មន្រ្តីអាជ្ញាធរជាតិ ខេត្តក្រចេះ និងក្រសួងកិច្ចការនារី ៖ ការចូលរួមរបស់អ្នកម្តាយ បងស្រី ជាតួអង្គសំខាន់អាចជួយបង្ការទប់ស្កាត់បានការប្រើប្រាស់និងចែកចាយគ្រឿងញៀននៅសហគមន៍។

ខេត្តក្រចេះ៖ ក្នុងវេទិកាផ្សព្វផ្សាយនៅស្រុកឆ្លូង ខេត្តក្រចេះ នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ជាមួយនឹងការអញ្ជើញចូលរួមពីអាជ្ញាធរដែនដី តំណាងអង្គភាព និងអ្នកពាក់ព័ន្ធទូទាំងស្រុកឆ្លូងទាំងមន្រ្តីក្រសួងកិច្ចការនារី អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងមូលដ្ឋានសុទ្ធតែបានទទួលស្គាល់ថា “ការចូលរួមរបស់អ្នកម្តាយ បងស្រី ជាតួអង្គសំខាន់អាចជួយបង្ការទប់ស្កាត់បានការប្រើប្រាស់និងចែកចាយគ្រឿងញៀននៅសហគមន៍ ” ។

លោកស្រី គង់ លឹមហូ អភិបាលស្រុកឆ្លូង បានថ្លែងស្វាគមន៍និងរាយការណ៍ជូនពីកិច្ចខិតខំនិងបញ្ហាប្រឈមនានាក្នុងការចូលរួមអនុវត្តនូវគោលនយោបាយភូមិ ឃុំ មានសុវត្តិភាព និងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់រាជរដ្ឋាភិបាលសំដៅថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋនៅមូលដ្ឋានស្រុកឆ្លូង។

វរសេនីយ៍ឯក ស៊ាង សុភ័ក្រ ស្នងការរងទទួលការងារគ្រឿងញៀនខេត្តក្រចេះ បានសូមឱ្យគ្រប់អ្នកពាក់ព័ន្ធបន្តរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀននិងបន្តដោះស្រាយបញ្ហាប្រឈម កង្វល់ជូនប្រជាពលរដ្ឋ។

ថ្លែងក្នុងនាម ថ្នាក់ដឹកនាំ ពិសេស ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការក្នុងវេទិកាផ្សព្វផ្សាយនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណ: នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានអំណរគុណ សាទរ ដល់គ្រប់សមាសភាពនៅមូលដ្ឋានស្រុកឆ្លូងដែលបានរួមគ្នាអនុវត្តន៍តាមបទបញ្ជា លិខិតបទដ្ឋាននានាសំដៅបន្តថែរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋរស់នៅបានសុខសាន្ត និងការអភិវឌ្ឍ។

ក្នុងវេទិកានោះដែរ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានស្នើសុំឱ្យអ្នកពាក់ព័ន្ធទាំងអស់ត្រូវតែបន្តចលនាឱ្យបានផុលផុសឱ្យមានការចូលរួមឱ្យកាន់តែសកម្មបន្ថែមទៀតក្នុងបង្កាទប់ស្កាត់បញ្ហាគ្រឿងញៀនក្នុងសហគមន៍ពិសេសការចូលរួមរាយការណ៍ពីករណីសង្ស័យជាករណីគ្រឿងញៀនពីប្រជាពលរដ្ឋទូទៅក្នុងនោះគោលដៅសហការសំខាន់គឺក្រុមគ្រួសារមាន៖ ម្តាយ បងស្រីដែលពួកគាត់ជាជនដែលមានឥទ្ធិពល សំដីទូន្មានរបស់គាត់មានប្រសិទ្ធភាពចំពោះសមាជិកក្រុមគ្រួសារឆាប់ទទួលយក។ ករណីគ្រឿងញៀនមុនរាលដាលចូលសហគមន៍គឺអាចផ្តើមចេញពីប្រជាពលរដ្ឋម្នាក់ ឬសមាជិកក្រុមគ្រួសារមួយ “ផ្ទះអ្នកផ្ទះខ្ញុំគ្មានគ្រឿងញៀន សហគមន៍នឹងគ្មានគ្រឿងញៀន “។