ឯកឧត្តម សុខុម រិទ្ធីវុធ អញ្ជើញបើកវគ្គបណ្តុះបណ្តាល ស្តីពី បរិវត្តកម្មឌីជីថលក្នុងវិស័យវិស្វកម្ម

ការធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យវិស្វកម្ម គឺជាការចាប់យក និងការទាញយកផលប្រយោជន៍ ជាអតិបរមាពីការរីកចម្រើន នៃបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងបច្ចេកវិទ្យាឌីជីថល ដើម្បី បង្កើនផលិតភាព និងប្រសិទ្ធភាពផ្នែកវិស្វកម្ម និងកសាងសង្គមស៊ីវិល័យ ដែលវិស្វករអាច ទទួលបាននូវផលប្រយោជន៍ពីការប្រើប្រាស់សេវាឌីជីថលប្រកបដោយបរិយាបន្ន ភាពជឿ ទុកចិត្តបាន និងសុវត្ថិភាពខ្ពស់ ហើយក្នុងពេលដំណាលគ្នានេះក៏រក្សាឱ្យបាននូវអត្តសញ្ញាណ និង វប្បធម៌ជាតិផងដែរ នេះជាការលើកឡើងរបស់ ឯកឧត្តម សុខុម រិទ្ធីវុធ ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “បរិវត្តកម្មឌីជីថលក្នុងវិស័យវិស្វកម្ម (Digital Transformation in Engineering)” នាពេលព្រឹកមិញនេះ ស្ថិតនៅសាលសន្និសិទអាគារនវានុវត្តន៍នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ឯកឧត្តម សុខុម រិទ្ធីវុធ អគ្គលេខាធិការគណៈវិស្វករកម្ពុជា មានប្រសាសន៍ថា គណៈវិស្វករកម្ពុជា គឺជាអាជ្ញាធរវិជ្ជាជីវៈវិស្វកម្មជាតិ ត្រូវបានបង្កើតឡើងស្រប ទៅនឹងការវិវត្តន៍នៃសង្គមសេដ្ឋកិច្ច និងកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើសេវា វិស្វកម្មឆ្លងដែនក្នុងតំបន់អាស៊ាន ក្នុងគោលបំណងប្រមូលផ្ដុំធនធានបញ្ញវន្តវិស្វករជាតិចុះបញ្ជី គ្រប់គ្រង និងការអភិវឌ្ឍសមត្ថភាពប្រតិបត្តិវិជ្ជាជីវៈ ដើម្បីធានាឱ្យការប្រកបវិជ្ជាជីវៈវិស្វកម្ម មានគុណភាព ប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ រួមទាំងការបង្កលក្ខណៈល្អសម្រាប់ សមារណកម្មសេវាវិស្វកម្មក្នុងតំបន់អាស៊ាន ដែលជាផ្នែកមួយដ៏សំខាន់នៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ចសម័យថ្មី។ ឯកឧត្តម អគ្គលេខាធិការគណៈវិស្វករកម្ពុជា បានបន្តថា រាជរដ្ឋាភិបាលកម្ពុជាផ្ដល់អាទិភាពខ្ពស់ ចំពោះការអភិវឌ្ឍមូលធនមនុស្ស លើមុខជំនាញវិទ្យាសាស្ត្រ បច្ចេកវិទ្យា ពង្រឹងការស្រាវជ្រាវ និងកាអភិវឌ្ឍគ្រាប់ពូជមូលធនមនុស្ស ក្នុងនោះធនធានបញ្ញវន្តវិស្វកម្ម ជាមូលធនមនុស្សដ៏មានសក្តានុពល និងជាកំលាំងចលករ មិនអាចខ្វះបាន ក្នុងការរួមចំណែកអភិវឌ្ឍន៍ប្រទេសប្រកបដោយចិរភាព។ ឯកឧត្តម សុខុម រិទ្ធីវុធ បានបញ្ជាក់ថា ដើម្បីសម្រេចបាននូវគោលបំណងក្នុងការអភិវឌ្ឍសមត្ថភាពប្រតិបត្តិវិជ្ជាជីវៈដល់វិស្វករចុះបញ្ជី ថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គលេខាធិការដ្ឋានគណៈវិស្វករកម្ពុជា ខិតខំបន្តស្វះស្វែងរកដៃគូរអភិវឌ្ឍន៍ និងវាគ្មិនមានជំនាញ និងបទពិសោធន៍ល្អៗ ទាក់ទងនឹងកិច្ចប្រតិបត្តិការវិជ្ជាជីវៈ មកផ្ដល់បទអន្តរាគមន៍។ ក្នុងយុគសម័យបច្ចេកវិទ្យាទំនើបនេះ ការបណ្តុះបណ្តាលបង្កើន សមត្ថភាពប្រតិបត្តិជំនាញវិជ្ជាជីវៈដល់វិស្វករ ជាកត្តាសំខាន់បំផុតមិនអាចខ្វះបាន ដើម្បីដើរឱ្យ ទាន់បច្ចេកវិទ្យាទំនើប និងចូលរួមបង្កើតគំនិតថ្មីៗ និងទាញយកអត្ថប្រយោជន៍ពីបច្ចេកវិទ្យា ទំនើបទាំងនោះ រួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិ។
ថ្លែងក្នុងសិក្ខាសាលានេះដែរ លោកជំទាវ ខ្វៃ សុភាព អគ្គលេខាធិការរងគណៈវិស្វករកម្ពុជា ទទួលបន្ទុកផ្នែកអប់រំ បានអោយដឹងថា ឆ្នាំ២០២៤នេះដើម្បីចូលរួមចំណែកលើកកម្ពស់ដល់សាធារណជនឱ្យយល់ដឹងពីចក្ខុវិស័យ និង យុទ្ធសាស្ត្រអភិវឌ្ឍ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍របស់រាជរដ្ឋាភិបាល ព្រមទាំងការបណ្តុះបណ្តាលប្រកបដោយ ប្រសិទ្ធិភាព គណ:វិស្វករកម្ពុជា បានជ្រើសរើសយកប្រធានបទ «បរិវត្តកម្មឌីជីថលក្នុងវិស័យវិស្វកម្ម (Digital Transformation in Engineering)» មកធ្វើជាប្រធានបទនាពេលនេះ ក្នុងគោលបំណងចែករំលែកនូវបទពិសោធន៍ថ្មីៗ និងជាជំនួយដើម្បីបង្កើន សមត្ថភាព ជំនាញ ជូនវិស្វករជាតិ អំពីការប្រើប្រាស់ បច្ចេកវិទ្យា ដើម្បីអភិវឌ្ឍន៍មុខជំនាញ ការគ្រប់គ្រង ការងារ និងបរិស្ថានក្នុងបរិបទ ការផ្លាស់ប្ដូរឌីជីថល និងការអភិវឌ្ឍន៍ទេពកោសល្យ ជាពិសេសការចែករំលែកបទពិសោធន៍ ប្រកបដោយឧត្តមានុវត្តន៍ពីបណ្តាវាគ្មិន ដែលមានជំនាញច្បាស់លាស់ ដើម្បីទទួលបាននូវបច្ចេកវិទ្យាថ្មី និងអនាគត ព្រមទាំងមានឥទ្ធិពលយ៉ាងខ្លាំង សម្រាប់ប្រជាជនកម្ពុជា ក៏ដូចជា ការប្រកួតប្រជែងសេដ្ឋកិច្ច និង ពាណិជ្ជកម្ម ក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិ រួមជាមួយគ្នានេះគណៈវិស្វករកម្ពុជា ក៏បានចូលរួម ចំណែកនូវការលើកកម្ពស់ ក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលដើម្បីជម្រុញកំណើនសេដ្ឋកិច្ច និងការ អភិវឌ្ឍសង្គម ប្រកបដោយសក្តានុពលភាពស្របតាមប្រធានបទក្នុងខួបលើកទី១១៣ ទិវាអន្តរជាតិនារី ឆ្នាំ២០២៤ ក្នុងបដិវត្តកម្មឌីជីថល ក្នុងគោលបំណងរំលេចពីសក្តានុពល លើកកម្ពស់ការចូលរួមរបស់ស្ត្រី និងក្មេងស្រីនៅក្នុងវិស័យឌីជីថល ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព ឆ្លើយតបនឹងបរិបទនៃការវិវត្តរបស់សង្គមនៅក្នុងយុគសម័យឌីជីថលផងដែរ៕