ទិដ្ឋភាពសិស្សនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ចូលរួមប្រកួតប្រជែងក្នុងការធ្វើម្ហូប នៅក្នុងកម្មវិធីពិព័រណ៍ កសិកម្ម វាលបៃតង និងអាហារ

នៅព្រឹកថ្ងៃទី២ នៃការតាំងពិព័រណ៍កសិកម្មវាលបៃតង និងអាហារ ដែលរៀបចំឡើងដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំកម្មវិធីប្រកួតម្ហូប ដោយមានការចូលរួមពីនិស្សិតចំនួន១០ក្រុមនៃសកលវិទ្យាល័យកសិកម្មចំការដូង ព្រមទាំងមានគណៈកម្មការជាតិ និងអន្តរជាតិជាច្រើនរូប ផ្តល់នូវពិន្ទុយ៉ាងសុក្រិតដល់បេក្ខជន បេក្ខនារីទាំង១០ក្រុមនេះ។
ក្រុមដែលទទួលបានជ័យលាភី នឹងទទួលបានថវិកាចំនួន ៤០០ ០០០៛ (សែសិបម៉ឺនរៀល) ព្រមទាំងរង្វាន់ជាច្រើនពីម្ចាស់ឧបត្ថម្ភក្នុងកម្មវិធីប្រកួតនេះផងដែរ។

សូមជម្រាបជូនថា កម្មវិធីតាំងពិព័រណ៍វាលបៃតង និងអាហារ នឹងមានការដាក់តាំងបង្ហាញរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង៨ព្រឹក រហូតដល់ម៉ោង៩យប់។

កម្មវិធីពិព័រណ៍កសិកម្មវាលបៃតងនិងអាហារ ខាងលើនេះ មាន គោលបំណងសំខាន់ៗ ដូចជា៖
១.ផ្សព្វផ្សាយទៅកាន់សាធារណៈជនទូទៅអំពីសកម្មភាពសំខាន់ ៗ ដែលសាកលវិទ្យាល័យបាននឹងកំពុងអនុវត្ត និងអភិវឌ្ឍន៍
២.តាំងបង្ហាញអំពីស្នាដៃសមិទ្ធផល ព្រមទាំងការលក់ផលិតផលកែច្នៃ ផ្សេងៗរបស់និស្សិតទៅកាន់សាធារណជន
៣.ការបង្កើតឱកាស ដល់លោកគ្រូ អ្នកគ្រូ និងនិស្សិតក្នុងការអនុវត្តន៍ ជាក់ស្តែងអំពី អាជីវកម្មផ្សារភ្ជាប់នឹងទីផ្សារ
៤. ចូលរួម និងបង្កើនទំនាក់ទំនងរវាង ស្ថាប័នរដ្ឋ សហគមន៍កសិកម្ម ក្រុមហ៊ុន វិស័យឯកជន និងអង្គភាព ជាដៃគូសហការជាមួយសាកលវិទ្យាល័យ ក្នុងការដាក់តាំងបង្ហាញ និងលក់ផលិតផលផ្សេងៗនៅក្នុងកម្មវិធីពិព័រណ៍។
គួរបញ្ជាក់ផងដែរថា ពិព័រណ៍កសិកម្មវាលបៃតង និងអាហារនេះនឹង ចាប់ផ្តើមបើកកម្មវិធីពិព័រណ៍នៅល្ងាចម៉ោង៥:០០នេះតទៅ។
ការដាក់តាំងបង្ហាញពិព័រណ៍នេះមានស្ដង់សរុបចំនួន 87ស្ដង់ ក្នុងនោះមានទាំងបន្លែ ផ្លែឈើ ដែលដាំក្នុងស្រុក សិប្បកកម្មកែឆ្នៃ ជាច្រើន ដែលសុតសឹងតែជាស្នាដៃកូនខ្មែរ៕