កិច្ចប្រជុំស្តីពីការណែនាំតួនាទីភារកិច្ចរបស់ គណៈកម្មការ និងអនុគណៈកម្មការនានា សម្រាប់ការប្រឡងថ្នាក់ជាតិជ្រើសរើសនិស្សិតចូលរៀន កម្រិតបរិញ្ញាបត្ររង តាមគ្រឹះស្ថានបណ្តុះបណ្តាលវិស័យសុខាភិបាល ឆ្នាំ២០២៣-២០២៤

គណៈកម្មាធិការប្រឡងថ្នាក់ជាតិ បានរៀបចំកិច្ចប្រជុំស្តីពីការណែនាំតួនាទីភារកិច្ចរបស់ គណៈកម្មការ និងអនុគណៈកម្មការនានា សម្រាប់ការប្រឡងថ្នាក់ជាតិជ្រើសរើសនិស្សិតចូលរៀន ថ្នាក់ឆ្នាំទី១ សម្រាប់កម្រិតបរិញ្ញាបត្ររង នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលវិស័យសុខាភិបាល ឆ្នាំសិក្សា២០២៣-២០២៤ ដែលបានរៀបចំនៅវិទ្យាស្ថានជាតិអប់រំ ក្រោមវត្តមានឯកឧត្ដម សុក ផេង ប្រធានគណ:កម្មាធិការប្រឡងថ្នាក់ជាតិសម្រាប់ការបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល។

ការប្រឡងថ្នាក់ជាតិជ្រើសរើសនិស្សិតចូលរៀននេះ រៀបចំឡើងក្នុងគោលបំណងដើម្បីជ្រើសរើស និស្សិតពូកែ មានសមត្ថភាពខ្ពស់ចូលរៀនក្នុងវិស័យសុខាភិបាល ដើម្បីរួមចំណែកផលិតធនធានមនុស្ស ក្នុងវិស័យសុខាភិបាលប្រកបសមត្ថភាព និងគុណភាពខ្ពស់។ នេះបើតាមរបាយការណ៍របស់គណៈកម្មាធិការប្រឡងថ្នាក់ជាតិបានឲដឹងថា ការប្រឡងថ្នាក់ជាតិជ្រើសរើសនិស្សិតចូលរៀនថ្នាក់ឆ្នាំសិក្សា មូលដ្ឋានសម្រាប់កម្រិតបរិញ្ញាបត្រ និងថ្នាក់ឆ្នាំទី១ សម្រាប់កម្រិតបរិញ្ញាបត្ររង នៅតាមគ្រឹះស្ថានបណ្តុះ បណ្តាលក្នុងវិស័យសុខាភិបាល ឆ្នាំសិក្សា២០២៣-២០២៤ មានបេក្ខជនចំនួន៦ ៣១១នាក់ បានដាក់ ពាក្យចូលរួមប្រឡង ក្រោយពីមានពិនិត្យលើឯកសារពាក្យសុំរបស់បេក្ខជន គណៈកម្មាធិការប្រឡងថ្នាក់ ជាតិសម្រេចឲ្យបេក្ខជនចំនួន៦០៦៩នាក់ អាចមានសិទ្ធចូលរួមប្រឡងបាន។
សូមបញ្ជក់ថា ថ្នាក់ដឹកនាំ និងមន្ត្រីមកពីទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងសុខាភិបាល ក្រសួងអប់រំ យុវជន និង កីឡា គ្រប់គ្រឹះស្ថានបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាលទាំងសាធារណៈ និងឯកជនត្រូវបានចាត់តាំង ចូលរួមក្នុងគណៈកម្មការ និងអនុគណៈកម្មការនានា សរុបចំនួន១២៧០នាក់ សម្រាប់គ្រប់គ្រង និង ដំណើរការប្រឡងសំណេរកំណែ និងប្រកាសលទ្ធផល ហើយការប្រឡងនេះក៏មានការចូលរួមសង្កេតការណ៍ពី អង្គភាពប្រឆាំងអំពើពុករលួយផងដែរ។

ឆ្លៀតក្នុងឲកាសនេះឯកឧត្ដម សុក ផេង ប្រធានគណ:កម្មាធិការប្រឡងថ្នាក់ជាតិសម្រាប់ការបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល បានសំណូមពរដល់ថ្នាក់ដឹកនាំ និងមន្ត្រីមកពីទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងសុខាភិបាល ក្រសួងអប់រំ យុវជន និង កីឡា គ្រប់គ្រឹះស្ថានបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាលទាំងអស់ សូមមានការយកចិត្តទុកដាក់ខ្ពស់ ក្នុងការប្រទ្បងនេះ ដើម្បីឲមានតម្លាភាពត្រឹមត្រូវ ក្រោមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា “អ្នកចេះគឺជាប់”។

សូមជម្រាបជូនថាការប្រឡងថ្នាក់ជាតិជ្រើសរើសនិស្សិតចូលរៀន កម្រិតបរិញ្ញាបត្ររង តាមគ្រឹះស្ថានបណ្តុះបណ្តាលវិស័យសុខាភិបាល ឆ្នាំ២០២៣-២០២៤ និងប្រព្រឹត្តិទៅនៅថ្ងៃទី ៣០មីនា ឆ្នាំ២០២៤ ខាងមុខនេះ៕