ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការ ជាតំណាងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រី ក្រសួងព័ត៌មាន បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើគម្រោងជំនួយរបស់ Beijing Wanhe Charity Foundation ដែលផ្តល់ជូនក្រសួងព័ត៌មាន

នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការ ជាតំណាងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រី ក្រសួងព័ត៌មាន បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើគម្រោងជំនួយរបស់ Beijing Wanhe ( វ័នហេរ ) Charity Foundation ដែលផ្តល់ជូនក្រសួងព័ត៌មាន ។   

  ឯកឧត្តម សុខ ប្រសិទ្ធិ មានប្រសាសន៍គួសបញ្ជាក់អំពីគោលបំណងនៃកិច្ចប្រជុំ ដើម្បីជម្រាបជូនអំពីលទ្ធផលនៃដំណើរទស្សនកិច្ច របស់គណៈប្រតិភូក្រសួងព័ត៌មាន នៅទីក្រុងហ៊ូណាននៃសាធារណរដ្ឋប្រជានិតចិន តាមការអញ្ជើញរបស់ក្រុមហ៊ុន Hainan Zhi Xun Dao Industrial Group Co., LTD និងការសម្របសម្រួលរបស់សមាគមកម្ពុជា-ចិន ទាក់ទាញអ្នកវិនិយោគ ដោយបានជួបប្រជុំជាមួយក្រុមហ៊ុនវិនិយោគចិន និងអគ្គលេខាធិការមូលនិធិ Beijing Wanhe Charity Foundation ។

  តាមរយៈលទ្ធផលនៃកិច្ចប្រជុំ មូលនិធិBeijing Wanhe Charity មានគម្រោងផ្តល់ជំនួយជាសម្ភារៈដល់ក្រសួងព័ត៌មាន ដូចនេះមានភាពចាំបាច់ដែលយើងត្រូវការប្រជុំពិនិត្យពិភាក្សាលើការរៀបចំឯកសារ និងបញ្ជីសម្ភារៈដើម្បីផ្ញើជូនដល់មូលនិធិក្នុងការរៀបចំបន្ត។ ដើម្បីសមស្របទៅនឹងតម្រូវការជាក់ស្តែងក្នុងគោលបំណងធ្វើទំនើបកម្មស្ថាប័ន ដែលជាទិសដៅអាទិភាពកំណត់ដោយ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជាពិសេសយុទ្ធសាស្ត្របញ្ចកោណដំណាក់ទី១ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ ឯកឧត្តម ប្រធានអង្គប្រជុំ បានស្នើដល់អគ្គនាយកដ្ឋានទាំងអស់រៀបចំបញ្ជីសម្ភារៈដែលបម្រើដល់ការបំពេញតួនាទីភារកិច្ចរបស់ខ្លួនឱ្យបានមុនថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤។  

  អង្គប្រជុំនាឱកាសនេះ បានបន្តពិនិត្យ និងពិភាក្សា លើនីតិវិធី និងបែបបទនៃការរៀបចំបញ្ជីសម្ភារៈ និងសំណើផ្សេងៗទៀត។ 

  ជាការឆ្លើយតប ឯកឧត្តមប្រធានអង្គប្រជុំ បានគាំទ្រចំពោះសំណើនានារបស់អគ្គនាយកដ្ឋាន ហើយនឹងបន្តសម្របសម្រួលលើសំណើទាំងអស់នោះបន្ថែមទៀតជាមួយមូលនិធិ Beijing Wanhe Charity Foundation។

  ឯកឧត្តម សុខ ប្រសិទ្ធិ បានស្នើសុំឱ្យមានការពន្លឿនរៀបចំបញ្ជីសម្ភារៈ ដើម្បីក្រុមការងារពិនិត្យ ហើយបញ្ជូនទៅភាគីចិន ៕