពិសេសសម្រាប់មនុស្សជំនាន់ក្រោយទៀត និងម្យ៉ាងទៀត គឺជាសារដាស់តឿនដល់ថ្នាក់ដឹកនាំនៅទូទាំងសកលលោក អំពីភាពចាំបាច់ និងភាពបន្ទាន់ ក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនេះ ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពខ្ពស់។ អគ្គបណ្ឌិតសភាចារ្យសម្តែងនូវការគាំទ្រ និងការសាទរចំពោះ «មូលនិធិវិនិយោគអាកាសធាតុ ដែលបានគិតគូរម៉ត់ចត់លើបញ្ហានេះ ដោយបានផ្តួចផ្តើម និងសហការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាល កម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី ក្នុងការរៀបចំកម្មវិធីផ្លាស់ប្តូរចំណេះដឹង ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក នេះឡើង នៅក្នុងព្រះរាជាណាចក្រកម្ពុជា ពោលគឺ ការគិតគូររៀបចំនេះ ពិតជាសមស្រប, ទាន់ពេល និងចំទិសដៅ។ 

អគ្គបណ្ឌិតសភាចារ្យ បានបន្ថែមថា មូលនិធីវិនិយោគអាកាសធាតុ ក៏បាននិងកំពុងគាំទ្រលើការពង្រឹងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ក្នុងទំហំហិរញ្ញប្បទានសរុបប្រមាណ ១១.៥ពាន់លានដុល្លារអាម៉េរិក និងមានសក្តានុពល ក្នុងការទាក់ទាញធនធានបន្ថែមប្រមាណ ៦៣ពាន់លានដុល្លារអាមេរិក ក្រោមទម្រង់ជាសហហិរញ្ញប្បទាន ដើម្បីជំរុញការអភិវឌ្ឍសំដៅឈានទៅរកភាពធន់នឹងការប្រែប្រួលអាកាសធាតុ នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ប្រកបដោយប្រសិទ្ធភាព។

លើសពីនេះទៀត កម្ពុជាក៏បានធ្វើការប្តេជ្ញាចិត្តខ្ពស់ប្រកបដោយមហិច្ឆតា ក្នុងការចូលរួមទប់ស្កាត់បញ្ហានៃការប្រែប្រួលអាកាសធាតុ ដូចបានគូសរំលេចនៅក្នុងឯកសារការរួមចំណែករបស់ជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ និងយុទ្ធសាស្ត្ររយៈពេលវែងសម្រាប់អព្យាក្រឹតភាពកាបូន ដើម្បីសម្រេចបាននូវអព្យាក្រឹតភាពកាបូននៅឆ្នាំ២០៥០។ ជាមួយគ្នានេះ ក្នុងសេចក្តីព្រាងក្របខណ្ឌគោលនយោបាយហិរញ្ញប្បទានជាតិ ដែលត្រូវបានគាំទ្រ និងចូលរួមសហការរៀបចំដោយកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ កម្ពុជាក៏បាននិង កំពុងរៀបចំក្របខណ្ឌហិរញ្ញប្បទានការពារហានិភ័យពីគ្រោះមហន្តរាយ និងការប្រែប្រួលអាកាសធាតុឱ្យកាន់តែទូលំទូលាយជាងមុនផងដែរ៕