តំណាង ឯកឧត្តម ចាយ បូរិន អញ្ជើញជាអធិបតីពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពីតួនាទី ភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី ៤៤

ពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពីតួនាទីភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី ៤៤ ក្រោមអធិបតីភាព ឯកឧត្តម នរៈ រតនវឌ្ឍនោ រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា តំណាងឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា នារសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួង។ 

លោក កែវ ហេង ប្រធាន នាយកដ្ឋានស្រាវជ្រាវ ផ្សព្វផ្សាយពុទ្ធសាសនាផ្សារភ្ជាប់សង្គម បានអានរបាយការណ៍ជូនឯកឧត្តម គណៈអធិបតី និងជាថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា ឲ្យបានជម្រាបថា ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ បានមើលឃើញការរៀបចំពិធីអាពាហ៍ពិពាហ៍និងពិធីបុណ្យទានផ្សេងៗខុសៗគ្នា របស់អាចារ្យដែលជាអ្នកដឹកនាំកម្មវិធីបង្កើតឲ្យមានការវែកញែក រកខុសត្រូវមិនដាច់ស្រេច ដូចនេះទើបសម្រេចបើកវគ្គបណ្ដុះបណ្ដាលតួនាទី ភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរចាត់តាំងពីឆ្នាំ២០០៩មក ដែលជាអនុសាសន៍ណែនាំប្រកបដោយ គតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រនិងជាអតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចគតិព្រឹទ្ធបណ្ឌិត ក្នុងគោលបំណងថែរក្សាលើកតម្កើងតម្លៃព្រះពុទ្ធសាសនានិងលើកស្ទួយតម្លៃវប្បធម៌ អរិយធម៌ ប្រពៃណី ទំនៀមទម្លាប់ជាតិឲ្យបានគង់វង្ស។ 

ឯកឧត្តម នរៈ រតនវឌ្ឍនោ បានមានប្រសាសន៏ថា ក្រោមការចង្អុលបង្ហាញរបស់ឯកឧត្តម រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា នៅក្នុងអាណត្តិទី៧នេះ ក្រសួងធម្មការនិងសាសនាបានបង្ហាញសកម្មភាពផ្សព្វផ្សាយសាសនាយ៉ាងផុសផុលដល់កុលបុត្រ កុលធីតាខ្មែរ ជាក់ស្តែងបានផលិតវីដេអូ ស្តីអំពីសុជីវធម៌ថ្វាយបង្គំ និងសំពះតាមប្រពៃណីខ្មែរ តាមបែបបទឲ្យបានត្រឹមត្រូវជាដើម។ 

 ឯកឧត្តម រដ្ឋលេខាធិការ បានមានប្រសាសន៏បន្តថា តាមរយៈវគ្គសិក្សានេះ សូមសិក្ខាកាមទាំងអស់ព្យាយាមសិក្សាបន្ថែមដើម្បីបំពេញចំណេះវិជ្ជាដែលមានសម្រាប់ឲ្យកាន់តែត្រឹមត្រូវ ដែលបានបង្ហាញពីអរិយធម៌ល្អសំបូរបែបរបស់ខ្មែរយើង និងសូមយកចំណេះដឹងទៅចែករំលែកទៅតាមកម្មពិធីអាពាហ៍ពិពាហ៍និងពិធីបុណ្យទានផ្សេងៗ ទៅតាមជំនាញរបស់ខ្លួនផងដែរ។ 

សូមជម្រាបជូនថា វគ្គបណ្ដុះបណ្ដាលជំនាន់ទី ៤៤ ដែលកំពុងចាប់ផ្ដើមនាពេលនេះមានសិក្ខាកាមអាចារ្យមកពីជម្រុះរាជធានី/ខេត្តទូទាំងប្រទេសចំនួន ១៩០រូប ក្នុងនោះព្រះសង្ឃ ២៤ អង្គនិងអាចារនី៨នាក់ សិក្សារយៈពេល៥ថ្ងៃ ដែលមានគ្រូឧទ្ទេសចំនួន២១រូប សិក្សាលើ១៨មុខវិជ្ជា៕