អភិបាលខេត្តកំពត៖ អាជ្ញាធរសមត្ថកិច្ចត្រូវទទួលខុសត្រូវលើបញ្ហាល្បែងស៊ីសង់នៅក្នុងមូលដ្ឋានរបស់ខ្លួន

អភិបាលខេត្តកំពតបានបញ្ជាឲ្យអាជ្ញាធរ សមត្ថកិច្ចជំនាញពាក់ព័ន្ធនៅក្រុងស្រុក ឃុំសង្កាត់នីមួយៗ គ្រប់គ្រងល្បែងស៊ីសងគ្រប់ប្រភេទឲ្យបានល្អប្រសើរ ហើយក្នុងករណីមិនគោរពបទបញ្ជានេះ និងត្រូវប្រឈមមុខចំពោះមុខច្បាប់ ។
ថ្លែងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត នៅរសៀលថ្ងៃទី ១៥ ខែកុម្ភៈឆ្នាំ២០២៤ នៅសាលសន្និសិទបូកគោខេត្តកំពត ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តបានមានប្រសាសន៍ថា  ដោយទទួលបានបទបញ្ជាពីសម្តេចមហាបវរធិបតី  ហ៊ុន  ម៉ាណែត  នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឲ្យត្រួតពិនិត្យជាបន្ទាន់លើទីតាំងល្បែងស៊ីសង់គ្រប់ប្រភេទ ដើម្បីរិតបន្តឹងការគ្រប់គ្រងទីតាំងបើកល្បែងឲ្យបានត្រឹមត្រូវច្បាស់លាស់នោះ ឯកឧត្តមបានបញ្ជាត្រង់ទៅអាជ្ញាធរសមត្ថកិច្ចជំនាញពាក់ព័ន្ធ នៅក្រុងស្រុក និងឃុំសង្កាត់ ត្រូវយកបទបញ្ជានេះ ទៅអនុវត្តឲ្យមានប្រសិទ្ធភាព ហើយក្នុងករណីល្មើសបទបញ្ជា និងត្រូវប្រឈមមុខជាមួយផ្លូវច្បាប់។ ម្យ៉ាងវិញទៀតក្នុងករណីមានជនណា កាងឬនៅពីក្រោយការបើកទីតាំងល្បែងស៊ីសងនោះ ត្រូវរាយការមកឯកឧត្តមផ្ទាល់។

នៅក្នុងកិច្ចប្រជុំនោះ ឯកឧត្តមអភិបាលខេត្តក៏បានណែនាំឲ្យពិនិត្យឡើងវិញ ទៅលើការងារបទល្មើសទម្ងន់ផ្លូវ (ការដឹកទំនិញលើសទម្ងន់កំណត់)  បទល្មើសស្តីពីច្បាប់ការពារធនធានធម្មជាតិជាដើម។  ឯកឧត្តមអភិបាលខេត្តបានលើកទឹកចិត្តដល់អាជ្ញាធរ សមត្ថកិច្ច បន្តគ្រប់គ្រងលើភូមិសាស្ត្រ៣  ទី១.សន្តិសុខសណ្តាប់ធ្នាប់ ទី២.ភូមិសាស្ត្ររដ្ឋបាល និងទី៣ ភូមិសាស្ត្រនយោបាយឲ្យបានកាត់តែល្អប្រសើរ៕