លោកឧត្តមសេនីយ៏ទោ ស សំបូរធន នាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញដឹកនាំអង្គប្រជុំត្រួតពិនិត្យ និងផ្សព្វផ្សាយផែនការការពារសន្តិសុខ រក្សាសុវត្ថិភាព និងសង្គ្រោះបន្ទាន់

រាជធានីភ្នំពេញ៖ដោយបានការអនុញាតពីឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ រងនៃកងយោពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃសុក្រ ១៤កើតបខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលប្រជុំអគារសេនាធិការដ្ឋាន នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតី ក្នុងពិធីប្រជុំត្រួតពិនិត្យផែនការការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៃព្រឹទ្ធសភា ឆ្នាំ២០២៤ ពិធីបុណ្យមាឃបូជា នៅភ្នំព្រះរាជទ្រព្យ(ឧត្តុង្គ) និងបានផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រក្សាសុវត្ថិភាព និងសង្គ្រោះបន្ទាន់ សន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ និងលទ្ធផលការងារប្រឡងប្រណាំងអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព»

ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៃព្រឹទ្ធសភា ឆ្នាំ២០២៤ នឹងត្រូវប្រព្រឹត្តិទៅនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខនេះ។
ពិធីបុណ្យមាឃបូជា នឹងត្រូវប្រព្រឹត្តធ្វើរយះពេល២ថ្ងៃ គឺថ្ងៃសៅរ៏ ១៥កើត ខែមាឃ និងថ្ងៃអាទិត្យ ១រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៤-២៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅបរិវេណព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ(ឧត្តុង្គ)ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្ដាល។ ពិធីបុណ្យមាឃបូជាឆ្នាំនេះនឹងប្រព្រឹត្តិទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានការនិមន្ត យាង និងអញ្ជើញចូលរួមពីសំណាក់សម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ ជាឥស្សរជនរាជរដ្ឋាភិបាលផងដែរ។

រីឯសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ និងលទ្ធផលការងារប្រឡងប្រណាំងអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» នឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៨-២៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅអគារS នៃក្រសួងមហាផ្ទៃ ស្ថិតនៅក្នុងភូមិសាស្ត្របណ្ដោយមហាវិថីព្រះនរោត្តម ភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ពិធីនេះនឹងប្រព្រឹត្តិទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិការរាជរដ្ឋាភិបាល ភ្ញៀវកិត្តិយសជាតិ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៏នាយសេនាធិការរង ស្នងការ ស្នងការរង នាយ នាយរងការិយាល័យ នាយផ្នែក ប្រធានអង្គភាព , មេបញ្ជាការកងវរសេនាតូចអន្តរាគមន៏ មេបញ្ជាការកងអន្តរាគមន៏ និងបញ្ជូនរូបភាពតាមប្រពន្ធ័ video conference ទាំង២៥ រាជធានី-ខេត្ត សាលាកងរាជអាវុធហត្ថទាំង២ផងដែរ។