ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បង្ហាញសមិទ្ធផលការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារជាយុទ្ធសាស្ត្រសម្រាប់ឆ្នាំ២០២៤

ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានបង្ហាញសមិទ្ធផលសំខាន់ៗ របស់ខ្លួន ដែលសម្រេច បានក្នុងឆ្នាំ២០២៣ ដែលជាមូលដ្ឋានគ្រឹះ ដ៏រឹងមាំសម្រាប់ ការអនុវត្តផែនការ យុទ្ធសាស្ត្រឆ្នាំ២០២៤។ សមិទ្ធិផលទាំងនេះ ត្រូវបានបង្ហាញ នៅក្នុងសន្និបាតប្រចាំឆ្នាំ របស់ក្រសួង ដែលជាវេទិកាមួយ ដើម្បីលើកទិសដៅយុទ្ធសាស្ត្រ របស់ខ្លួនសម្រាប់ឆ្នាំ២០២៤ និងឆ្នាំបន្តបន្ទាប់។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា៖“វិស័យឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវបានចាត់ទុក ជាកម្លាំងចលករមួយ ក្នុងការជំរុញ ដល់កំណើនសេដ្ឋកិច្ច ដោយ បាន ដើរតួនាទី យ៉ាងសំខាន់ នៅក្នុងការបង្កើតការងារ និងបង្កើនប្រាក់ចំណូលជូនប្រជាជនកម្ពុជា។ វិស័យនេះបាន និងកំពុងមានការអភិវឌ្ឍឈានទៅមុខប្រកបដោយថាមវន្ត មានលក្ខណៈចម្រុះសម្បូរបែប ផ្តោតលើទំនួលខុសត្រូវខាងបរិស្ថាន និងសង្គមខ្ពស់ ហើយពង្រីកបាននូវអន្តរកម្មសេដ្ឋកិច្ច រវាងផ្នែកកែច្នៃ នវានុវត្តន៍ កម្មន្តសាល ជាមួយវិស័យកសិកម្ម ពាណិជ្ជកម្ម និងសេវាកម្ម ដើម្បីជំរុញសមាហរណកម្មសេដ្ឋកិច្ច ខ្សែច្រវាក់តម្លៃ និងភាពប្រកួតប្រជែងរបស់កម្ពុជា ទាំងនៅក្នុងតំបន់ និងនៅលើពិភពលោក។”

នៅឆ្នាំ២០២៣ មានរោងចក្រ ធុនធ្ងន់បង្កើតថ្មីចំនួន២៤១ និងបិទទ្វារចំនួន៩៨ ពោល គឺកើនចំនួន១៤៣ រោងចក្រ (៧,២១%) ធៀបនឹងឆ្នាំ ២០២២ ដែល ធ្វើឱ្យ ចំនួន រោង ចក្រធុនធ្ងន់ដែលកំពុងដំណើរការទូទាំងប្រទេសមានចំនួន ២.១២៥ រោងចក្រ និង ផ្តល់ ការងារ ចំនួន ១.០៤០.៣៣៣ កន្លែង។ ទុនវិនិយោគសរុបក្នុងឆ្នាំ២០២៣ មានចំនួន ១៨,៥៦ ពាន់លានដុល្លារអាមេរិក កើនឡើង ១១,២៤% ធៀបនឹងឆ្នាំ២០២២។ តម្លៃបរិមាណផលិតមានចំនួន ១៦,៣៦ ពាន់លានដុល្លារ កើនឡើង ៥៣១ លានដុល្លារ (៣,៣៥%) បើធៀបនឹងឆ្នាំ២០២២។

