សហព័ន្ធកីឡាទូកក្តោងកម្ពុជា អំពាវនាវដល់មហាជនមកសាកល្បងជិះទូកក្ដោងកម្សាន្តដោយឥតគិតថ្លៃ

ដើម្បីអបអរសាទរក្នុងព្រឹត្តិការណ៍បង្ហោះខ្លែងអន្តរជាតិ Sky fest 2.0 ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី៣០ និង ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ និងមានទីតាំងនៅ Bay of Lights ខេត្តព្រះសីហនុ។ សហព័ន្ធកីឡាទូកក្តោងកម្ពុជា បានសហការជាមួយតំបន់អភិវឌ្ឍន៍ Bay of lights រៀបចំការបង្ហាញអំពីការជិះទូកក្តោង ដោយក្រុមកីឡាករ កីឡាការិនី របស់សហព័ន្ធ និងការអញ្ជើញមហាជនមកសាកល្បងជិះកម្សាន្តទូកក្ដោងដោយឥតគិតថ្លៃ ដោយរួមមានការពន្យល់អំពីបច្ចេកទេសនៃការជិះទូកក្តោង ដោយគ្រូបង្វឹកជំនាញ របស់សហព័ន្ធផងដែរ។

សហព័ន្ធកីឡាទូកក្តោងកម្ពុជា នឹងត្រៀមទូកក្តោងចំនួន ៥ប្រភេទ សម្រាប់ការជិះបង្ហាញ ក៏ដូចជាដាក់អោយមហាជនជិះសាកល្បងដោយឥតគិតថ្លៃ ដែលរួមមាន ៖ ១. ទូកក្តោង Windsurfing  ២. ទូកក្តោង WindFoil ៣. ទូកក្តោង ILCA ៤. ទូកក្តោង Byte និង ៥. ទូកក្តោង Optimist ។ សូមបញ្ជាក់ផងដែលថា សម្រាប់កម្មវិធីនេះនឹងចាប់ផ្តើមនៅពេលព្រឹក វេលាម៉ោង ៩:៣០នាទី ដល់ ១១:០០នាទី និងពេលរសៀលចាប់ពីវេលាម៉ោង ១៤:០០នាទី ដល់ ១៦:៣០ នាទី។

ការបង្ហាញអំពីការជិះទូកក្តោង និងការអញ្ជើញមហាជនមកសាកល្បងជិះកម្សាន្តទូកក្ដោងដោយឥតគិតថ្លៃ គឺជាការអនុវត្តន៍តាមចក្ខុវិស័យ និងបេសកកម្មរបស់សហព័ន្ធ ដោយធ្វើយ៉ាងណាអោយប្រភេទកីឡាទូកក្តោងក្លាយទៅជាប្រភេទកីឡា ចម្បងមួយសម្រាប់ប្រជាជនកម្ពុជាទូទៅបានយល់ច្បាស់អំពីប្រភេទកីឡាទូកក្តោងនេះ ៕