លទ្ធផលរយះពេល១សប្ដាហ៏នៃការអនុវត្តយុទ្ធនាការដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសកាប់ព្រៃទន្ទ្រានយកដីរដ្ឋ ក្នុងភូមិសាស្ត្រខេត្តពោធិសាត់

ដោយអនុវត្តតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤កន្លងមកនេះ ឯកឧត្តម នាយឧត្តមសេនីយ៏ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានចេញបទបញ្ជាឲ្យលោកឧត្តមសេនីយ៏ទោ ស សំបូរធន នាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំកម្លាំងកងអន្តរាគមន៏ប្រមាណជិត ៣០០នាក់ ជាមួយមធ្យោបាយ-គ្រឿងបំពាក់ ចេញទៅភូមិសាស្ត្រស្រុកវាលវែង ខេត្តពោធិសាត់ ដើម្បីជួយគាំទ្រទៅដល់កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តពោធិសាត់ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ជាពិសេសបទល្មើសកាប់ព្រៃទន្ទ្រានយកដីរដ្ឋធ្វើជាកម្មសិទ្ធិដែលបាន និងកំពុងកើតមានឡើងនៅក្នុងភូមិសាស្ត្រស្រុកវាលវែង និងស្រុកភ្នំក្រវ៉ាញ ខេត្តពោធិសាត់។

កម្លាំងកងអន្តរាគមន៏កងរាជអាវុធហត្ថ ក៏បានសហការជាមួយកម្លាំងនគរបាលនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីជួយគាំទ្រ និងចុះប្រតិបត្តិការនៅលើគោលដៅសំខាន់ៗចំនួន១០ក្នុងភូមិសាស្ត្រផ្សេងៗគ្នានៃស្រុកវាលវែង និងស្រុកភ្នំក្រវ៉ាញ ហើយដែលគោលដៅទាំង១០នោះមានដូចជា គោលដៅទី១(ចំណុចខ្នង ១៦ ក្នុងភូមិអូរសួស្តី ឃុំថ្មដា ស្រុកវាលវែង) គោលដៅទី២(ចំណុចជើងភ្នំប្រើស ដល់ទឹកធ្លាក់ថ្មចាំង និងចំណុចច្រកចង្អៀត ក្នុងភូមិក្រពើរពីលើ ឃុំក្រពើរពី ស្រុកវាលវែង) គោលដៅទី៣(ចំណុចអូរ១ ចំណុចអូរ២ ក្នុងភូមិអូរដីខ្មៅ ឃុំអន្លង់រាប និងចំណុចជើងភ្នំក្រឡឹង តាមជើងជញ្ជាំងភ្នំ ក្នុងភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង) គោលដៅទី៤(ចំណុចសហគមន៏ក្រាំងរងៀង ក្នុងភូមិចំការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង) គោលដៅទី៥(ចំណុចភ្នំតាងិល និងចំណុចថ្មសំលៀង ក្នុងភូមិសំឡាញ ឃុំក្រពើរពី ស្រុកវាលវែង) គោលដៅទី៦(ចំណុចជើងភ្នំខ្មោច ក្នុងភូមិចំការជ្រៃខាងត្បូង និងចំណុចជើងភ្នំ១៥០០ ចំណុច៨០ ក្នុងភូមិអូរ១៧ ឃុំអន្លង់រាប ស្រុកវាលវែង) គោលដៅទី៧(ចំណុចខាងមុខ និងចំណុចខាងក្រោយភ្នំលោកតាគ្រី ក្នុងភូមិដូននាគ ឃុំប្រម៉ោយ រហូតដល់ព្រំប្រទល់ភូមិកំប៉ង ឃុំក្រពើរពី វាលវែង) គោលដៅទី៨(ចំណុចស្រែយក្ស និងចំណុចខ្នងភ្នំព្រះអាទិត្យ ក្នុងភូមិកំប៉ង ឃុំក្រពើរពី ស្រុកវាលវែង) គោលដៅទី៩(ចំណុចម៉ុងរី ក្នុងភូមិដូងឃ្លៀង ឃុំប្រម៉ោយ និងព្រំប្រទល់ខាងស្រុកភ្នំក្រវ៉ាញ) និងគោលដៅទី១០(ចំណុចអូរទី២ អូរតាសូ ជើងភ្នំសុគុណ ក្រោយសហគមន៏ផ្ទះ១ ក្នុងភូមិស្ទឹងថ្មី ភូមិមន្ទីរពេទ្យចាស់ ភូមិផ្ចឹកជ្រុំ ភូមិឈើទាលជ្រុំ ឃុំប្រម៉ោយ ស្រុកវាលវែង)។

