ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ពិភាក្សាការងារ ជាមួយលោកជំទាវ Hon. Sara Z. Duterte អនុប្រធានាធិបតី  រដ្ឋមន្ត្រីក្រសួងអប់រំ នៃសាធារណរដ្ឋហ្វីលីពីន និងជាប្រធានក្រុមប្រឹក្សាស៊ីមេអូ

នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបសម្ដែងការគួរសម និង
ពិភាក្សាការងារជាមួយលោកជំទាវ Hon. Sara Z. Duterte អនុប្រធានាធិបតី រដ្ឋមន្ត្រីក្រសួងអប់រំ នៃសាធារណរដ្ឋហ្វីលីពីន និងជាប្រធានក្រុមប្រឹក្សាស៊ីមេអូ ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិកាលើវិស័យអប់រំ និងពិនិត្យវឌ្ឍនភាពការងាររបស់មជ្ឈមណ្ឌលតំបន់អាស៊ីអាគ្នេយ៍សម្រាប់ការអភិវឌ្ឍអប់រំបច្ចេកទេស ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៧ នៅរាជធានីភ្នំពេញ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ការអញ្ជើញមកដល់កម្ពុជា របស់លោកជំទាវ Hon. Sara Z. Duterte អនុប្រធានាធិបតី រដ្ឋមន្ត្រីក្រសួងអប់រំ នៃសាធារណរដ្ឋហ្វីលីពីន និងជាប្រធានក្រុមប្រឹក្សាស៊ីមេអូ ដោយចាត់ទុកដំណើរទស្សនកិច្ចនេះជាការរឹតចំណងមិត្តភាពបន្ថែមមួយកម្រិតទៀតលើវិស័យអប់រំរវាងប្រទេសទាំងពីរ។

ក្នុងឱកាសជំនួបនេះ ភាគីទាំងពីរបានពិភាក្សាផ្លាស់ប្ដូរបទពិសោធន៍លើការងារអប់រំ ពិសេសផ្ដោតលើការអប់រំកុមារតូច ( Early Childhood Education) និង កម្មវិធីបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ នៅតាមវិទ្យាល័យ ដែលផ្សារភ្ជាប់ជាមួយឧត្តមសិក្សា ក្នុងភាពជាដៃគូជាមួយស្ថាប័នឯកជន ហើយឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិត សភាចារ្យឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការ គាំទ្ររបស់រដ្ឋាភិបាលសាធារណរដ្ឋហ្វីលីពីន តាមរយៈ SEAMO TED បានផ្ដល់អាហារូបករណ៍ដល់សិស្សកម្ពុជាចំនួន ៦០នាក់ ទទួលការបណ្តុះបណ្តាលផ្នែកបច្ចេកទេស និងវិជ្ចាជីវៈ ហើយសង្ឃឹមថាកិច្ចសហប្រតិបត្តិការនេះនឹងកាន់តែរីកចម្រើនជាបន្តបន្ទាប់។

ក្នុងឱកាសនេះដែរ លោកជំទាវ Hon. Sara Z. Duterte អនុប្រធានាធិបតី រដ្ឋមន្ត្រីក្រសួងអប់រំ បានសម្ដែងក្ដីរំភើបរីករាយសាទរចំពោះភាពរីកចម្រើនស្ទើរគ្រប់វិស័យនៅកម្ពុជា ពិសេសគឺ វិស័យអប់រំ ដោយបានបង្ហាញឆន្ទៈក្នុងការបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែប្រសើរឡើង និងសម្បូរបែប។

ជាកិច្ចឆ្លើយតប ឯកឧត្តមបណ្ឌិត សភាចារ្យឧបនាយករដ្ឋមន្ត្រី តាងនាមឱ្យក្រសួងអប់រំ យុវជន និងកីឡា បានសំដែងការគាំទ្រចំពោះសកម្មភាពនានារបស់មជ្ឈមណ្ឌលតំបន់អាស៊ីអាគ្នេយ៍សម្រាប់ការអភិវឌ្ឍបច្ចេទេសអប់រំ ដែលរួមចំណែកជាធាតុចូលយ៉ាងសំខាន់ក្នុងការអភិវឌ្ឍការអប់រំបច្ចេកទេសនៅកម្រិតមធ្យមសិក្សាឱ្យកាន់តែប្រសើឡើង៕