ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីនៃការប្រារព្ធទិវាវិទ្យុពិភពលោកឆ្នាំ២០២៤

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីនៃការប្រារព្ធទិវាវិទ្យុពិភពលោកឆ្នាំ២០២៤

ក្រសួងព័ត៌មាន បានប្រារព្ធរៀបចំទិវាវិទ្យុពិភពលោកឆ្នាំ២០២៤ នៅរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ នាសាលប្រជុំចតុម្មុខមង្គល ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងព័ត៌មាន និងវត្តមាន និស្សិតមកពី សកលវិទ្យាល័យ ប៊ែលធីអន្តរជាតិ ដេប៉ាតឺម៉ង់ប្រពន្ធ័ផ្សព្វផ្សាយ និងសារគមនាគមន៍ សាកលវិទ្យាល័យភ្នំពេញ និងក្រុមការងារសហភាពសហពន្ធ័យុវជនកម្ពុជា វិស័យព័ត៌មាន ។
ឯកឧត្តម តន់ យ៉ាន រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអតីតអគ្គនាយកស្ថានីយ៍វិទ្យុជាតិកម្ពុជា បានលើកឡើងនូវប្រវត្តិវិទ្យុផ្សាយសំឡេងត្រូវបានបង្កើតឡើងដំបូងបង្អស់នៅចុងសតវត្សទី១៩ ហើយវិទ្យុផ្សាយសំឡេងអង្គការសហប្រជាជាតិបង្កើតនៅឆ្នាំ១៩៤៦ ។
មហាសន្និបាតអង្កការសហប្រជាជាតិអនុម័តនៅឆ្នាំ២០១៣ ក្នុងសម័យប្រជុំលើកទី៦៧ ជាទិវាវិទ្យុផ្សាយសំឡេងអន្តរជាតិ តាមសំណើររបស់អង្គការ UNESCO ហើយត្រូវបានប្រារព្ធទិវានេះរៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០១៣ ក្នុងគោលបំណង
លើកកម្ពស់ការយល់ដឹងរបស់សាធារណជននិងប្រព័ន្ធផ្សព្វផ្សាយពីសារៈសំខាន់នៃវិទ្យុផ្សាយ សំឡេង។
ឯកឧត្តម រដ្ឋលេខាធិការ បានជម្រាបជូនដែរថា នៅកម្ពុជា បានប្រារព្វទិវាវិទ្យុផ្សាយសំឡេងអន្តរជាតិដំបូងនៅឆ្នាំ២០១៩ ហើយសម្តេចតេជោហ៊ុន សែន តែងតែផ្ញើសារអបអរសាទរជូនអ្នកសារព័ត៌មាន និងអ្នកធ្វើការក្នុងស្ថាប័នវិទ្យុផ្សាយសំឡេង។
វិទ្យុជាតិខ្មែរ RNK បង្កើតដំបូងនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ១៩៤៧ ស្ថិតនៅក្រោមអាណានិគមបារាំង ក្រោយមកនៅឆ្នាំ១៩៧៥ វិទ្យុជាតិត្រូវបានខ្មែរក្រហមប្រែឈ្មោះថា វិទ្យុកម្ពុជាប្រជាធិបតេយ្យ ។ បន្ទាប់មកទៀត វិទ្យុសំលេងប្រជាជនកម្ពុជា ត្រូវបានបង្កើតឡើងនៅថ្ងៃអាទិត្យទី០៣ ខែធ្នូ ឆ្នាំ១៩៧៨ វេលាម៉ោង៦ ព្រឹក ពោលគឺមួយថ្ងៃបន្ទាប់ពីការបង្កើតរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ។

