អភិបាលខេត្តកំពត៖ មន្ត្រីជំនាញត្រូវសិក្សាស្រាវជ្រាវផ្សព្វផ្សាយបំផុសស្មារតីអភិរក្សសម្បត្តិវប្បធម៌ខ្មែរដល់យុវជនជំនាន់ក្រោយ

មានប្រសាសន៍នៅក្នុងទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤ ក្រោមប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ” ដែលបានរៀបចំធ្វើឡើងក្រោមអធិបតីភាពរបស់ ឯកឧត្តម ញ៉ូវ សាឯម ប្រធានក្រុមប្រឹក្សាខេត្ត នៅសាលបូកគោខេត្តកំពត នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានមានប្រសាសន៍ថា សម្បត្តិវប្បធម៌ អរីយធម៌ខ្មែរគឺផូរផង់ខ្ពង់ខ្ពស់ខ្លាំងណាស់ ហើយជាតិសាសន៍ណាក៏ចង់បានដែរ ដូច្នេះប្រជាពលរដ្ឋ ពិសេសយុវជនត្រូវចូលរួមថែរក្សា ឱ្យបានគង់វង្សយូរអង្វែង។ ទន្ទឹមនឹងនោះ ឯកឧត្តមអភិបាលខេត្តក៏បានធ្វើការណែនាំឱ្យមន្ត្រីជំនាញបន្តពង្រឹងការងារសិក្សាស្រាវជ្រាវ ផ្សព្វផ្សាយ សាបព្រួស បំផុសស្មារតីអភិរក្សសម្បត្តិវប្បធម៌ខ្មែរ ដល់ពលរដ្ឋ ពិសេសមនុស្សជំនាន់ក្រោយ ធ្វើយ៉ាងណាកុំឱ្យមានការបាត់បង់ ភ្លើតភ្លើនចាប់យកវប្បធម៌ជាតិសាសន៍ដ៏ទៃ ពិសេសត្រូវបង្ហាត់បង្រៀនយុវជនជំនាន់ក្រោយអោយបានយល់ពីវប្បធម៌ ប្រពៃណីជាតិខ្មែរ ហើយជំរុញឱ្យពួកគាត់បន្តផ្សព្វផ្សាយ ដើម្បីបង្ហាញពីវប្បធម៌ ប្រពៃណីជាតិខ្មែរទៅកាន់បរទេសឱ្យបានស្គាល់។

ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ លោក គង់ ផល្លា បានបញ្ជាក់ថា មន្ទីរបានបន្តការពារបុរាណស្ថាន ដែលរួមមាន៖ ប្រាសាទ សំណង់បាក់បែកនៃប្រាសាទ ស្ថានីយ៍បុរេប្រវត្តិ ទួលអង្គបុរាណ វត្តុបុរាណ ចេតិយបុរាណ ស្រះបុរាណ និងបុរាណស្ថានផ្សេងៗជាច្រើនទៀត។ ជាមួយគ្នានោះ ក្រុមការងារបានបន្តសិក្សាស្រាវជ្រាវបុរាណស្ថានថ្មីៗបន្ថែម ដើម្បីចុះបញ្ជីសារពើភណ្ឌ ស្ថានីយ៍បុរាណវិជ្ជា បានបញ្ចប់ការធ្វើផែនទីបុរាណស្ថាន និងធ្វើបច្ចុប្បន្នភាពបញ្ជីសារពើភណ្ឌបុរាណស្ថានទូទាំងខេត្តបានចំនួន ៣១៥ទីតាំង សំណង់អគារផ្ទះល្វែង ស្ពាន ឡដុតសម័យអាណានិគមបារាំង សរុបបានចំនួន ៣៩៥កន្លែង ដើម្បីបញ្ចូលទៅក្រសួងបន្ថែមទៀត។

ជាមួយគ្នានេះដែរ មន្ទីរបានបោះបង្គោលការពារបុរាណស្ថានដែលប្រឈមខ្លាំង បានចំនួន ៣ក្រុង-ស្រុក  បានកសាងសលាកបត្រស្ថានីយ៍បុរាណបាន ៤ក្រុង-ស្រុក ស្មើនឹង ៧៩បុរាណស្ថាន ទួលអង្គ៧៦ និងវត្តចំនួន៣ និងបានទទួលបានប្លង់កម្មសិទ្ធបុរាណស្ថានចំនួន ៤៣ប្លង់រឹង។ មន្ទីរក៏បានបញ្ចប់ការធ្វើបច្ចុប្បន្នភាពស្ថិតិបេតិកភណ្ឌវប្បធម៌អរូបីយ ដល់ក្រុមសិល្បៈមហាជន បានចំនួន ២២០ក្រុម ដើម្បីចុះក្នុងបញ្ជីមានដូចជា៖ ចាប៉ីដងវែង ខ្សែដៀវ ភ្លេងអារក្ខ កន្ទ្រាំមីងជាដើម ហើយមន្ទីរក៏បានបណ្តុះបណ្តាល បង្ហាត់បង្រៀនរបាំ និងតូរ្យតន្ត្រីបុរាណដល់យុវជនផងដែរ៕

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត