ក្រសួងផែនការ សហការណ៍ជាមួយ UNFPA បានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ គណៈកម្មាធិការពិសេសតាមដានការអនុវត្តកម្មវិធីសកម្មភាព នៃសន្និសីទអន្តរជាតិស្តីពីប្រជាជន និងអភិវឌ្ឍន៍ 

  អគ្គលេខាធិការដ្ឋានប្រជាជននិងអភិវឌ្ឍន៍ ក្រសួងផែនការ សហការណ៍ជាមួយ UNFPA បានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ គណៈកម្មាធិការពិសេសតាមដានការអនុវត្តកម្មវិធីសកម្មភាព នៃសន្និសីទអន្តរជាតិស្តីពីប្រជាជននិងអភិវឌ្ឍន៍ (គ.អ.ស.អ.ប.អ) ដែលបានធ្វើទ្បើងនៅ សណ្ឋាគារភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្រ្តី ក្រសួងផែនការ សមាជិកគណៈកម្មាធិការពិសេសតាមដានការអនុវត្តកម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិស្តីពីប្រជាជន និងអភិវឌ្ឍន៍ សមាជិកគណៈកម្មការអន្តរក្រសួង និងតំណាងគណៈកម្មាធិការប្រជាជននិងអភិវឌ្ឍន៍រាជធានី ខេត្ត។

 ថ្លែងសន្ទរកថាបើករបស់ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្រ្តី ក្រសួងផែនការ បានមានប្រសាសន៍ថានៅឆ្នាំ១៩៩៤ នៅទីក្រុងគែរ ប្រទេសអេហ្សីប អង្គការសហប្រជាជាតិបានប្រារព្ធធ្វើសន្និសីទអន្តរជាតិដ៏ធំមួយ ដែលហៅថា សន្និសីទអន្តរជាតិស្តីពីប្រជាជន និងអភិវឌ្ឍន៍ ដែលសន្និសីទនោះ បានដាក់ចេញនូវកម្មវិធីសកម្មភាពសាកលមួយ សម្រាប់យុទ្ធសាស្ត្រថ្មីនៃការ អភិវឌ្ឍប្រកបដោយចីរភាព ដោយសង្កត់ធ្ងន់ទៅលើបញ្ហាទំនាក់ទំនងអន្តរកម្មរវាងកត្តាប្រជាជន និងការ

អភិវឌ្ឍ ការគិតគូរអំពីការបំពេញបាននូវតម្រូវការរបស់មនុស្ស  ទាំងបុរសទាំងស្រ្តី ជាងការគិតគូរអំពីការកំណត់គោលដៅប្រជាសាស្ត្រ ក្នុងគោលបំណងលើកកម្ពស់គុណភាពជីវិត និងសិទ្ធិសេរីភាពរបស់ប្រជាជនក្នុងសកលលោក។ 

ឯកឧត្តម ប៊ិន ត្រឈៃ បានរម្លឹកកាលពីឆ្នាំ១៩៩៤ ឯកឧត្តម ជា ចាន់តូ ដែលជាអតីតរដ្ឋមន្ត្រីក្រសួងផែនការ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អន្តរក្រសួងរបស់កម្ពុជា ទៅចូលរួមក្នុងសន្និសីទនោះ និងបានចុះហត្ថលេខា ទទួលយកមកអនុវត្តនូវកម្មវិធីសកម្មភាព នៃសន្និសីទអន្តរជាតិស្តីពីប្រជាជននិងការអភិវឌ្ឍ ដែលជាព្រឹត្តិការណ៍ ជាប្រវត្តិសាស្ត្រលើកដំបូងរបស់កម្ពុជា ដែលជាប្រទេសហត្ថលេខីមួយក្នុងចំណោមប្រទេសចំនួន ១៧៩ ដែល បានចុះហត្ថលេខាទទួលយកផែនការសកម្មភាពនេះមកអនុវត្ត។ នៅឆ្នាំ២០១៩ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជូនគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅចូលរួមក្នុងសន្និសីទ អន្តរជាតិស្តីពីប្រជាជននិងអភិវឌ្ឍន៍ ជាលើកទី២ (ហៅកាត់ថា ICPD25) ដែលបានប្រារព្ធធ្វើនៅទីក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា។ រាជរដ្ឋាភិបាលអណត្តិទី៧ នេះ មានការយកចិត្តទុកដាក់ខ្ពស់ដល់បញ្ហាប្រជាជន ដោយចាត់ទុកប្រជា ជនជាកត្តាគន្លឹះ ក្នុងការជំរុញកំណើតសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ ជាក់ស្តែង បញ្ហាប្រជាជន ត្រូវ បានដាក់បញ្ចូលទៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១៖ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលជាមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់។

 មុំទី១ នៃបញ្ចកោណទី៤៖ ការអភិវឌ្ឍប្រកបដោយភាពភាពធន, ចីរភាព និងបរិយាប័ន គឺ ផ្តោតលើការធ្វើបរម ភាវូបនីយកម្មភាគលាភប្រជាសាស្ត្រ ការពង្រឹងភាពធនប្រជាសាស្ត្រ និងការលើកកម្ពស់សមភាពយេនឌ័រ។ នេះ បង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមអនុវត្តរាល់ការប្តេជ្ញាចិត្ត និងសេចក្តី សម្រេចនានារបស់អង្គការសហប្រជាជាតិ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍមូលធនមនុស្ស ដើម្បីជំរុញ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព។

ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្រ្តី ក្រសួងផែនការ ក៏បានបញ្ជាក់ពីគោលបំណង៤ធំៗនៃកិច្ចប្រជុំនេះមានដូចជា៖

១) ការតម្រង់ទិសសម្រាប់សមាជិកថ្មីអំពីតួនាទីភារកិច្ច និងគោល បំណងនៃគណៈកម្មាធិការពិសេសតាមដានការអនុវត្តកម្មវិធីសកម្មភាព នៃសន្និសីទអន្តរជាតិស្តីពីប្រជាជននិង អភិវឌ្ឍន៍

២) របាយការណ៍អំពីសមិទ្ធផលសំខាន់ៗ

៣) បច្ចុប្បន្នភាពសេចក្តីព្រាងក្របខ័ណ្ឌយុទ្ធសាស្ត្រ កម្ពុជា និងផែនការសកម្មភាព ២០២៤-២០៣០៖ ដើម្បីតាមដានការអនុវត្តកម្មវិធីសកម្មភាព នៃសន្និសីទអន្តរជាតិ ស្តីពីប្រជាជននិងអភិវឌ្ឍន៍

៤) កំណត់អាទិភាពសំខាន់ៗសម្រាប់ឆ្នាំ២០២៤ និងការងារបន្ត។