គណៈកម្មការទី៩ នៃរដ្ឋសភា អញ្ជើញចុះសិក្សាស្វែងយល់ការងារលើវិស័យទទួលខុសត្រូវរបស់ខ្លួន នៅខេត្តមណ្ឌលគិរី

នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា (គណៈកម្មការទី៩) ដឹកនាំដោយ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការ បានចុះសិក្សាស្វែងយល់ពីការងារដែលគណៈកម្មការទទួលបន្ទុក នៅខេត្តមណ្ឌលគិរី ដោយបានជួបពិភាក្សាការងារជាមួយឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ វិន សុីធួន អភិបាលខេត្តស្តីទី រួមនិងមន្ទីរអង្គភាពជុំវិញខេត្ត។

លោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា បានជម្រាបជូនកិច្ចប្រជុំថា ការចុះបំពេញបេសកកម្មនៅមូលដ្ឋានខេត្តមណ្ឌលគិរី នាពេលនេះ គឺដើម្បីជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងមន្ទីរអង្គភាពជំនាញដែលពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់គណៈកម្មការទី៩ ក្នុងគោលបំណងឈ្វេងយល់ពីកិច្ចការមួយចំនួន ពី លទ្ធផលការងារសំខាន់ៗរបស់រដ្ឋបាលខេត្តដែលសម្រេចបាន ប្រសិទ្ធភាពនៃការប្រតិបត្តិច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ដែលពាក់ព័ន្ធនឹងសមត្ថកិច្ចទទួលខុសត្រូវរបស់មន្ទីរជំនាញ តើការអនុវត្តច្បាប់ទាំងឡាយ ដែលរដ្ឋសភាបានអនុម័តរួចហើយ ជួបប្រទះនូវការលំបាក និងមានបញ្ហាប្រឈមអ្វីខ្លះ?

លោកជំទាវ និន សាផុន បានបញ្ជាក់ថា កិច្ចប្រជុំនេះមិនមែនជាការចុះមកត្រួតពិនិត្យ អធិការកិច្ច ឬសួរដេញដោលថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងមន្ទីរអង្គភាពជំនាញនោះទេ គោលបំណងសំខាន់គឺឈ្វេងយល់ ដើម្បីប្រមូលព័ត៌មាន និងបញ្ហាប្រឈមនានាក្នុងការប្រតិបត្តិច្បាប់នៅមូលដ្ឋាន ដើម្បីរួមសហការគ្នារវាងស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ ជំរុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។

ថ្នាក់ដឹកនាំរដ្ឋបាលខេត្តរួមទាំងមន្ទីរអង្គភាពជុំវិញខេត្ត បានលើកឡើងពីវឌ្ឍនភាពនានាដែលខេត្តសម្រេចបានជាពិសេសគឺផែនការសកម្មភាព និងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ។ ចំពោះវិស័យទទួលបន្ទុករបស់គណៈកម្មការទី៩ អាជ្ញាធរខេត្តក៏ដូចជាមន្ទីរអង្គភាពជំនាញពាក់ព័ន្ធបាននឹងកំពុងខិតខំប្រឹងប្រែងអនុវត្តន៍ទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាព។

លោកជំទាវ និន សាផុន ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំខេត្តគ្រប់លំដាប់ថ្នាក់ ដោយរួមទាំងមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានសហការសាមគ្គីរួមគ្នាជាធ្លុងមួយបានយ៉ាងល្អ ខិតខំយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងធនធាន យកចិត្តទុកដាក់បំពេញការងារ និងតួនាទីប្រកបដោយវិជ្ជាជីវៈ និងប្រកបដោយការទទួលខុសត្រូវខ្ពស់ រហូតឈានទៅសម្រេចបាននូវសមិទ្ធផលនានាជាច្រើនជូនប្រជាពលរដ្ឋក្នុងទូទាំងខេត្ត។

ចំពោះសំណូមពរ និងបញ្ហាប្រឈមនានាដែលខេត្តបានលើកឡើង គណៈកម្មការទី៩ នៃរដ្ឋសភា នឹងធ្វើរបាយការណ៍ជម្រាបជូនសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងជូនយោបល់ទៅក្រសួងពាក់ព័ន្ទ៕