ឯកឧត្តម កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង បានរំឭកអំពីដំណើរឆ្លងកាត់របស់កម្ពុជា ក្នុងរយៈ ពេល ៤៥ឆ្នាំកន្លងមកនេះ ដែលផ្តើមចេញពីជ័យជម្នះ ៧ មករា រហូតប្រទេសកម្ពុជា បាន និងកំពុងបោះជំហានទៅមុខឥតឈប់ឈរតាម ទិសដៅត្រឹមត្រូវ ដែលជាបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនគ្រប់រូប

ដើម្បីចូលរួមលើកកម្ពស់លើកម្ពស់វិស័យព្រះពុទ្ធសាសនាឲ្យកាន់តែមានការរីកចម្រើន នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវ ប៉ែន ចន្នី រួមជាមួយនាយទាហាន និងពលទាហាន បញ្ជាការដ្ឋានអង្គរក្ស បានដង្ហែអង្គផ្កាប្រាក់ មកវេរប្រគេនព្រះសង្ឃ វត្តតុំ ស្ថិតនៅក្នុងក្រុងដូនកែវ ខេត្តតាកែវ ។
ក្នុងឱកាសនោះដែរ ឯកឧត្តម កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង ក៏បានរំឭកអំពីដំណើរឆ្លងកាត់របស់កម្ពុជា ក្នុងរយៈ ពេល ៤៥ឆ្នាំកន្លងមកនេះ ដែលផ្តើមចេញពីជ័យជម្នះ ៧ មករា រហូតប្រទេសកម្ពុជា បាន និងកំពុងបោះជំហានទៅមុខឥតឈប់ឈរតាម ទិសដៅត្រឹមត្រូវ ដែលជាបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនគ្រប់រូប ។ ៤៥ ឆ្នាំកន្លងទៅនេះ គឺជា ៤៥ឆ្នាំ នៃ សាមគ្គីភាព, វីរភាព និងជា ៤៥ឆ្នាំ នៃជ័យជម្នះរបស់ប្រជាជនកម្ពុជា ។ ថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ជាចំណុចសូន្យនៃការចាប់ផ្តើម កសាងឡើងវិញនូវរាល់សមិទ្ធផលគ្រប់បែប យ៉ាងរបស់ប្រជាជន និងសង្គមកម្ពុជា រួមទាំងអាយុជីវិត, សិទ្ធិសេរីភាព, ប្រពៃណីទំនៀម ទម្លាប់, ជំនឿ, សាសនា, លទ្ធិប្រជាធិបតេយ្យ, និងការអភិវឌ្ឍលើគ្រប់វិស័យ ដូចសព្វថ្ងៃនេះ។
កម្ពុជាដែលពីមុនត្រូវបានហែកហួរដោយសង្គ្រាម និងធ្លាប់តែល្បីជាវាលពិឃាដ ជាតំបន់អសន្តិសុខដែលគេភ័យ ខ្លាចគ្រប់គ្នា ឥឡូវបានក្លាយជារដ្ឋអធិបតេយ្យ និងឯករាជ្យ ដែលមានសុខសន្តិភាព, នីតិរដ្ឋ និងស្ថិរភាពនយោបាយ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងមានព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ គ្រងជាម្លប់ដ៏ត្រជាក់ ។ កម្ពុជាដែលពីមុនធ្លាប់ត្រូវបានដាក់ឱ្យឯកោទាំងនយោបាយ និងសេដ្ឋកិច្ច ឥឡូវបានធ្វើសមាហរណកម្មពេញលេញ ទៅក្នុងរចនាសម្ព័ន្ធនិម្មាបនកម្មតំបន់ និងសកល ព្រមទាំងបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរក្សាសណ្តាប់ធ្នាប់ និងសន្តិភាព នៅក្នុងសកលលោក ក្រោមឆត្រអង្គការសហប្រជាជាតិ ។

ឯកឧត្តមកិត្តិសង្ហហបណ្ឌិត ក៏បានរំឭកបន្ថែមអំពីស្នាដៃកន្លងមកដែលរាជរដ្ឋាភិបាលកម្ពុជាបបានកសាង ពីអតីតកាលរហូតមកដល់បច្ចុប្បន្ន ធ្លាប់បានចូលរួមក្នុងគ្រប់ដំណាក់កាល នៃការវិវត្តប្រែប្រួលរបស់ប្រទេសជាតិជាង៤៥ ឆ្នាំ រាប់ចាប់តាំងពី ដំណាក់កាល នៃការបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិក្នុង១៩៧៨ ដើម្បីរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងការទប់ស្កាត់ការវិលមកវិញនៃរបបដ៏ខ្មៅងងឹតនេះ ពីឆ្នាំ ១៩៧៩-១៩៩៨, ដំណាក់កាលនៃការអនុវត្ត នយោបាយឈ្នះ ឈ្នះ ដែលបានបញ្ចប់សង្គ្រាមស៊ីវិល និងទទួលបានឯកភាពជាតិ ឯកភាពទឹកដី, ដំណាក់កាល នៃការអនុវត្តយុទ្ធសាស្ត្រត្រីកោណ យុទ្ធសាស្ត្រចតុកោណ រហូតប្រទេសជាតិមានការអភិវឌ្ឍមកដល់បច្ចុប្បន្ន ដោយបានឈានចេញពីប្រទេសក្រីក្រ ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប ។
ឯកឧត្តម ក៏បានគូសបញ្ជាក់បន្ថែមទៀតថា រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវគោលនយោបាយជាច្រើន ដើម្បីបន្តពង្រឹង សមិទ្ធផលផ្សេងៗ និងកសាងប្រទេសឱ្យកាន់តែរីកចម្រើន ក្នុងនោះការ ចូលរួមរបស់កងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ ព្រមទាំងព្រះសង្ឃ និងប្រជាពលរដ្ឋ គ្រប់ស្រទាប់ទាំងអស់ របស់ជាតិ គឺជាកត្តាចាំបាច់បំផុតដើម្បីថែរក្សាបរិស្ថានសន្តិភាព សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ដើម្បីផ្តល់ ភាពកក់ក្តៅ និងឱកាសនៃការអភិវឌ្ឍជូនប្រជាពលរដ្ឋ ។
នាយឧ. កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង ក៏បានគូសបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នឹងបន្តជំរុញ អនុវត្តកម្មវិធីកែទម្រង់នានា សំដៅលើកកម្ពស់ ជីវភាពប្រជាពលរដ្ឋ ការការពារសុខសន្តិភាព, បូរណភាពទឹកដី, ព្រះមហាក្សត្រ, ប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ដែលកើតចេញពីឆន្ទៈពិតប្រាកដរបស់ប្រជាជនកម្ពុជា ៕
ក្នុងឪកាសនោះ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត និងលោកជំទាវ បានវេរប្រគេនគ្រឿងឧបភោគ-បរិភោគជាច្រើនមុខ និងបច្ច័យអង្គផ្កាប្រាក់ ចំនួន ១០០លានរៀល ជូនដល់ព្រះសង្ឃវត្តតុំ ដើម្បីរួមចំណែកកសាងសមិទ្ធផលនានា នៅក្នុងទីអារាមនេះឲ្យកាន់តែរីកចំរើនថែមទៀត។