យុទ្ធនាការនៃការបង្ក្រាបបើគិតមកទល់ពេលនេះគឺមានរយះពេល០៩ថ្ងៃ ដោយគិតើពីថ្ងៃទី១៣-២១ ខែមិនា ឆ្នាំ២០២៤នេះ។សម្រាប់លទ្ធផលក្នុងរយះពេល០១សប្ដាហ៏កន្លងមកនេះ(ពីថ្ងៃទី១៣-១៩ ខែមីនា ឆ្នាំ២០២៤) មានដូចខាងក្រោមនេះ :
១. បានឃ្លុំដីទុកជាសម្បត្តិរដ្ឋបានចំនួន ៤.៧៤៣,៧១២ ហិកតា។
២. បានបញ្ជូនជនសង្ស័យទៅតុលាការបានចំនួន ០១នាក់។
៣. ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៤នាក់(ស្រី០២នាក់) ប្រគល់ឲ្យមន្ទីរបរិស្ថានខេត្ត។
៤. បានកសាងសំណុំរឿងបញ្ជូនទៅតុលាការចំនួន ០៣ករណី។
៥. បានកំណត់មុខសញ្ញាចំនួន ០៨នាក់ បន្តនីតិវិធីទៅតុលាការ។
៦. បានធ្វើការអប់រំ និងធ្វើកិច្ចសន្យាឲ្យវិលទៅលំនៅដ្ឋានវិញបានចំនួន ២៦នាក់។
៧. សម្ភារៈដកហូតរក្សាទុកជាវត្ថុតាង : ម៉ូតូ០៥គ្រឿង រឺម៉ក០១គ្រឿង ម៉ាសុីនត្រង់សុីន័រ០៤គ្រឿង រណារយន្ត២៣គ្រឿង ម៉ាសុីនខួងរណ្ដៅ០១គ្រឿង ម៉ាសុីនបាញ់ថ្នាំស្មៅ០៥គ្រឿង ធុងបាញ់ថ្នាំស្មៅ០២ធុង ម៉ាសុីនកាត់ស្មៅ១២គ្រឿង ផាលត្រាក់ទ័រ០៦ផាល ផ្លែរណារយន្ត០២ផ្លែ តាបឈូសឈើ០១គ្រឿង កាំភ្លើងកែឆ្នៃ០៤ដើម កាំបិត០៦ដើម ម៉ែត្រ០១ដុំ អាគុយ០៤ធុង ផាលគាស់ដំឡូង០១គ្រឿង ឧបករណ៏ឆក់ត្រី០១គ្រឿង សុីទែន ទឹក០១ ប្រគល់ឲ្យជំនាញបរិស្ថានខេត្ត។
៨. បានធ្វើការរុះរើ : ខ្ទមប្រក់ស័ង្កសី២៨ខ្ទម រោងប្រក់កៅស៊ូតង់៤២រោង រោងប្រក់ស្លឹក០៩រោង ខ្ទមបណ្ដោះអាសន្ន៣៤ខ្ទម បង្គោលរបង ឈើ១.៣៧២ដើម បន្លាលួស១.២០០ម៉ែត្រ។
៩. បានធ្វើការកាប់បំផ្លាញ ដុតចោលនៅហ្នឹងកន្លែង : រោងប្រក់កៅស៊ូតង់៦០រោង រោងប្រក់ស័ង្កសី៣៩រោង រោងប្រក់ស្លឹក២២រោង ផ្ទះប្រក់ស័ង្កសី០៤ខ្នង ផ្ទះប្រក់ស្បូវ០២ខ្នង ខ្ទមបណ្ដោះអាសន្ន១១ខ្ទម បង្គោលរបងថ្ម២០ដើម បង្គោលរបងឈើ៧៨៥ដើម ដើមត្របែក៥០ដើម ដើមមៀន២៩ដើម ដើមសាវម៉ាវ៥០ដើម ដើមល្ហុង៤០ដើម ដើមក្រូច៤៨៧ដើម ដើមចេក១.០៤១ដើម ដើមស្វាយ១០៣ដើម ដើមដូង៣៥៧ដើម ដើមម្កាក់២០ដើម ដើមខ្នុរ០៤ដើម ដើមដំឡូងមី១៦.២៣៨បាច់ និង០៥ហិកតា មើមដំឡូងមី៥០ការ៉ុង និងដំណាំចម្រុះ២៩០ដើម។

ទន្ទឹមនឹងលទ្ធផលខាងលើនេះ កម្លាំងយើងក៏បានប្រឈមនឹងបញ្ហាមួយចំនួនដូចជា អាកាសធាតុក្តៅ និងពិបាកទឹកប្រើប្រាស់នៅគោលដៅមួយចំនួន ភូមិសាស្ត្រជួបការលំបាកក្នុងការចុះប្រតិបត្តិការ ទីតាំងប្រតិបត្តិការមួយចំនួននៅមានគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ភូមិសាស្តដែលត្រូវចុះប្រតិបត្តិការមួយចំនួនមិនមានសេវាទូរសព្ទអាចទាក់ទងគ្នាបាន។