ឧត្តមសេនីយ៍ឯក លឹម តុងហួត សំណូមពរដល់វិស័យអប់រំ ខណ្ឌទាំង១៤ ឱ្យបង្កេីនការងារផ្សព្វផ្សាយ អប់រំពីបញ្ហាគ្រឿងញៀននិងបារីអេឡិចត្រូនិក ។

រាជធានីភ្នំពេញ៖ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណ: នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានសំណូមពរបែបនេះក្នុងសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលនៃការសិក្សាស្រាវជ្រាវស្តីពីការបង្ការទប់ស្កាត់ហានិភ័យយុវជនពីបារីអេឡិចត្រូនិកក្នុងចំណោមយុវជន នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នៅសាលប្រជុំអាគាររដ្ឋបាលថ្មីចៅពញ្ញាហុកជាន់ទី១ អ្នកដែលមានសមាសភាពមកពីការិយាល័យអប់រំ អនុវិទ្យាល័យ វិទ្យាល័យក្នុងខណ្ឌទាំង១៤ចូលរួមចំនួន៩៩នាក់។

គោលបំណងសិក្ខាសាលាគឺផ្សព្វផ្សាយលទ្ធផលសិក្សាស្រាវជ្រាវស្តីពីស្ថានភាព ចរាចរ ការពិភាក្សាស្វែងរកយន្តការបង្ការទប់ស្កាត់ហានិភ័យផ្នែកសុខភាពសិក្សារបស់យុវជនបង្កដោយការប្រើប្រាស់និងចែកចាយបាវីអេឡិចត្រូនិកក្នុងចំណោមយុវជន។

លោក លី សុខា អនុប្រធាននាយកដ្ឋាននីតិកម្មមានការរាលដាលដល់ជនបទតាមលទ្ធផលបង្ហាញថាសំណាកសរុប១៣១៧សំណាកនៅរាជធានីភ្នំពេញ កំពង់ចាម សៀមរាប និងខេត្តបាត់ដំបងគឺមានមុខរបរជាសិស្ស និស្សិតមានអាយុ១៥ទៅ៣៥ឆ្នាំប្រើប្រាស់ច្រើនជាងគេ៧៥ភាគរយ ទីកន្លែងប្រើប្រាស់នៅតាមហាងកាហ្វេភោជនីយដ្ឋានច្រើនជាងគេចន្លោះ៥៦ទៅ៦៩ភាគរយនិងរកទិញបានច្រើនជាងគេតាមអនឡាញ៨២ភាគរយ។

វេជ្ជបណ្ឌិត មុំ គង់ ប្រធានអង្គការចលនាដើម្បីសុខភាព បានបង្ហាញពីផលប៉ះពាល់បង្កដោយបារីអេឡិចត្រូនិក សារធាតុបង្កគ្រោះថ្នាក់ យ៉ាងតិច៣១ប្រភេទញៀនខ្លាំង ពិបាកក្នុងការផ្តាច់បង្អាក់ការវិវឌ្ឍរបស់ខួរក្បាលដែលមិនអាចវិលវិញបានទេ អាចខូចខួរក្បាលជាអចិន្ត្រៃយ៍ របួសសួត  (ក្អក ចុកទ្រូង ដកដង្ហើមខ្លី ហត់) បេះដូង តម្រង់នោម ថ្លើម និងជាច្រកទ្វារទៅកាន់ការប្រើប្រាស់គ្រឿងញៀន ។

ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណ: នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានសំណូមពរដល់គ្រប់សមាសភាពទាំងអស់ពិសេសវិស័យអប់រំ ក្នុងខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញបង្កេីនការងារផ្សព្វផ្សាយ អប់រំ សហការល្អជាមួយក្រុមគ្រួសារ ដេីម្បីបង្ការ ទប់ស្កាត់ និងដោះស្រាយបញ្ហាគ្រឿងញៀននិងបារីអេឡិចត្រូនិក ។

ថ្លែងក្នុងនាមឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ក្នុងឱកាសនោះ លោកជំទាវបណ្ឌិតសឿ សុជាតា អនុរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់អ្នកពាក់ព័ន្ធទាំងអស់ដែលបានរួមគ្នារួមគ្នាអនុវត្តការងារបានល្អ និងបានបញ្ចាក់ថាការរីករាលដាលដល់ទីជនបទនូវបញ្ហាគ្រឿងញៀននិងបារីអេឡិចត្រូនិកគឺជាបញ្ហាគួរឱ្យព្រួយបារម្ភដែលតម្រូវឱ្យយើងដាច់ខាតត្រូវតែរួមគ្នាប្រយុទ្ធប្រឆាំងកុំឱ្យបាត់បង់នូវសម្បទាទាំង៥ មានចំណេះដឹងសម្បទា បំណិនសម្បទាកាយសម្បទា ចរិយាសម្បទា ស្មារតីស្នេហាជាតិសម្បទា ដើម្បីការពារបាននូវធនធានមនុស្សជាទំពាំងស្នងឬស្សីរបស់ប្រទេសជាតិ។