ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ២០២៤

នាព្រឹកថ្ងៃពុធ ១២កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រសួងសុខាភិបាលបានរៀបចំប្រារព្ធទិវាជាតិសុខភាពមាតា ទារក និងកុមារ ថ្ងៃទី២១ កុម្ភៈ ២០២៤ ក្រោមប្រធានបទ “ពង្រឹងសេវាថែទាំសុខភាពមាតា ទារកនិងកុមារ ដើម្បីឈានទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល (UHC)” ក្រោមអធិបតីភាព ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល។ 

ក្នុងពិធីនេះដែរក៏មានការអញ្ជើញចូលរួមពី លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង និងតំណាងដៃគូអភិវឌ្ឍរួមមាន WHO, UNICEF, UNFPA, FHI 360 ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងស្ថាប័ន អង្គភាពនានា។

ទិវានេះរៀបចំឡើងក្នុងគោលបំណងបញ្ជាក់ពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់រាជរដ្ឋាភិបាលក្នុងការធានាសុខភាព និងសុខុមាលភាពសម្រាប់ប្រជាជនកម្ពុជាទាំងអស់។ ការគ្របដណ្តប់សុខភាពជាសកល មានគោលបំណងដើម្បីធានាថាមនុស្សគ្រប់រូបអាចទទួលបានសេវាសុខភាព ដែលមានគុណភាពដោយមិនប្រឈមនឹងវិបត្តិផ្នែកហិរញ្ញវត្ថុ និងជាពិសេសគឺដោយការកាត់បន្ថយអត្រាមរណភាពមាតានៅឆ្នាំ២០៣០ និងរក្សាបានជោគជ័យក្នុងការលើកកម្ពស់សុខភាពទារក និងកុមារអាយុក្រោម ៥ឆ្នាំ។

ការរៀបចំទិវានេះឡើង ផ្តល់ឱកាសក្នុងការជួបជុំពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍ រវាងថ្នាក់ដឹកនាំ មន្រ្តីនៃក្រសួងសុខាភិបាល និងដៃគូសុខាភិបាល ដើម្បីរួមគ្នាក្នុងការសម្រេចបានការគ្របដណ្តប់សុខភាពជាសកល ជាពិសេសការពង្រឹងការថែទាំសុខភាពមាតា ទារក និងកុមារ ដែលជាចំណែកមួយយ៉ាងសំខាន់ក្នុងសង្គមទាំងពេលបច្ចុប្បន្ន និងអនាគតរបស់ប្រទេសកម្ពុជា។

ក្នុងអំឡុងពេលពីរទសវត្សកន្លងមកនេះ ប្រទេសកម្ពុជាមានភាពរីកចម្រើនយ៉ាងខ្លាំងក្នុងការកាត់បន្ថយអត្រាស្លាប់ទារកនិងកុមារ ដែលទាំងនេះក៏ដោយសារកតា្តរួមចំណែកដូចជា ការពង្រឹងប្រព័ន្ធសុខាភិបាលនិងការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស។ អត្រាមរណភាពទារក កុមារ និងកុមារអាយុក្រោម ៥ឆ្នាំ បានថយចុះច្រើនជាងពាក់កណ្តាលធៀបនឹងឆ្នាំ ២០១៤ មកត្រឹម ៨, ១២ និង១៦ ក្នុង១០០០កំណើតរស់ នាឆ្នាំ២០២១-២០២២។ នេះមានន័យថាប្រទេសកម្ពុជាសម្រេចបានរួចហើយនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅឆ្នាំ២០៣០ ក្នុងការបញ្ចប់ការស្លាប់ដែលអាចបង្ការបានរបស់ទារក កុមារក្រោម ១ឆ្នាំ និងកុមារអាយុក្រោម ៥ឆ្នាំ។

