សម្តេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល្ល សម្ពោធឆ្លងខ្លោងទ្វារ និងសមិទ្ធផលនានាក្នុងវត្តតាំងធ្លក ក្នុងស្រុកបាធាយ ខេត្តកំពង់ចាម

រសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល្ល ព្រះរាជាគណៈថ្នាក់ឯក ឧត្តមប្រឹក្សាគណៈមហានិកាយ ព្រះអនុប្រធានថេរសភា នៃព្រះពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា បានយាងជាព្រះអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធឆ្លងខ្លោងទ្វារ និងសមិទ្ធផលនានា នៅក្នុងវត្ត តាំងធ្លក ស្ថិតក្នុងស្រុកបាធាយ ខេត្តកំពង់ចាម។
បើតាមព្រះទេព្វានុបាល ផល សុភាព ព្រះធម្មធរអនុគណស្រុកបាធាយបានសង្ឃដិការឱ្យដឹងថា សមិទ្ធផលក្នុងវត្តតាំងធ្លក ដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះគឺមាន ខ្លោងទ្វារ និងផ្លូវបេតុង ដែលសមិទ្ធផលទាំងពីរនេះបានសាងសង់ឡើងក្រោមការរួមចំណែកពីសម្តេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទ
ថុល្ល ព្រះរាជាគណៈថ្នាក់ឯក ឧត្តមប្រឹក្សាគណៈមហានិកាយ ព្រះអនុប្រធានថេរសភា នៃព្រះពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា រួមនិងសប្បុរសជននានា សរុបជាបច្ច័យអស់ប្រមាណជាង ១៧ម៉ឺនដុល្លារអាម៉េរិក៕

ក្នុងឱកាសនេះសម្តេចធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល្ល បានមានសង្ឃដិកាថា យើងពិតជាមានមោទនភាពខ្លាំងណាស់ចំពោះការចូលរួមឧបត្ថម្ភគាំទ្រដល់ព្រះពុទ្ធសាសនានៅកម្ពុជាពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរនៅគ្រប់ទិសទី ដោយពួកគាត់បានលះបង់នូវធនធានជាបន្តបន្ទាប់ក្នុងការរួមចំណែកកសាងសមិទ្ធផលនៅតាមទីវត្តអារាមនានានៅទូទាំងប្រទេស ក្នុងនោះក៏មានវត្តតាំងធ្លក ស្ថិតក្នុងស្រុកបាធាយខេត្តកំពង់ចាមនេះផងដែរ ដោយសម្តេចបានគូសបញ្ជាក់ថា សមិទ្ធផលទាំងឡាយដែលមាននៅកម្ពុជាដូចពេលបច្ចុប្បន្ន គឺកើតចេញពីកត្តានៃសុខសន្តិភាពរបស់ប្រទេសជាតិ។ ដូច្នេះហើយសូមយើងទាំងអស់គ្នាចូលរួមក្នុងការថែរក្សាសុខសន្តិភាពនេះឱ្យបានជាប់ជានិច្ចនិរន្តន៍ ដើម្បីធ្វើការកសាង និងអភិវឌ្ឍន៍ប្រទេស ជាតិឱ្យទទួលបាននូវការរីកចំរើនរុងរឿងបន្ថែមទៀត ក្រោមម្លប់នៃសុខសន្តិភាព និងក្រោមការដឹកនាំដ៏ត្រឹមរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបន្តវេនប្រកបដោយថាមពល ដែលមានគោលនយោបាយដ៏មុតស្រួចនៅក្នុងកិច្ចការអភិវឌ្ឍន៍ប្រទេសជាតិឱ្យ
សម្រេចបានតាមគោលដៅដែលបានដាក់ចេញ ដើម្បីកែប្រែជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យបានខ្ពង់ខ្ពស់ឡើង និងការកាត់បន្ថយភាពក្រីក្រឱ្យបានជាអតិបរមា។
សម្តេចធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល្ល ក៏បានលើកឡើងផងដែរថា ចំពោះវិស័យព្រះពុទ្ធសាសនា ដែលមានតួនាទីសំខាន់មួយដែរក្នុងការអប់រំ និងការកសាង អភិវឌ្ឍន៍ប្រទេសជាតិ។ ដូច្នេះការចូលរួមក្នុងការថែរក្សាព្រះពុទ្ធសាសនានៅកម្ពុជាឱ្យបានស្ថិតស្ថេរគង់វង្ស គឺមានន័យថា យើងបានចូលរួមថែរក្សានូវជ្រុងមួយនៃការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ។