ឯកឧត្តមសាស្រ្តាចារ្យ សុខ ជួរ អគ្គនាយករងបច្ចេកទេសសុខាភិបាលបាន ចូលរួមបើកសន្និសីទវេជ្ជសាស្ត្របេះដូងអន្តរជាតិ កម្ពុជា-ឥណ្ឌូនេស៊ី ប្រចាំឆ្នាំលើកទី១ រវាងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមន្ទីរពេទ្យថ្នាក់ជាតិបេះដូង និងសរសៃឈាម ហារ៉ាប៉ាន គីតា

ឯកឧត្តមសាស្រ្តាចារ្យ សុខ ជួរ អគ្គនាយករងបច្ចេកទេសសុខាភិបាលនិងជាប្រធានសមាគមគ្រូពេទ្យបេះដូងកម្ពុជាហើយនឹង Dr. Iwan Dakota, Director of National Cardiovascular Center Harapan Kita បានអញ្ជើញ ចូលរួមបើកសន្និសីទវេជ្ជសាស្ត្របេះដូងអន្តរជាតិ កម្ពុជា-ឥណ្ឌូនេស៊ី ប្រចាំឆ្នាំលើកទី១ រវាងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមន្ទីរពេទ្យថ្នាក់ជាតិបេះដូង និងសរសៃឈាម ហារ៉ាប៉ាន គីតា (Harapan Kita) ក្រោមប្រធានបទ “ទាំងអស់គ្នាដើម្បីការព្យាបាលជំងឺបេះដូងកាន់តែប្រសើរ”  នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈឆ្នាំ២០២៤។

ឯកឧត្តមសាស្រ្តាចារ្យ ងី ម៉េង នាយកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានគូសបញ្ជាក់ថា ÷នៅឆ្នាំ២០២៤នេះ ជាលើកទី១ដែលមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រៀបចំសន្និសីទនេះឡើង ក្នុងគោលបំណងដើម្បីបង្កើនចំនេះដឹង ពង្រឹងសមត្ថភាពរបស់គ្រូពេទ្យក្នុងការថែទាំសុខភាពបេះដូងរបស់អ្នកជំងឺ និងបន្តអភិវឌ្ឍន៏ចំនេះដឹងជំនាញថ្មីៗក្នុងការថែទាំ និងព្យាបាលប្រកបដោយសុវត្ថិភាព និងប្រសិទ្ធិភាពខ្ពស់ជូនដល់អ្នកជំងឺ ព្រមទាំងការការពារហានិភ័យនាៗ ដែលអាចកើតមានឡើងសម្រាប់អ្នកជំងឺបេះដូង និងដើម្បីការពារ និងកាត់បន្ថយអត្រាកើតថ្មីនៃជំងឺបេះដូង និងសរសៃឈាមចំពោះប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា។

ចំណុចពិសេសនៃសន្និសីទនេះ គឺបានប្រមូលផ្តុំប្រធានបទដ៏ល្អៗពីវាគ្មិនថ្នាក់ជាតិ អន្តរជាតិ ដែលមានប្រធានបទ ៨ ប្រធានបទ ក្នុងនោះដែរមានវាគ្មិនពីមន្ទីរពេទ្យថ្នាក់ជាតិបេះដូង និងសរសៃឈាម ហារ៉ាប៉ាន គីតា (Harapan Kita) ប្រទេសឥណ្ឌូនេស៊ីដែលផ្តោតសំខាន់ទៅលើការលើកកម្ពស់ការថែទាំ និងព្យាបាលសុខភាពបេះដូង ដែលមានអ្នកចូលរួមវេជ្ជបណ្ឌិតមកមន្ទីរពេទ្យថ្នាក់ជាតិដែលមានអ្នកចូលរួមផ្ទាល់សរុប ១៥០នាក់។

លើសពីនេះទៅទៀត មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមន្ទីរពេទ្យថ្នាក់ជាតិបេះដូង និងសរសៃឈាម ហារ៉ាប៉ាន គីតា (Harapan Kita) នឹងចុះអនុស្សារណៈយោគយល់គ្នា MoU លើកិច្ចសហប្រតិបត្តិការដើម្បីបញ្ជូនវេជ្ជបណ្ឌិត និងគិលានុបដ្ឋាកទៅបណ្តុះបណ្តាលបន្ថែមនៅមន្ទីរពេទ្យថ្នាក់ជាតិបេះដូង និងសរសៃឈាម ហារ៉ាប៉ាន គីតា និងការស្រាវជ្រាវពាក់ព័ន្ធនឹងជំងឺបេះដូងផងដែរ។

ឯកឧត្តមសាស្រ្តាចារ្យ សង្ឃឹមថាក្រោយចប់សន្និសីទនេះ អស់លោក-លោកស្រី នឹងទទួលបាននូវអ្វីៗដែលថ្មីៗ និងការចែករំលែកនូវបទពិសោធន៍គ្នាទៅវិញទៅមក ដើម្បីជំរុញឲ្យការការពារ និងព្យាបាលរបស់យើងកាន់តែមានប្រសិទ្ធភាពខ្ពស់ ។

ក្នុងសន្និសីទនោះ លោកនាយកមន្ទីរពេទ្យក៏បានរាយការណ៍ថា  នៅក្នុងឆ្នាំ ២០២៣  កន្លងមកនេះ   មានអ្នកជំងឺដែលមកពិគ្រោះជំងឺក្រៅនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានចំនួន ៤៧៤,២០៥ ករណី  និងសម្រាកព្យាបាលមានចំនួន ៦១,៦៣៦នាក់ សរុបទាំងអស់ចំនួន ៥៣៥,៨៤១ នាក់ ។

ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្តមសាស្រ្តាចារ្យ សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំនៃក្រសួងសុខាភិបាលទាំងអស់ ដែលតែងតែជួយជ្រោមជ្រែងជានិច្ចកាល ទើបធ្វើឲ្យមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតមានការរីកចំរើន និងអាចជួយដល់ប្រជាជនយើង ឲ្យទទួលបានការផ្តល់សេវាព្យាបាលល្អ ។