ស្ត្រីមានផ្ទៃពោះស្ទើរតែទាំងអស់ទទួលបានការថែទាំផ្ទៃពោះមុនពេលសម្រាលកូន ៩៩នាក់ ក្នុង១០០នាក់បានរាយការណ៍បានទទួលការថែទាំពីបុគ្គលិកសុខាភិបាលដែលបានបណ្តុះបណ្តាលក្នុងកំឡុងពេលមានផ្ទៃពោះដែលអត្រានេះ ជាការកើនឡើងគួរឱ្យកត់សម្គាល់ពី ៣៨% ក្នុងឆ្នាំ២០០០។ ដូចគ្នានេះដែរ ស្ទើរតែគ្រប់ការសម្រាលទាំងអស់នៅកម្ពុជា គឺដោយបុគ្គលិកសុខាភិបាលដែលបានបណ្តុះបណ្តាល ដែលបានកើនពី ៣២% ក្នុងឆ្នាំ២០០០ ដល់ ៩៩% ក្នុងឆ្នាំ២០២១-២០២២។

ទន្ទឹមនឹងកិច្ចប្រឹងប្រែងដោះស្រាយបញ្ហាបន្តកាត់បន្ថយអត្រាមរណភាពមាតា កិច្ចខិតខំប្រឹងប្រែងបន្តការបង្កើនការទទួលបាននូវការថែទាំសុខភាពទារក និងកុមារក៏ត្រូវតែដើរទន្ទឹមគ្នាផងដែរ។ លើសពីនេះទៀតការលើកកម្ពស់គុណភាពសេវាថែទាំសុខភាព ការជំរុញដំណោះស្រាយដោយប្រើសុខភាពឌីជីថលនិងជំរុញការចូលរួមរបស់បុគ្គល គ្រួសារនិងសហគមន៍ក្នុងការលើកកម្ពស់សុខភាពរបស់ស្ត្រីនិងទារក គឺជាជំហានដ៏សំខាន់ ដើម្បីសម្រេចបាននូវ ការគ្របដណ្តប់សុខភាពជាសកល (UHC) ។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាល បានមានប្រសាសន៍ថា “នៅពេលដែលយើងកំពុងធ្វើដំណើរឆ្ពោះទៅប្រទេសកម្ពុជាមួយដែលមានប្រជាជនមានសុខភាពល្អប្រសើរជាងមុន សូមយើងចូលរួមទាំងអស់គ្នាជាធ្លុងមួយក្នុងការពង្រឹងបន្ថែមទៀតនូវគុណភាពសេវាសុខភាពមាតា ទារក និងកុមារ និងការសាងប្រព័ន្ធសុខាភិបាលមួយដែលរឹងមាំជាងមុន និងផ្តល់សេវាសុខភាពទៅដល់ប្រជាជនគ្រប់គ្នាដោយមិនទុកបុគ្គលណាម្នាក់ចោលឡើយ។ ទាំងអស់គ្នា យើងត្រូវតែបន្តកិច្ចខិតខំប្រឹងប្រែងរួមគ្នារដើម្បីកសាងអនាគតមួយដែលម្តាយ ទារក និងកុមារគ្រប់រូបនៅកម្ពុជា ទទួលបានការថែទាំសុខភាពប្រកបដោយវិជ្ជាជីវៈ ហើយដែលគាត់សមនឹងទទួលបាន” ។

ជាចុងក្រោយក្នុងនាមក្រសួងសុខាភិបាល មន្ត្រីសុខាភិបាលគ្រប់រូបបន្តប្តេជ្ញាចិត្ត ដោះស្រាយបញ្ហាប្រឈមទាំងនេះ ដោយធ្វើការយ៉ាងសកម្មជាមួយភាគីពាក់ព័ន្ធរួមទាំងសង្គមស៊ីវិល វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ និងសូមអំពាវនាវឱ្យទាំងអស់គ្នាចូលរួមក្នុងការធ្វើឱ្យ ការគ្របដណ្តប់សុខភាពជាសកល (UHC) ក្លាយជាការពិតសម្រាប់ម្តាយទារក និងកុមារកម្ពុជា។