ឯកឧត្តម ឡាវ វ៉ាន់ កោតសរសើរចំពោះអង្គការ YUNDI របស់ខេត្តយូណាន និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ដែលបន្តខិតខំជួយកុមារមានជំងឺបេះដូងចំហ

សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន មានរៀបចំ ពិធីសំណេះសំណាលជូនដំណើរកុមារមានជំងឺបេះដូងចំហ៣រូប ដែលទៅទទួលការវះកាត់ និងព្យាបាលដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យបេះដូងFUWAI ខេត្តយូណាន ប្រទេសចិន ដោយមានការអញ្ចើញចូលរួម ពីឯកឧត្តម ឡាវ វ៉ាន់ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២៤ ។

ថ្លែងទៅកាន់ក្រុមគ្រួសារកុមារទាំង៣ដែលមកពីខេត្តព្រះវិហារ ខេត្តតាកែវ និងរាជធានីភ្នំពេញ ឯកឧត្តម ឡាវ វ៉ាន់ រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន បានមានប្រសាសន៍ថា សុខភាពល្អរបស់កុមារគឺមិនត្រឹមតែជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់គ្រួសារ ប៉ុណ្ណោះទេ ថែមទាំងជារតនសម្បត្តិរបស់ប្រទេសជាតិថែមទៀតផង។ កុមារគឺជាទំពាំងស្នងឬស្សី គឺជាធនធនមនុស្សដ៏សំខាន់របស់ជាតិ ហើយដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពវាងវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំង។

ជាមួយគ្នានេះ ដើម្បីចូលរួមអបអរសាទរទិវាជាតិសុខភាពមាតា ទារក និងកុមារ ឯកឧត្តមក៏បានថ្លែងនូវការកោតសរសើរចំពោះអង្គការYUNDIរបស់ខេត្តយូណាន និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ដែលបានចូលរួមជាចំណែកយ៉ាងសកម្មនៅក្នុងការស្វះស្វែងរកប្រភពជំនួយនានាទ្រទ្រង់ដល់ដំណើការសម្របសម្រួលជូនដល់កុមារកម្ពុជាទៅវះកាត់និងព្យាបាលជំងឺបេះដូងចំហដោយឥតគិតថ្លៃនៅក្នុងប្រទេសចិន។

ក្នុងពេលនោះដែរ ឯកឧត្តម ឡាវ វ៉ាន់ ក៏បានជួយឧបត្ថម្ភសម្រាលបន្ទុកដល់ក្រុមគ្រួសារកុមារមានជំងឺបេះដូងចំហទាំង៣រូប និងអ្នកកំដរ៣រូបបានមានលទ្ធភាពគ្រប់គ្រាន់ទៅទទួលការវះកាត់និងព្យាបាលដោយឥតគិតថ្លៃនៅមន្ទីរពេទ្យFUWAI ខេត្តយូណាន ប្រទេសចិន។

ពោរពេញដោយក្តីសប្បាយរីករាយ និងរំភើបក្រៃលែង ក្នុងនាមក្រុមគ្រួសារកុមារទាំង៣គ្រួសារនេះ លោក ថោង វុន្ធី រស់នៅក្នុងខេត្តព្រះវិហារបានថ្លែងអំណរគុណដល់ឯកឧត្តម ឡាវ វ៉ាន់ តំណាងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា និងលោក ជា មុនីឫទ្ធិ តំណាងមិត្តចិនដែលបានខិតខំប្រឹងប្រែងសម្របសម្រួលជួយដល់ក្រុមគ្រួសារកុមារមានជំងឺបេះដូងចំហទាំង៣រូបទៅទទួលការវះកាត់និងព្យាបាលដោយឥតគិតថ្លៃនៅមន្ទីរពេទ្យFUWAI ខេត្តយូណាន ប្រទេសចិន។

គួរបញ្ជាក់ផងដែរថា ដោយទទួលបានការក្រោមការគាំទ្រយ៉ាងពេញទំហឹងពីស្ថានទូតចិនប្រចាំកម្ពុជា និងដោយមានកិច្ចសហការរវាងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ និងមន្ទីរពេទ្យបេះដូងFUWAI ខេត្តយូណាន ប្រទេសចិន ទើបចាប់តាំងពីខែតុលា ឆ្នាំ២០២៣មក ក្រុមគ្រូពេទ្យស្ម័គ្រចិត្តកម្ពុជា-ចិន បានចុះពិនិត្យសុខភាពឡើងវិញជូនដល់កុមារអាយុក្រោម១៤ឆ្នាំនៅក្នុងក្រុងព្រះវិហារ ស្រុកបាទី និងនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ ហើយជាលទ្ធផលមានកុមារ៣រូបត្រូវរកឃើញថាមានជំងឺបេះដូងចំហដែលគ្រោងនឹងបញ្ជូនទៅវះកាត់និងព្យាបាលដោយឥតគិតថ្លៃនៅប្រទេសចិន នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤៕