ពិធីបើកវគ្គបណ្តុះបណ្តាលមន្ត្រីកាកបាទក្រហមកម្ពុជា ជំនាន់ទី១ នៅសាលាភូមិន្ទរដ្ឋបាល

នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល តំណាង ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល និងលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត  ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីបើកវគ្គបណ្តុះ បណ្តាលមន្ត្រីកាកបាទក្រហមកម្ពុជា ជំនាន់ទី១ នាសាលតេជោសន្តិភាព ជាន់ទី២ នៃសាលាភូមិន្ទរដ្ឋបាល។

         តាមរបាយការណ៍របស់ឯកឧត្តម ង៉ឺយ ធឿន នាយករងសាលាភូមិន្ទរដ្ឋបាល បានជម្រាបជូនថា វគ្គបណ្តុះបណ្តាល ជំនាញរដ្ឋបាលសាធារណៈ ជូនសិក្ខាកាមមន្ត្រីជាន់ខ្ពស់ និងមន្ត្រីមធ្យម មានចំនួន៧មុខវិជ្ជា ស្មើនឹង៩០ម៉ោង សម្រាប់កិច្ចគាំទ្រការអភិវឌ្ឍធនធានមនុស្សរបស់កាកបាទក្រហមកម្ពុជា។ឯកឧត្តម នាយករងសាលាភូមិន្ទរដ្ឋបាល បានជម្រាបជូនបន្តថា វគ្គបណ្តុះបណ្តាលមន្ត្រីកាកបាទក្រហមកម្ពុជានេះ មានគោល បំណងសំខាន់ ដូចជា៖ -លើកកម្ពស់ការអភិវឌ្ឍចំណេះដឹងដល់ថ្នាក់ដឹកនាំ និងមន្ដ្រីកាកបាទក្រហមកម្ពុជា ដើម្បីឆ្លើយតបទៅ នឹងការវិវត្តនៃការងារក្នុងក្របខ័ណ្ឌអភិបាលកិច្ច និងបរិវត្តកម្មរដ្ឋបាលសាធារណៈ។ -រៀបចំ និងផ្តល់ការបណ្ដុះបណ្តាលដោយឡែក ដើម្បីពង្រឹងសមត្ថភាពថ្នាក់ដឹកនាំ និងមន្រ្តីឱ្យសមស្រប ទៅនឹងតម្រូវការនៃការគ្រប់គ្រងកិច្ចការរដ្ឋបាលទូទៅរបស់កាកបាទក្រហមកម្ពុជា ពាក់ព័ន្ធនឹងកិច្ចការងារ រដ្ឋបាល, ប្រព័ន្ធនិងអភិក្រមការងារនៅក្នុងអង្គភាព, ប្រព័ន្ធរដ្ឋបាលកម្ពុជា, ស្ថាប័ននយោបាយ, ទំនាក់ទំនងសាធារណៈ, សញ្ញាណហិរញ្ញវត្ថុសាធារណៈ និងប្រព័ន្ធព័ត៌មានវិទ្យា។

       នៅក្នុងឱកាសនេះ លោកជំទាវ ពុំ ចន្ទីនី បានមានប្រសា សន៍ថា វគ្គនេះ ជាវគ្គដំបូង ដែលមន្ត្រីកាកបាទក្រហមកម្ពុជា មានឱកាសបានមកចូលរៀននៅសាលាភូមិន្ទរដ្ឋបាល ស្របនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ស្របនឹងបរិបទថ្មី និងការអភិវឌ្ឍន៍ធនធានមនុស្ស របស់សង្គមជាតិយើង។ មន្ត្រី/បុគ្គលិកកាកបាទក្រហមកម្ពុជា ដែលបានចុះឈ្មោះចូលរួមវគ្គនេះ គឺសុទ្ធតែមានបរិញ្ញាបត បរិញ្ញាបត្រជាន់ ខ្ពស់ តែមិនធ្លាប់បានរៀនជំនាញរដ្ឋបាលសាធារណៈនេះទេ អ្នកខ្លះបំពេញការងារជាង៣០ឆ្នាំ ខ្លះជាង២០ឆ្នាំ ខ្លះជាង១០ឆ្នាំ តែអ្នកកាន់ការងារនេះមានតិចតួច ហើយអាចបំពេញការងារបានក៏ដោយឈរលើបទពិសោធន៍តាំងពីយូរអង្វែង មិនដែល បានរៀនចំណេះដឹងជាក់លាក់ មានរបៀបរៀបរយតាមក្បួន ខ្នាតរដ្ឋបាលត្រឹមត្រូវទេ ហេតុដូចនេះហើយ ទើបកាកបាទ ក្រហមកម្ពុជា ស្នើសុំវគ្គនេះ ដើម្បីជាមូលដ្ឋានរួម ក្នុងការអនុវត្តឱ្យមានរបៀបរៀបរយ ស្តង់ដារតែមួយជាមួយនឹងរាជរដ្ឋាភិបាល។ មួយវិញទៀត ក្នុងនាមជាសមាគមជាតិមួយ ដែលជាជំនួយការឱ្យអាជ្ញាធរសាធារណៈ ពិតណាស់តែកាកបាទក្រហមកម្ពុជា មានឯករាជ្យភាព ក៏ប៉ុន្តែត្រូវតែនៅក្រោមច្បាប់របស់រាជរដ្ឋាភិបាល ហើយក៏ធ្វើគ្រប់បែបយ៉ាងដើម្បីដើរស្របជាមួយគោលនយោបាយ និងយុទ្ធសាស្ត្ររបស់ជាតិជានិច្ច។ នៅក្នុងឱកាសនេះដែរ លោកជំទាវ អគ្គលេខាធិការ នៃអគ្គលេខាធិ ការដ្ឋានកាកបាទក្រហមកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា ហេតុផលមួយទៀត ដែលកាកបាទក្រហមកម្ពុជាស្នើសុំវគ្គនេះ គឺដោយសារត្រូវបន្ថែមនូវគុណតម្លៃរបស់មន្ត្រី/បុគ្គលិកទាំងអស់នេះ ដែលត្រូវបំពេញបង្គ្រប់ការងារ ភារកិច្ច ដែលអ្នកខ្លះត្រូវចូលនិវត្តន៍ជាបន្តបន្ទាប់ ក៏ដូចជាត្រូវបំប៉នសមត្ថភាពផ្នែក ការងារនេះឱ្យទាន់សម័យកាល ស្របតាមស្ដង់ដារការងាររបស់រាជរដ្ឋាភិបាល។ ម្យ៉ាងវិញទៀត ការបំពេញ ការងារ មនុស្សធម៌នេះ កាកបាទក្រហមកម្ពុជា ត្រូវមានទំនាក់ទំនង និងការឧបត្ថម្ភគាំទ្រពីគ្រប់មជ្ឈដ្ឋាន លើគ្រប់វិស័យ ជាពិសេស មុខងាររដ្ឋបាលនេះ ដូចបាយសម្ល របស់កាកបាទ    ក្រហមកម្ពុជា អាស្រ័យដោយត្រូវទំនាក់ទំនងគ្រប់លំដាប់ថ្នាក់ (ខ្ពស់ ទាប រហូតដល់មូលដ្ឋាន)។ លោកជំទាវ ពុំ ចន្ទីនី បានមានប្រសាសន៍លើកឡើងថា ថ្នាក់កណ្តាលបានទទួលវគ្គនេះហើយ យើងខ្ញុំត្រូវគិតដល់មន្ត្រីនៅតាមសាខាកាកបាទក្រហម កម្ពុជាទាំង ២៥ រាជធានី-ខេត្តទៀត ដែលទទួចស្នើសុំឱ្យមាន វគ្គបំប៉នផ្នែកការងាររដ្ឋបាលនេះ ជូនពួកគាត់ផងដែរ។

