ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន និងអនុប្រធានាធិបតីហ្វីលីពីន ឯកភាពគ្នាក្នុងការបន្ដពង្រឹងកិច្ចសហប្រតិបត្តិការ ពិសេសប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅរសៀលថ្ងៃទី២១ ខែមិនា ឆ្នាំ២០២៤ នេះ បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវ សារ៉ា ឌូទែរតេ (Sara Z. Duterte) អនុប្រធានាធិបតី និងជារដ្ឋមន្រ្តីអប់រំ នៃសាធារណរដ្ឋហ្វីលីពីន។ ជំនួបនេះធ្វើឡើងនៅសាលសវនាការ ឧបនាយករដ្ឋមន្ដ្រី នាអគារមិត្តភាព ទីស្តីការគណៈរដ្ឋមន្រ្តី។

ថ្លែងក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់លោកជំទាវ សារ៉ា ឌូទែរតេ (Sara Z. Duterte) និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា និងចាត់ទុកថា វត្តមានរបស់លោកស្រីនៅប្រទេសកម្ពុជានៅពេលនេះ ជាសញ្ញាណនៃការបន្ដពង្រឹងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងប្រទេសទាំងពីរកម្ពុជា-ហ្វីលីពីន លើគ្រប់វិស័យ។

ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានគូសបញ្ជាក់ដោយចាត់ទុកហ្វីលីពីនជាមិត្តដ៏ល្អ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងក្នុងតំបន់អាស៊ានផងដែរ ដែលកន្លងមកប្រទេសទាំងពីរ មានកិច្ចសហប្រតិបត្តិការដ៏ល្អលើគ្រប់វិស័យ។

ជាការឆ្លើយតបលោកជំទាវ អនុប្រធានាធិបតីហ្វីលីពីន បានថ្លែងអំណរគុណដល់ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដែលបានទទួលជួបសម្ដែងការគួរសម និងបដិសណ្ឋារកិច្ចដ៏កក់ក្ដៅនៅពេលនេះ។ លោកជំទាវបានលើកឡើងថា បេសកកម្មរបស់លោកជំទាវនៅពេលនេះក្នុងនាមជា អនុប្រធានាធិបតីផង និងរដ្ឋមន្ដ្រីក្រសួងអប់រំ ព្រមទាំងជាប្រធាននៃសមាគមអង្គការរដ្ឋមន្ដ្រីអប់រំ ប្រចាំតំបន់អាស៉ីអាគ្នេយ៍។

លោកជំទាវ សារ៉ា ឌូទែរតេ បានថ្លែងអំណរគុណចំពោះឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងវិស័យសន្ដិសុខជាតិ និងប្រឆាំងឧក្រិដ្ឋកម្មនានា ជាពិសេសជួយជ្រោមជ្រែងក្នុងការរស់នៅ និងប្រកបរបរទទួលទានរបស់ប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវទេសចរហ្វីលីពីននៅប្រទេសកម្ពុជាផងដែរ។ លើសពីនេះ បានជួយសង្គ្រោះដល់ប្រជាពលរដ្ឋហ្វីលីពីនកន្លងមក ដែលជាជនរងគ្រោះក្នុងអំពើជួញដូរមនុស្ស។

ក្នុងឱកាសនោះ លោកជំទាវ អនុប្រធានាធិបតីហ្វីលីពីន បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខថ្វាយព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា, ជូនសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា តាមរយៈលោកឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ផងដែរ ហើយលោកជំទាវបានបង្ហាញជំហរ នៃការបន្ដកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា។

ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ក៏បានផ្ដាំផ្ញើសាកសួរសុខទុក្ខជូនប្រធានាធិបតីហ្វីលីពីន ក៏ដូចជាបង្ហាញជំហរក្នុងការបន្ដពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ពោលនៅពេលបច្ចុប្បន្ននេះ ឧក្រិដ្ឋជន និងភេរវករនានា បានក្លាយទៅជាបញ្ហាសកល ដែលទាមទារឲ្យបណ្ដាប្រទេសនានាសហការគ្នាទប់ស្កាត់រាល់បទល្មើសទាំងនោះ។

ត្រង់ចំណុចនេះ លោកជំទាវ សារ៉ា ឌូទែរតេ អនុប្រធានាធិបតីហ្វីលីពីន បានគាំទ្រក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការនេះ ហើយលោកស្រីនឹងនាំនូវរាល់ការលើកឡើងរបស់ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ជូនដល់ប្រធានាធិបតីហ្វីលីពីន, រដ្ឋមន្ដ្រីក្រសួងការពារជាតិ, ក្រសួងមហាផ្ទៃ និងអគ្គស្នងការហ្វីលីពីន ក្នុងបញ្ហាទប់ស្កាត់រាល់ឧក្រិដ្ឋកម្មឆ្លងដែននេះ។

គួរជម្រាបថា ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា លោកជំទាវ សារ៉ា ឌូទែរតេ បានជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឧបនាយករដ្ឋមន្ដ្រី ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា និងសហគមន៍ពលរដ្ឋហ្វីលីពីនរបស់នៅប្រទេសកម្ពុជាផងដែរ៕