ឯកឧត្តម ទេសរដ្ឋមន្ត្រី កែវ រ៉េមី ជាប់ឆ្នោតជា ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF អាណត្តិថ្មី

ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា អាណត្តិចាស់ បានបន្តជាប់ឆ្នោត ជាប្រធានសហព័ន្ធ អាណត្តិថ្មីទី៧ ពីឆ្នាំ២០២៤-២០២៨។ នេះជាលទ្ធល ដែលសម្រេច ដោយការបោះឆ្នោតគាំទ្រ ដល់សមាជិកគណៈកម្មាធិការ ប្រតិបត្តិអាណត្តិថ្មី ដែលមាន ចំនួន២៩រូប នៅក្នុងមហាសន្និបាតបញ្ចប់អាណត្តិចាស់ និងបន្តអាណត្តិថ្មី កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។

ឯកឧត្តម ប៊ួនហ៊ីង សុធីយ៉ា អគ្គលេខាធិការ បានជម្រាបជូនអង្គមហាសន្និបាតអំពីសកម្មភាព អភិវឌ្ឍវិស័យកីឡាតេក្វាន់ដូ ITF កម្ពុជា ពេញមួយអាណត្តិចាស់រយៈពេល៤ឆ្នាំកន្លងទៅ ដោយលើកឡើងពីសមិទ្ធផលការងារដែលសម្រេចបានទាំងថ្នាក់ជាតិ និងអន្តរជាតិ រួមទាំងបញ្ហាប្រឈម ដែលត្រូវដោះស្រាយ និងការអភិវឌ្ឍសម្រាប់អាណត្តិថ្មី ពីឆ្នាំ២០២៤-២០២៨។ អគ្គលេខាធិការបញ្ជាក់ថា សម្រាប់ដំណើរការទ្រទ្រង់ការអភិវឌ្ឍ សហព័ន្ធតេក្វាន់ដូ ITF កម្ពុជាទទួលបានកញ្ចប់ថវិកាគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡានូវទឹកប្រាក់ប្រចាំឆ្នាំ ៨០លានរៀល សម្រាប់បែងចែកដល់ការងាររដ្ឋបាល២០% ការងារបណ្តុះបណ្តាល ៣៥% និងការងាររៀបចំការប្រកួតជើងឯកថ្នាក់ជាតិ ៤៥% ។

ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសិស្សគុនកីឡាតេក្វាន់ដូ ITF ទាំងអស់ ដែលខិតខំហ្វឹកហាត់បង្កើនគុណភាពបច្ចេកទេស ព្រមទាំងរក្សាបាននូវកិត្តិយស សេចក្តីថ្លៃថ្នូ មិនដែលបានបង្កអ្វីដែលប៉ះពាល់ដល់សង្គមជាតិនោះឡើយ ហើយអ្វីដែលពិសេស កីឡាករ កីឡាការិនីតេក្វាន់ដូ ITF ទាំងអស់ទទួលបានការកោតសរសើរពីឯកឧត្តម ប៉ុន សុខ អគ្គនាយកកីឡាថាជាកីឡាករ កីឡាការិនីគំរូផងដែរ។ ជាមួយគ្នានេះ ឯកឧត្តមប្រធានសហព័ន្ធក៏បានកោតសរសើរចំពោះគ្រូបង្វឹកនានា ដែលមានការលះបង់ខ្ពស់ ក្នុងស្មារតីសាមគ្គភាពផ្ទៃក្នុងបានយ៉ាងល្អប្រសើរ និងកក់ក្តៅបំផុត។

ឯកឧត្តម ក៏បានអរគុណ ដល់សមាជិកសហព័ន្ធ ព្រមទាំងកីឡាករ កីឡាការិនីទាំងអស់បន្តស្មារតីសាមគ្គីភាពជាមួយនឹងការប្រឹងប្រែងបន្តអភិវឌ្ឍជំនាញកីឡាមួយនេះឱ្យកាន់តែរីកចម្រើន ជាពិសេសបន្តដណ្តើមសមិទ្ធផលជាមេដាយពីការប្រកួតអន្តរជាតិនានាជាបន្តបន្ទាប់យកមកជូនជាតិផងដែរ។

សូមបញ្ចាក់ថា ចំពោះសមាជិក គណៈកម្មាធិការប្រតិបត្តិ សហព័ន្ធអាណត្តិថ្មីនេះ មានចំនួន ២៩រូប ក្នុងនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី កែវ រ៉េមី ជាប្រធានដឹកនាំ អមដោយ អនុប្រធាន៨រូប រួមមាន៖ ឯកឧត្តម ផាន់ វណ្ណរ័ត្ន អនុប្រធានទី១ ឧកញ៉ា សុខ ហុង ឯកឧត្តម សុខ ប៊ុនថា ឯកឧត្តម ជេត ជាលី ឯកឧត្តម លឹម រតនៈ ឯកឧត្តម រាជ សម្រេច លោកជំទាវ អ៊ុង ច័ន្ធសោភា និងលោកជំទាវ មិន ស្រីម៉ៃ។ ចំណែកឯកឧត្តម ប៊ួនហ៊ីង សុធីយ៉ា ជាអគ្គលេខាធិការ អមដោយអគ្គលេខាធិការរង ៥រូប និងអគ្គហេរញ្ញិក អគ្គហេរញ្ញិករង និងសមាជិក១២រូបផ្សេងទៀត៕