ឯកឧត្តម ហែម វណ្ណឌី បានបន្តទៀតថា៖ “សម្រាប់ឆ្នាំ២០២៤ សេដ្ឋកិច្ចកម្ពុជានឹងបន្តនិន្នាការកើនឡើង ដោយរំពឹងថានឹងសម្រេចបានកំណើនក្នុងរង្វង់ ៦,៦% ដែលនឹងគាំទ្រដោយវិស័យសេដ្ឋកិច្ចសំខាន់ៗមួយចំនួន ក្នុងនោះវិស័យឧស្សាហកម្មត្រូវបានព្យាករថានឹងបន្តនិន្នាការកើនឡើងក្នុងរង្វង់ ៨.៥% ធៀបនឹងឆ្នាំ២០២៣ មានប្រមាណ ៧,៧% ដោយសារការរំពឹងទុកការងើបឡើងវិញនៃអនុ វិស័យកាត់ដេរ ស្របពេលដែលអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរនៅបន្តរក្សាបានកំណើនរឹងមាំ ដោយឡែកអនុវិស័យសំណង់នៅបន្តមានកំណើនទាប។”

ក្នុងការងារលើកកម្ពស់សហគ្រាសធុនតូច និងមធ្យម ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានសម្របសម្រួលការបង្កើតសហគ្រាសធុនតូច និងមធ្យមថ្មីចំនួន ៥.៣២៨ និងបន្តអាជ្ញាបណ្ណសហគ្រាសធុនតូច និងមធ្យមចំនួន ៥.១៥៨ នៅឆ្នាំ២០២៣។ កិច្ចខិតខំប្រឹងប្រែងទាំងនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រសួង ក្នុងការអភិវឌ្ឍសហគ្រិនភាព និងជំរុញបរិយាកាសអំណោយផលសម្រាប់កំណើនអាជីវកម្ម។

ក្នុងវិស័យទឹកស្អាត ក្រសួង បានបោះជំហានគួរឱ្យកត់សម្គាល់ ក្នុងការផលិតទឹកស្អាតសម្រាប់ទាំង ការប្រើប្រាស់តាមលំនៅឋាន និងតាមរោងចក្រ-សហគ្រាសនានា។ ការផលិត និងការផ្គត់ផ្គង់ទឹកស្អាតនៅទូទាំងប្រទេសសម្រេចបានជាង ៤៦១លានម៉ែត្រគូប កើនឡើងប្រមាណ១៦%។ នៅដំណាច់ឆ្នាំ២០២៣ រដ្ឋាករទឹកសាធារណៈ និងប្រតិបត្តិករឯកជនបានធ្វើការតភ្ជាប់បណ្តាញទឹកស្អាតសរុបចំនួន ១.៣០៧.៨១០ តំណ កើនឡើង ៨,៥% បើធៀបនឹងមួយឆ្នាំមុន ហើយប្រវែងបណ្តាញផ្គត់ផ្គង់ទឹកស្អាតបានកើនឡើង ៣.០៦៧ គីឡូម៉ែត្រ (ឬ ១១%) ដល់៣០.៣៥១ គីឡូម៉ែត្រ។ ប្រការនេះ បានធ្វើឱ្យភូមិចំនួន ៦.៥១៩ ក្នុងចំណោមតំបន់សេវាសរុប ១០.១៧៣ ភូមិទទួលបានទឹកស្អាតប្រើប្រាស់។
នៅក្នុងឆ្នាំ២០២៣ គម្រោងហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត ចំនួន ៥ ត្រូវបានបញ្ចប់។ ក្នុងនោះ ២គម្រោង ជាហិរញ្ញប្បទានឥតសំណង របស់ប្រទេសជប៉ុន ដែលស្មើ ប្រមាណ ៥០,៧០ លានដុល្លា និងគម្រោងហិរញ្ញប្បទានសម្បទាន ពីដៃគូអភិវឌ្ឍន៍នានា មានចំនួន ៣ គម្រោង ស្មើប្រមាណ ៤១៤,៩០លានដុល្លា។

ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ក្រសួងបានជំរុញយ៉ាង សកម្មនូវការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ រួមទាំងស្តង់ដារកម្ពុជា ការងារមាត្រាសាស្ត្រ និងវាយតម្លៃទទួលស្គាល់។ នៅឆ្នាំ២០២៣ ក្រសួងបានបង្កើតស្តង់ដារថ្មីចំនួន ៣៦ តាមរយៈវិទ្យាស្ថានស្តង់ដារកម្ពុជា ដែលនាំឱ្យចំនួនស្តង់ដារកម្ពុជាសរុបកើនដល់ ១.២១៦ ។ ស្តង់ដារទាំងនេះផ្តល់នូវលក្ខណៈបច្ចេកទេសសម្រាប់ផលិតផល ដំណើរការផលិតកម្ម និងសេវាកម្ម និងគាំទ្រដល់អាជីវកម្មឱ្យរីកចម្រើន ជាពិសេសបង្កើនប្រសិទ្ធភាពផលិតកម្ម កែលម្អគុណភាពផលិតផល ធានាសុវត្ថិភាពអ្នកប្រើប្រាស់ លើកកម្ពស់សុខភាព
សាធារណៈ និងគាំទ្រដល់ការលើកកម្ពស់ពាណិជ្ជកម្មក្នុងក្របខ័ណ្ឌជាតិ តំបន់ និងអន្តរជាតិ។

លើសពីនេះ ក្រសួងបានផ្តល់សេវាមាត្រា សាស្ត្រចំនួន ៩៦៦ សេវា ដែលគ្របដណ្តប់លើឧបករណ៍មាត្រាសាស្ត្រ និងទំនិញវេចខ្ចប់ចំនួន ៣៩.២៣៨។ ស្ថាប័នវាយតម្លៃទទួលស្គាល់របស់ក្រសួងក៏បានបន្តដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកគាំទ្រពាណិជ្ជកម្មក្នុងស្រុក និងអន្តរជាតិ តាមរយៈការកាត់បន្ថយចំណាយអាជីវកម្ម កាត់បន្ថយរបាំងបច្ចេកទេសពាណិជ្ជកម្ម និងរបាំងអនាម័យ និងភូតគាមអនាម័យជាដើម។វឌ្ឍនភាពសំខាន់ៗក៏ត្រូវបានសម្រេចក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ដែរ។ ក្រសួងបានប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ និងជំរុញការផ្តល់សេវាសាធារណៈតាមរយៈប្រព័ន្ធអនឡាញ។

ជាមួយនឹងការបង្កើតវិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងឆ្នាំ២០២០ ក្រសួងបានជំរុញការលើកកម្ពស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សម្រួលដល់បរិវត្តកម្មឆ្ពោះទៅរកការធ្វើពិពិតកម្មសេដ្ឋកិច្ច ដែលទទួលបានសមិទ្ធផលផ្សេងៗ រួមទាំងការបង្កើតផែនទីបង្ហាញផ្លូវ របៀបវារៈស្រាវជ្រាវជាតិ និងគោលការណ៍ណែនាំនានា រួមជាមួយនឹងការគ្រប់គ្រង និងការវាយតម្លៃលើគោលនយោបាយវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងការរៀបចំវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាជាច្រើនក្នុងវិស័យនេះ។

ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា៖ “បន្ថែមលើអទិភាពបច្ចុប្ប្នន្នក្នុងការលើកកម្ពស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងឆ្នាំ២០២៤ ក្រសួងនឹងខិតខំរៀបចំឱ្យបានជោគជ័យនូវព្រឹត្តិការណ៍ជាតិសំខាន់ៗ ដូចទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២ ដែលក្រោមប្រធានបទ «សហគ្រាសធុនតូច និងមធ្យមឆ្ពោះទៅវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» (SMEs go STI), កិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២០, កិច្ចប្រជុំគណៈកម្មាធិការអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៨៥, និងកិច្ចប្រជុំពាក់ព័ន្ធ ឱ្យទទួលបានជោគជ័យ ដើម្បីមោទនភាពជាតិ និងរួមចំណែកសម្រេចនូវអាទិភាពគន្លឹះនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ៕