ពិធីសម្ពោធពិព័រណ៍មិនអចិន្ត្រៃយ៍ស្តីពី ហូលពិតាន៖ ការវិវឌ្ឍ និង បញ្ហាប្រឈម ក្រោមអធិបតីភាពលោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ភឿង សកុណា រដ្ឋមន្ត្រីនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ

នៅល្ងាចថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ភឿង សកុណា រដ្ឋមន្ត្រីនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធបើកពិព័រណ៍មិនអចិន្ត្រៃយ៍ស្តីពី ហូលពិតាន៖ ការវិវឌ្ឍ និង បញ្ហាប្រឈម នៅសារមន្ទីរជាតិកម្ពុជា។

ហូលពិតានជាហូលដែលមានលក្ខណៈពិសេសជាងហូលដទៃទៀត ព្រោះអ្នកតម្បាញត្បាញជាខ្សែរឿងអំពីព្រះពុទ្ធសាសនា និង ជាគោមក្បាច់លម្អពិសេសៗ។ ពិព័រណ៍នេះមានគោលបំណង៖ ចែករំលែកពត៌មានបន្ថែមពីសមុច្ច័យតម្បាញហូលពិតានរបស់សារមន្ទីរ ផ្តល់សារនៃការព្រួយបារម្ភរបស់សិប្បករតម្បាញលើហានិភ័យនៃការបាត់បង់ការផលិតហូលពិតានតាមបែបប្រពៃណីខ្មែរ បង្ហាញពីបរិបទនៃការផ្លាស់ប្តូរក្នុងសង្គមខ្មែរលើតម្រូវការហូលពិតាន និងចរន្តនៃការផលិតហូលពិតានដើម្បីប្រើប្រាស់នាពេលបច្ចុប្បន្ន។ បន្ថែមពីនេះទៀត ពិព័រណ៍នេះធ្វើឡើងក៏ដើម្បីចូលរួមអបអរសាទរខួបលើកទី១០៤ឆ្នាំនៃការបង្កើតសារមន្ទីរជាតិកម្ពុជា។