ឯកឧត្តមសាស្ត្រាចារ្យឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារលើវិស័យសុខាភិបាលជាមួយលោកវេជ្ជបណ្ឌិត Aleksandar Sasha Bodiroza នាយករងប្រចាំតំបន់អាស៊ី របស់មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) នៅទីស្ដីការក្រសួង

នៅរសៀលថ្ងៃពុធ ១២កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអនុញ្ញាតឲ្យលោកវេជ្ជបណ្ឌិត Aleksandar Sasha Bodiroza នាយករងប្រចាំតំបន់អាស៊ី របស់មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) ដើម្បីបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីផែនការអភិវឌ្ឍន៍ Country Program Document (CPD ២០២៤-២០២៨) ។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្វាគមន៍ និងថ្លែងអំណរគុណ លោកនាយករងអង្គការ UNFPA ប្រចាំតំបន់អាស៊ី ក៏ដូចជា UNFPA ប្រចាំប្រទេសកម្ពុជា ដែលបានសហការគាំទ្រក្រសួងសុខាភិបាល ទាំងបច្ចេកទេស និងហិរញ្ញវត្ថុ ក្នុងការចូលរួមចំណែកលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដូចជាការអភិវឌ្ឍធនធានមនុស្សសុខាភិបាល នាពេលកន្លងមក។

លោកវេជ្ជបណ្ឌិត  Aleksandar Sasha Bodiroza នាយករងប្រចាំតំបន់ បានថ្លែងអបអរសាទរ និងជូនពរ ចំពោះឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក្នុងឱកាសដែល ឯកឧត្តមទទួលបាននូវការទុកចិត្តពីរាជរដ្ឋាភិបាលនីតិកាលទី៧ តែងតាំងជារដ្ឋមន្ត្រីក្រសួងសុខាភិបាល។ លោកវេជ្ជបណ្ឌិតបានជម្រាបជូន ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ថា UNFPA បានចាប់ផ្តើមការងារនៅកម្ពុជាតាំងពីឆ្នាំ១៩៩៤ ដោយមានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា ក្រោមការសម្របសម្រួលរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសហការជាមួយក្រសួងសុខាភិបាលលើកម្មវិធីសុខភាពបន្តពូជ សុខភាពផ្លូវភេទ ផែនការគ្រួសារ ការងារពាក់ព័ន្ធនឹងហឹង្សាផ្អែកលើយេនឌ័រ ព្រមទាំងបានសហការជាមួយក្រសួងពាក់ព័ន្ធផ្សេងៗរបស់រាជរដ្ឋាភិបាល និងអង្គការជាតិ-អន្តរជាតិ ឈានទៅសម្រេច SDG មុនកាលបរិច្ឆេទកំណត់ ។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានជម្រាប UNFPA អំពីអាទិភាពវិស័យសុខាភិបាលទាំង ៩ចំណុច និងអាទិភាពគន្លឹះទាំង៣ចំណុច និងសំណូមពរ UNFPA បន្តរក្សា និងពង្រីកគោលដៅ សកម្មភាពការងារដែល UNFPA កំពុងជួយនៅខេត្តទាំង ៨ នៃតំបន់ភាគឦសាន ដោយសារខេត្តទាំងនេះមានតម្រូវការសេវាសុខភាពមាតានិងសុខភាពបន្តពូជ និងវ័យជំទង់ និងយុវជន  ដោយសូមគិតដល់ការរួមបញ្ជូលសេវាថែទាំសុខភាពបឋមផងដែរ ជាពិសេស ជួយរកទិន្នន័យក្រុមជនងាយរងគ្រោះដែលមិនបានទទួលសេវាសុខភាព ដើមី្បជួយសម្រួលក្នុងការផ្តល់សេវាថែទាំសុខភាពជូនពួកគាត់។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្នើដល់អង្គការ UNFPA បន្តជួយបណ្តុះបណ្តាលឆ្មប ទាំងមុនបម្រើការងារ និងកំពុងបម្រើការងារ ការងារកោសល្យវិច្ឆ័យវេជ្ជសាស្ត្រ ពង្រឹងសំណុំសេវាសុខភាពអប្បបរមាដំបូងសម្រាប់សុខភាពបន្តពូជ និងសុខភាពផ្លូវភេទក្នុងគ្រាមានគ្រោះអាសន្ន និងគ្រោះមហន្តរាយ ដើមី្បរួមគ្នាលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាល  អាណត្តិទី៧ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។