បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា បានរៀបចំការប្រឡងប្រជែងជ្រើសរើសសិស្សអាជ្ញាសាលា ជំនាន់ទី៣

បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា បានរៀបចំការប្រឡងប្រជែងជ្រើសរើសសិស្សអាជ្ញាសាលា ជំនាន់ទី៣ នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា
ថ្លែងក្នុងកម្មវិធីប្រឡងប្រជែងជ្រើសរើសសិស្សអាជ្ញាសាលាជំនាន់ទី៣ នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ដំណាក់កាលវិញ្ញាសាសរសេរ សម័យប្រឡង ថ្ងៃសៅរ៍ ទី២៣ ខែមីនា ឆ្នាំ២០២៤ មណ្ឌលប្រឡង “បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា” ដែលស្ថិតនៅមហាវិថីឈ្នះ ឈ្នះ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានមានប្រសាសន៍ថា ចំពោះការប្រឡងនេះគឺបេក្ខជនទាំងអស់ ត្រូវប្រឹងប្រែងក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លូន អោយអស់ពីសមត្ថភាព ដើម្បីទទួលបាននូវជោគជ័យ ព្រោះការប្រឡងប្រជែងមិនមែនគ្រាន់តែចេះគឺជាប់នោះទេ តែអ្នកដែលចេះជាងគេទើបជាប់។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានមានប្រសាសន៍បន្តថា ចំពោះមុខវិជ្ជាដែលត្រូវប្រឡងរួមមាន៖ មុខវិជ្ជានីតិវិធីរដ្ឋប្បវេណី ,មុខវិជ្ជានីតិរដ្ឋប្បវេណី , មុខវិជ្ជានីតិព្រហ្មទណ្ឌនិងនីតិវិធីព្រហ្មទណ្ឌ ក្នុងនោះមុខវិជ្ជាដែលសំខាន់ជាងគេ គឺមុខវិជ្ជានីតិវិធីរដ្ឋប្បវេណីព្រោះវិញ្ញាសានេះ គឺជាគន្លឹះដែលអាចកំណត់ធ្លាក់ឬជាប់ ដូចនេះសូមបេក្ខជនទាំងអស់កុំអោយពេលវេលាកន្លងទៅអត់ប្រយោជន៍ និងគិតគូរឱ្យបានគ្រប់ជ្រុងជ្រោយមុននិងចាប់ផ្តើមសរសេរ ព្រោះនេះជាការប្រឡងប្រកួតប្រជែង មិនមែនគ្រាន់តែប្រឡងយកតែមួយជាប់នោះទេ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍បន្តទៀតថា គោលការណ៍ក្នុងវិស័យយុត្តិធម៌ ទាក់ទងនិងការជ្រើសរើសមន្រ្តី ក្នុងនីតិកាលថ្មីនេះ ក្រោមការដឹកនាំរបស់សម្តេច នាយករដ្ឋមន្ត្រី បានដាក់ចេញនូវគោលការណ៍ដើម្បីផ្លាស់ប្តូររបៀបរបបមួយចំនួនក្នុងការប្រឡង ហើយអ្វីដែលសំខាន់ជាងគេគឺធានាឱ្យការប្រឡងប្រព្រឹត្តទៅប្រកបដោយភាពសុក្រឹតនិងយុត្តិធម៌ ជាពិសេសអ្នកដែលមានសមត្ថភាពនិងត្រូវផ្តល់ឧិកាសដើម្បីចូលបម្រើនៅក្នុងវិស័យនេះ ដូចនេះសម្ថភាពគឺជាមូលដ្ឋានគ្រឹះនៃអ្វីៗទាំងអស់ ។ ចំពោះការប្រឡងនាពេលនេះ គឺបេក្ខជនទាំងអស់ត្រូវបង្ហាញសមត្ថភាព និងជឿជាក់លើខ្លួនអែងថា ក្នុងចំណោមបេក្ខជនជាង៣០០នាក់គឺយើងចេះជាងគេ ដូចនេះយើងត្រូវប្រកាន់ខ្ជាប់នូវការប្រុងប្រយ័ត្នព្យាយាម ធ្វើអោយដល់ទីបញ្ចប់ ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី មានប្រសាសន៍បន្តទៀតថា ក្នុងការប្រឡងនេះ ក៍មានអង្គភាពប្រឆាំងអំពើពុករលួយផងដែរ ដែលវត្តមានពួកគាត់នាពេលនេះ គឺដើម្បីធានាបានថាកិច្ចដំណើរការប្រព្រឹត្តទៅគឺស្របតាមច្បាប់បញ្ញតិ្តជាធរមាន និងដើម្បីអោយដំណើរការប្រឡងនេះមានតម្លាភាព មានភាពសុក្រឹត្រនិងយុត្តិធម៌ ដូច្នេះចំពោះបេក្ខជនណាដែលរកឃើញថាមានភាពមិនប្រក្រតីនៅក្នុងកិច្ចការប្រឡងនេះ និងត្រូវធ្លាក់ដោយស្វ័យប្រវត្តិ។
សូមបញ្ជាក់ថា វិជ្ជាជីវៈអាជ្ញាសាលាគឺជាវិជ្ជាជីវ:ច្បាប់មួយ ដែលមានអាជ្ញាសាលាជាមន្ត្រី អនុវត្តសេចក្តីសម្រេចតុលាការ ហើយវិជ្ជាជីវ:នេះ ត្រូវបានបង្កើតឡើងជាលើកដំបូងនៅកម្ពុជា តាំងពីឆ្នាំ១៩៣៨ មកម្ល៉េះ (ព្រះរាជក្រឹត្យចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ១៩៣៨ ស្តីពីការបង្កើត និងលក្ខន្តិក:នៃអាជ្ញាសាលា)។ ប៉ុន្តែវិជ្ជាជីវ:នេះ លែងត្រូវបានគេឲ្យអនុវត្តចាប់តាំងពីសម័យសាធារណរដ្ឋខ្មែរ ដែលធ្វើឲ្យសង្គមអ្នកច្បាប់ ក៏ដូចជាមជ្ឈដ្ឋានទូទៅនាពេលបច្ចុប្បន្នមិនស្គាល់ ឬ យល់ច្បាស់អំពីវិជ្ជាជីវៈអាជ្ញាសាលានេះនៅឡើយ។