រួមគ្នាដើម្បីអនាគតដ៏ប្រសើរ បានលើកជាប្រធានបទ ក្នុងកម្មពិធីអបអរសាទរ ទិវាសង្គមកិច្ចពិភពលោក លើកទី១៦ ដែលរៀបចំឡើងដោយ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

នៅទីស្តីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានរៀបចំពិធីអបអរសាទរ ទិវាសង្គមកិច្ចពិភពលោកលើកទី១៦ ក្រោមប្រធានបទ រួមគ្នាដើម្បីអនាគតដ៏ប្រសើរ ដោយសហការជាមួយអង្គការដៃគូ សមាគមអ្នកវិជ្ជាជីវៈសង្គមកិច្ច គ្រឹះស្ថានអប់រំ និងអ្នកពាក់ព័ន្ធនានា។

សម្រាប់ឆ្នាំ២០២៤នេះ ទិវាសង្គមកិច្ចពិភពលោក ប្រព្រឹត្តទៅក្រោមប្រធានបទ រួមគ្នាដើម្បីអនាគតដ៏ប្រសើរ ដែលប្រកាសឱ្យប្រើប្រាស់ដោយ សមាគមសាលាសង្គមកិច្ចអន្តរជាតិ ក្រុមប្រឹក្សាសុខុមាលភាពសង្គមអន្តរជាតិ និងសហព័ន្ធអ្នកសង្គមកិច្ចអន្តរជាតិ បានសង្កត់ធ្ងន់ពីលទ្ធភាពដែលវិជ្ជាជីវៈសង្គមកិច្ច អាចប្រកាន់យកនូវគោលការណ៍ “ប្វេនវីវៀ Buen Vivir” មានន័យថា សុខុមាលភាពពិតប្រាក គឺអាចសម្រេចបាន លុះត្រាតែសហគមន៍មួយ រស់នៅដោយសុខដុមនីយកម្មជាមួយធម្មជាតិ និងការងាររួមគ្នា ក្នុងការសម្រេចបាននូវការអភិវឌ្ឍន៍ប្រកបដោយតុល្យភាព តាមប្រសាសន៏ ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។  

ឯកឧត្តម រដ្ឋមន្ត្រី បានឲ្យដឹងទៀតថា ការរៀបចំទិវាសង្គមកិច្ចពិភពលោកនេះឡើង ក្នុងគោលបំណងដើម្បីជំរុញ និងលើកកម្ពស់ការងារសង្គមកិច្ច និងការអភិវឌ្ឍន៍កម្លាំងសេវាសង្គម សំដៅឱ្យការផ្តល់សេវាកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល ស្របតាមបរិបទ នៃការរីកចម្រើនគ្រប់វិស័យ ដែលជាផលនៃសន្តិភាព ជាពិសេសចង់បញ្ជាក់ពីសមិទ្ធផល នៃការងារសង្គមដែលបានរួមចំណែក ធ្វើឱ្យសេវាសង្គមកាន់តែប្រសើរឡើង ការការពារយុត្តិធម៌សង្គម ការអភិវឌ្ឍសង្គមនិងសិទ្ធិមនុស្ស ដែលបានឆ្លើយតបទៅនិងតម្រូវការជាក់ស្ដែង របស់ជនរងគ្រោះនិងងាយរងគ្រោះ។

ឯកឧត្តម ជា សុមេធី បានបញ្ជាក់ដែលថា វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បាននិងកំពុងបោះជំហានទៅមុខគួរឱ្យកត់សម្គាល់ និងទទួលបាននូវសមិទ្ធផលថ្មីៗជាច្រើន តាមរយៈការអនុវត្តគោលនយោបាយកម្មវិធីជាតិ ជាពិសេសក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម សំដៅបង្កើតនូវសេវាសាធារណៈ ដើម្បីជួយដល់ជនរងគ្រោះ និងក្រុមជនងាយរងគ្រោះក្នុងសង្គម និងការបង្កើតរបបសន្តិសុខសង្គម សម្រាប់អតីតមន្រ្តីរាជការស៊ីវិល អតីតយុទ្ធជន និងជំនួយសង្គមសម្រាប់ ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ដែលសមិទ្ធផលទាំងនេះ ពិតជាមិនអាចកាត់ផ្តាច់ ពីការរួមចំណែករបស់មន្រ្តីជំនាញ ស្ថាប័នពាក់ព័ន្ធ ពិសេសកម្លាំងសេវាសង្គម ក្នុងការសហការ និងការបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ ជាពិសេសដើម្បីអនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញក្នុងពិធីបិទសន្និបាតរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ។ 

ទិវាសង្គមកិច្ចពិភពលោក លើកទី១៦នេះ ដាក់ចេញនូវទិសដៅការងារចំពោះមុខមានដូច អង្គភាពចំណុះក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងអ្នកពាក់ព័ន្ធ ត្រូវសហការនិងពន្លឿនការអនុវត្ត អនុសាសន៍ទី១៤ របស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី លើការងារបណ្តុះបណ្តាលពង្រឹងសមត្ថភាព មន្ត្រីគ្រប់លំដាប់ថ្នាក់ បង្កើនចំនួន និងទទួលស្គាល់កម្លាំងសេវាសង្គម ព្រមជាមួយនឹងការរៀបចំផែនការ ពង្រាយកម្លាំងសេវាសង្គមទាំងនេះទាំងនៅកម្រិតថ្នាក់ជាតិ និងកម្រិតថ្នាក់ក្រោមជាតិ និងជំរុញបង្កើតគណៈវិជ្ជាជីវៈសង្គមកិច្ចដើម្បីធានាគុណភាព ការផ្តល់អាជ្ញាបណ្ណ ការទទួលស្គាល់កម្លាំងសេវាសង្គម និងការការពារហានិភ័យវិជ្ជាជីវៈដែលអាចកើតឡើងចំពោះអ្នកផ្តល់សេវាសង្គម និងអតិថិជនឱ្យបានឆាប់រហ័ស និងទទួលបានជោគជ័យ, ត្រូវរៀបចំផែនការសកម្មភាព និងផែនការថវិកាសមិទ្ធកម្មប្រចាំឆ្នាំ ដើម្បីអនុវត្តផែនការយុទ្ធសាស្រ្តស្តីពីកម្លាំងសេវាសង្គមនៅកម្ពុជាឆ្នាំ២០២២-២០៣១ និងផែនយុទ្ធសាស្រ្ត ដើម្បីបណ្តុះបណ្តាលកម្លាំងសេវាសង្គម “ផ្តោតលើកិច្ចការពារកុមារ” ២០២១-២០២៥, ត្រូវរៀបចំសេចក្តីព្រាងអនុក្រឹត្យ ស្តីពី ទិវាជាតិសង្គម ដើម្បីស្នើសុំការឯកភាពពីរាជរដ្ឋាភិបាល, បន្តរៀបចំទិវាសង្គមកិច្ចពិភពលោកប្រចាំឆ្នាំ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីការងារសង្គមកិច្ច និងតួនាទីរបស់កម្លាំងសេវាសង្គម, ត្រូវបង្កើតឱ្យមានវេទិកាពិភាក្សាចែករំលែកបទពិសោធន៍អំពីការងារសង្គមកិច្ច និងផលិតឧបករណ៍ផ្សព្វផ្សាយ អំពីការងារសង្គមកិច្ច និងតួនាទីរបស់កម្លាំងសេវាសង្គម។