ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ទទួលរថយន្តគិលានសង្គ្រោះចំនួន ០១គ្រឿង និងវែនតា ហើយនិងឧបករណ៍ធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ ដែលជាជំនួយឥតសំណងរបស់ ឯកឧត្តម  Susumu Tai កុងស៊ុលកិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំទីក្រុងសេនដៃ (Sendai) ប្រទេសជប៉ុន

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ១៤កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល បានរៀបចំពិធីប្រគល់-ទទួល រថយន្តគិលានសង្គ្រោះចំនួន 0១គ្រឿង វែនតាចំនួន ៧០០គឿង និងឧបករណ៍ធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ ចំនួន ២០០០តេស្ត ដែលជាជំនួយឥតសំណងរបស់ ឯកឧត្តម  Susumu Tai កុងស៊ុលកិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំទីក្រុងសេនដៃ (Sendai) ប្រទេសជប៉ុន ក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងសុខាភិបាល។

ឆ្លៀតក្នុងបរិយាកាសដ៏ឱឡារិកនេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសំដែងសេចក្តីសោមនស្សរីករាយ នូវការរួមចំណែកដ៏ធំធេងរបស់រដ្ឋាភិបាលជប៉ុន ដែលកន្លងមកតែងតែចូលរួមគាំទ្រប្រព័ន្ធសុខាភិបាលកម្ពុជា តាមរយៈជំនួយឥតសំណងសម្រាប់ការអភិវឌ្ឍន៍ និងការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងការអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យ សុខាភិបាល ដែលនេះស្របទៅនឹងគោលដៅចុងក្រោយរបស់ក្រសួងសុខាភិបាល គឺធ្វើឱ្យប្រសើរឡើងនូវសុខមាលភាព ប្រជាជនកម្ពុជា។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកឡើងអំពីតម្រូវការជំនួយ នូវរថយន្តគិលានសង្គ្រោះបន្ថែមទៀត គ្រែសម្រាល និងឧបករណ៍ពិនិត្យផ្ទៃពោះ ជាតម្រូវចាំបាច់នៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ស្រុក ខេត្តទាំងអស់ ក្នុងប្រទេសកម្ពុជា ដែលនេះជាការរួមចំណែកដ៏សំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងពង្រឹងប្រព័ន្ធសុខាភិបាលកម្ពុជា និងការពង្រឹង សុខភាពមាតា និងទារក និងកុមារ និងការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានសុខាភិបាលនៅកម្ពុជា ឈានទៅរកការគ្របដណ្តប់សុខភាពជាសកល។

ជាកិច្ចឆ្លើយតប ឯកឧត្តមកុងស៊ុលកិត្តិយស បានសន្យាបញ្ជាក់អំពីគោលជំហរពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការគាំទ្រផែនការអាទិភាពរបស់ក្រសួងសុខាភិបាល តាមរយៈការខិតខំស្វែងរកជំនួយជារថយន្តគិលានសង្គ្រោះ និងឧបករណ៍សម្ភារៈ បរិក្ខារវេជ្ជសាស្ត្រ ឲ្យចំតម្រូវការជាក់ស្តែងរបស់ក្រសួងសុខាភិបាល ជារៀងរាល់ឆ្នាំ និងការផ្តល់អាហារូបករណ៍ បណ្ដុះបណ្តាលបន្តជូនដល់វេជ្ជបណ្ឌិតកម្ពុជា ទៅសិក្សាជំនាញផ្នែកជំងឺទឹកដក់ក្នុងភ្នែកនៅសាកលវិទ្យាល័យក្នុងទីក្រុងសេនដៃ ប្រទេសជប៉ុន ចាប់ពីឆ្នាំ២០២៤នេះ។

ជាចុងបញ្ចប់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះប្រជាជន និងរដ្ឋាភិបាលជប៉ុន តាមរយៈ ឯកឧត្តមកុងស៊ុលកិត្តិយស នៃព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងសេនដៃ(Sendai) ក្នុងប្រទេសជប៉ុន ចំពោះជំនួយសប្បុរសនានា និងកិច្ចសហប្រតិបត្តិការយូរអង្វែង រវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរ ជាពិសេសបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពប្រជាជន។