JCC CLV-DTA Meeting 2024 កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី កម្ពុជា ឡាវ វៀតណាម សម្រាប់តំបន់ត្រីកោណអភិវឌ្ឍន៍ ឆ្នាំ២០២៤

អាតាពើ ៖ កិច្ចប្រជុំគណៈកម្មការសម្របសម្រួលចម្រុះតំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា ឡាវ និងវៀតណាម លើកទី១៣ (13th JCC CLV-DTA) ត្រូវបានដឹកនាំកិច្ចប្រជុំដោយឯកឧត្តម ខាំច័ន្ទ វង្សផូស៊ី រដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគឡាវ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា និងឯកឧត្តម ង្វៀង ជី ហ្សុង រដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគវៀតណាម ដែលបានរៀបចំនៅខេត្តអាតាពើ ប្រទេសឡាវ នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤។

លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា បានថ្លែងថា ប្រទេសទាំង៣ កម្ពុជា ឡាវ វៀតណាម មានទំនាក់ទំនងមិត្តភាពជាអ្នកជិតខាងល្អយូរអង្វែង ធ្លាប់សម្រេចសមិទ្ធិផលធំៗជាច្រើន ការតភ្ជាប់សេដ្ឋកិច្ច ការតភ្ជាប់រវាងប្រជាជននិងប្រជាជន ការតភ្ជាប់រវាងស្ថាប័ន និងហេដ្ឋារចនាសម្ព័ន្ធ។

លោកជំទាវរដ្ឋមន្រ្តី តំណាងភាគីកម្ពុជា ក៏បានធ្វើបទអន្តរាគមន៍ ផ្តល់អនុសាសន៍ចំនួន១២ចំនុច ដល់អង្គប្រជុំ ដើម្បីបន្តកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ដើម្បីការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍។

កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី១៣ និងកិច្ចប្រជុំពាក់ព័ន្ធនាឱកាសនេះ បានប្រព្រឹត្តទៅដោយឈរលើមូលដ្ឋាននៃការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការ ដែលជាមូលដ្ឋានគ្រឹះនៃប្រទេសទាំងបី ដែលត្រូវបានជំរុញឱ្យឈានទៅកម្រិតថ្មីមួយ និងកាន់តែរឹងមាំ ដើម្បីបង្កើតតំបន់អភិវឌ្ឍន៍ប្រកបដោយចីរភាព និងជាព្រំដែនមិត្តភាព និងភាពរុងរឿងនាពេលអនាគត។

នៅចុងបញ្ចប់នៃកម្មវិធី រដ្ឋមន្រ្តីនៃប្រទេសកម្ពុជា ឡាវ និងវៀតណាម បានចុះហត្ថលេខាលើឯកសាររួម។

គួរឲ្យដឹងថា ឆ្នាំ២០២៤នេះ ប្រទេសឡាវ បានសម្រេចជ្រើសរើសយកខេត្តអាតាពើ ធ្វើជាទីតាំងរៀបចំកិច្ចប្រជុំតំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា ឡាវ វៀតណាម ដែលបានប្រារព្ធ ព្រឹត្តិការណ៍សំខាន់ៗមានដូចជា សន្នីសីទយុវជន ពិព័រណ៌ពាណិជ្ជកម្ម វិនិយោគ និងវប្បធម៌ កិច្ចប្រជុំអនុគណៈកម្មការសម្របសម្រួលខេត្ត អនុគណៈកម្មការសេដ្ឋកិច្ច អនុគណៈកម្មការសន្តិសុខនិងកិច្ចការបរទេស អនុគណៈកម្មការសង្គមនិងបរិស្ថាន និងកិច្ចប្រជុំឧត្តមមន្រ្តីCLV-DTA។

សូមបញ្ជាក់ថា កិច្ចប្រជុំនេះគឺជាយន្តការមួយក្នុងចំណោមយន្តការនៃក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្រីកោណអភិវឌ្ឍន៍នៃប្រទេសទាំងបីដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៩។