ថ្លែងបើកវគ្គបណ្តុះបណ្តាល ឯកឧត្តម យក់ ប៊ុនណា បានមានប្រសាសន៍ថា ការរៀបចំវគ្គបណ្តុះបណ្តាលជូនមន្ត្រីជាន់  ខ្ពស់ចំនួន ១១នាក់ និងមន្ត្រីមធ្យមពីថ្នាក់ប្រធានការិយាល័យចុះចំនួន ៤៩នាក់ របស់កាកបាទក្រហមកម្ពុជា ជំនាញរដ្ឋបាលសាធារណៈ ជំនាន់ទី១ ឆ្នាំ២០២៤ នៅសាលាភូមិន្ទរដ្ឋបាល នាពេលនេះ បានបង្ហាញឱ្យឃើញពីការយកចិត្តទុកខ្ពស់របស់ថ្នាក់ដឹកនាំក្នុងការលើកកម្ពស់ការអភិវឌ្ឍសមត្ថភាពរបស់មន្ត្រីក្រោមឱវាទរបស់កាកបាតក្រហមកម្ពុជា ដែលបាននិងកំពុងបំពេញតួនាទីជាជំនួយការជូនរាជរដ្ឋាភិបាល ជាពិសេសក្នុងវិស័យមនុស្សធម៌។ ទន្ទឹមនេះ ឯកឧត្តម រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានមានប្រសាសន៍បញ្ជាក់ថា តាមរយៈរបាយការណ៍ របស់ ឯកឧត្តម ង៉ឺយ ធឿ ន ជាពិសេស ប្រសាសន៍សំណេះសំណាលរបស់លោកជំទាវ ពុំ ចន្ទនី អំបាញ់មិញនេះ គឺជាលើកទី១សម្រាប់សាលាភូមិន្ទរដ្ឋបាល ក្នុងការទទួលបានឱកាសជួយបំពេញដល់តម្រូវការរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរបស់ កាកបាទក្រហមកម្ពុជា ដែលមានបំណងប្រាថ្នាអភិវឌ្ឍសមត្ថភាព ចំណេះដឹង ចំណេះធ្វើ វិធីសាស្ត្រ និងឥរិយាបថស្តង់ដារ ផ្អែកលើជំនាញរដ្ឋបាលធារណៈជាក់លាក់។ នេះគឺការឆ្លុះបញ្ជាំអំពីឆន្ទៈដ៏មុតមាំរបស់សិក្ខាកាមក្នុងការសិក្សា រៀនសូត្របន្ថែម ដើម្បីតាមឱ្យទាន់នូវបច្ចុប្បន្នភាពរបស់គោល នយោបាយ និងការងារកំណែទម្រង់រដ្ឋាភិបាល ហើយនេះក៏ជាការផ្តល់នូវភាពជឿជាក់ដល់សាលាភូមិន្ទរដ្ឋបាលក្នុងការរៀបចំ និងគាំទ្រការអភិវឌ្ឍធនធានមនុស្ស ស្របតាមផែនការ យុទ្ធសាស្ត្របញ្ចាកោណ ដំណាក់ការទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី១ នៃរដ្ឋសភា ក្រោមការដឹកនំាប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ជាការពិតណាស់  វគ្គបណ្តុះបណ្តាលមន្ត្រីកាកបាទក្រហមកម្ពុជា ត្រូវបានរៀបចំឡើងគាំទ្រដល់ការបំពេញតួនាទី ភារកិច្ចរបស់ថ្នាក់ដឹកនាំ និងមន្ត្រី ប្រកបដោយវិន័យ គុណភាព គុណធម៌ និងសមត្ថភាព  វិជ្ជាជីវៈ ខ្ពស់ ក្នុងក្របខណ្ឌអភិបាលកិច្ចនិងបរិវត្តកម្មរដ្ឋបាលសាធា រណៈ ដើម្បីធានាបានថា រាល់ការបំពេញបេសសកម្មដែល សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ប្រគល់ជូនប្រកបដោយតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព ស័ក្កិសិទ្ធភាព បរិយាបន្ន និងអាចព្យាករណ៍បាន៕