ឯកឧត្ដម រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានធ្វើការចែក រំលែកចំណេះដឹងទាក់ទងនឹងប្រវត្តិវិទ្យុ ផ្សាយសំឡេងរបស់ពិភពលោក និងនៅកម្ពុជា ក៏ដូចជាលើកពីគុណតម្លៃនៃវិស័យសារព័ត៌មាន ជូនដល់និស្សិតដែលបានអញ្ជើញមកចូលក្នុងការប្រារព្ធទិវាវិទ្យុពិភពលោកឆ្នាំ២០២៤ នៅក្រសួងព័ត៌មាន
ឱ្យបានដឹងកាន់តែច្បាស់បម្ថែមថែមទៀត ។
ឯកឧត្ដមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា វិស័យសារព័ត៌មាន នៅតែមានសារៈសំខាន់ខ្លាំងបំផុត នៅក្នុងបរិបទបច្ចុប្បន្ន ហើយទម្រង់នៃប្រព័ន្ធផ្សព្វផ្សាយព័ត៌មានបានបែងចែកជាពីរគឺ ប្រព័ន្ធផ្សព្វផ្សាយបែបបុរាណ និងប្រព័ន្ធផ្សព្វផ្សាយទំនើប សម័យថ្មី ដែលមានន័យជាទម្រង់ផ្សព្វផ្សាយ ឌីជីថល តាមរយ:កម្មវិធីបណ្ដាញសង្គមនានានៅលើ ទូរស័ព្ទដៃឆ្នាតវៃ ។
ទោះបីជាប្រព័ន្ធផ្សព្វផ្សាយ ឌីជីថល កំពុងមានឥទ្ធិពលខ្លាំងនៅលើសកលលោក ក៏ដូចជានៅក្នុងប្រទេសកម្ពុជាក៏ដោយ ប៉ុន្តែនៅមិនអាចបោះបង់ប្រព័ន្ធផ្សព្វផ្សាយបុរាណចោលនោះឡើយ ។
ជាក់ស្ដែង វិទ្យុផ្សាយសំឡេងដែលជាប្រព័ន្ធផ្សព្វផ្សាយបុរាណ បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការផ្ដល់ព័ត៌មានដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែង ដូច្នេះហើយប្រពន្ធ័ផ្សព្វផ្សាយវិទ្យុត្រូវតែបន្តរស់នៅក្នុងបរិបទថ្មី ហើយក្រសួងព័ត៌មាន នឹងបន្តរក្សាជំហរការពារទោះបីជានៅក្នុងតម្លៃណាក៏ដោយ ព្រោះថា វិទ្យុផ្សាយសម្លេងនៅតែជាមូលដ្ឋានគ្រឹះក្នុងការផ្តល់ព័ត៌មានពិត ត្រឹមត្រូវជូនប្រជាពលរដ្ឋ ។
ទិវាវិទ្យុពិភពលោក ត្រូវបានបង្កើតក្នុងគោលបំណងជំរុញលើកកម្ពស់ការយល់ដឹងរបស់សាធារណជនពីសារសំខាន់របស់វិទ្យុក្នុងជីវភាពប្រចាំថ្ងៃ និងជាឱកាសនៃការបង្កើនទំនាក់ទំនង កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមករវាងប្រតិបត្តិករនៃស្ថាប័នវិទ្យុ ដើម្បីអភិវឌ្ឍន៍ និងធ្វើទំនើបកម្មស្ថានីយវិទ្យុឆ្លើយតបតាមតម្រូវការរបស់សាធារណជន និងការវិវត្តសង្គមនៃបច្ចេកវិទ្យាឌីជីថល ។
ឆ្នាំ២០២៤នេះ ប្រធានបទគឺ មួយសតវត្សនៃវិទ្យុក្នុងការផ្តល់ព័ត៌មាន កំសាន្ត និងអប់រំ (Radio: A Century of Information, Entertaining and Education) ។
ក្រសួងព័ត៌មាន ឆ្នាំនេះបានផ្តោតទៅលើតួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយប្រពៃណីរាប់ទាំងវិទ្យុផងដែរជាភ្នាក់ងារផ្តល់ព័ត៌មាន ការប្រាស្រ័យទាក់ទង់ ការអប់រំ និងការកំសាន្ត ព្រមទាំងលើកតម្កើងនូវគុណតម្លៃរបស់វិទ្យុក្នុងការបណ្តុះស្មារតី មនសិការ
និងមោទកភាពជាតិ លើកកម្ពស់វប្បធម៌ ប្រពៃណី ព្រមទាំងកសាងការពារសន្តិភាព និងអត្តសញ្ញាណជាតិ ៕