សម្តេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល្ល សម្ពោធឆ្លងខ្លោងទ្វារវត្តសំរិទ្ធិជ័យ ហៅវត្តខ្នារ ស្ថិតក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម

ព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ សម្តេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល្ល ព្រះរាជាគណៈថ្នាក់ឯក ឧត្តមប្រឹក្សាគណៈមហានិកាយ ព្រះអនុប្រធានថេរសភា នៃព្រះពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា បានយាងជាព្រះអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធឆ្លងខ្លោងទ្វារវត្តសំរិទ្ធិជ័យ ហៅវត្តខ្នារ ស្ថិតក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម
បើតាមព្រះវិចិត្រកោវិទ ពុំ ម៉ៅ ព្រះគ្រូអនុគណស្រុកជើងព្រៃបានឱ្យដឹងថា វត្តសំរិទ្ធិជ័យ ត្រូវបានកកើតឡើងក្នុងឆ្នាំ១៩០៩ កសាងដោយព្រះគ្រូចៅអធិការព្រះនាម កើត តែវត្តមួយនេះត្រូវបានបំផ្លិចបំផ្លាញក្នុងសម័យ ប៉ុល ពត។ បន្ទាប់ពីរបប ប៉ុល ពត ត្រូវបានបញ្ចប់ រដ្ឋបានអនុញ្ញាតឱ្យបើកវត្តឡើងវិញ ពុទ្ធបរិស័ទចំណុះជើងវត្តបានប្រគល់ភារកិច្ចប្រគេនព្រះគ្រូសូត្រស្តាំ ព្រះនាម ម៉ែន បឿន ជាអ្នកកសាងវត្ត មួយរយៈខ្លីព្រះអង្គក៏បានលាចាកសិក្ខាបទទៅ។ នៅក្នុងឆ្នាំ១៩៨៤ ត្រូវបានតែងតាំងព្រះអង្គគ្រូ ប៉ែន ម៉កជាព្រះចៅអធិការក្នុងការដឹកនាំ គ្រប់គ្រង ព្រះសង្ឃ និងសម្បត្តិគរុភណ្ឌជាបន្ត។ នៅពេលនោះ ព្រះចៅអធិការ
គណៈកម្មការ អាចារ្យ បានដឹកនាំសាងសង់ព្រះវិហារបង្ហើយក្នុងឆ្នាំ២០០០ និងបានបញ្ចុះខណ្ឌសីមារួច
រាល់។ លុះមកដល់ឆ្នាំ ២០០៤ ព្រះអង្គគ្រូ ប៉ែន ម៉ក់ បានទទួលអនិច្ចធម្ម។ នៅឆ្នាំ២០០៤ ដដែលនេះ
គណៈកម្មការ អាចារ្យ និងពុទ្ធបរិស័ទបានស្នើតែងតាំងព្រះតេជគុណ សៀន សេត ជាព្រះចៅអធិការវត្ត រហូតដល់សព្វថ្ងៃនេះ ដែលក្នុងនោះព្រះអង្គបានកសាងសមិទ្ធផលជាច្រើននៅក្នុងវត្តសំរិទ្ធិជ័យ ហៅវត្តខ្នារនេះ។ កាលពីឆ្នាំ២០១៩ សម្តេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល្ល ព្រះមុនីកោសល ម៉ង់ គឹមសន បានផ្តល់ជាសទ្ធាជ្រះថ្លា ដោយបានផ្តួចផ្តើម និងដឹកនាំពុទ្ធបរិស័ទនៅរាជធានីភ្នំពេញដង្ហែអង្គកឋិនទានសាមគ្គី ដើម្បីកសាងខ្លោងទ្វារធំមួយ ដែលត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះដែលបានសាងសង់គិតជាទឹកប្រាក់អស់ចំនួន ២៥,០០០ដុល្លារអាមេរិក។ ខ្លោងទ្វារនេះត្រូវបានផ្ដើមកសាងដោយសម្តេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល្ល និងព្រះមុនីកោសល ម៉ង់ គឹមសន រួមទាំងពុទ្ធបរិស័ទចំណុះជើងវត្តជម្ពូវ័ន វត្តពោធិ៍ចិនតុង និងពុទ្ធបរិស័ទជិតឆ្ងាយទាំងក្នុង និងក្រៅប្រទេស។
ក្នុងឱកាសនេះសម្តេចធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល្ល បានមានសង្ឃដិកាថា យើងពិតជាមានមោទនភាពខ្លាំងណាស់ចំពោះការចូលរួមឧបត្ថម្ភគាំទ្រដល់ព្រះពុទ្ធសាសនានៅកម្ពុជាពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរនៅគ្រប់ទិសទី ដោយពួកគាត់បានលះបង់នូវធនធានជាបន្តបន្ទាប់ក្នុងការរួមចំណែកកសាងសមិទ្ធផលនៅតាមទីវត្តអារាមនានានៅទូទាំងប្រទេស ក្នុងនោះក៏មានវត្តសំរិទ្ធិជ័យ ហៅវត្តខ្នារ ស្ថិតក្នុងស្រុកជើងព្រៃខេត្តកំពង់ចាមនេះផងដែរ ដោយសម្តេចបានគូសបញ្ជាក់ថា សមិទ្ធផលទាំងឡាយដែលមាននៅកម្ពុជាដូចពេលបច្ចុប្បន្នគឺកើតចេញពីកត្តានៃសុខសន្តិភាពរបស់ប្រទេសជាតិ។ ដូច្នេះហើយសូមយើងទាំងអស់គ្នាចូលរួមក្នុងការថែរក្សាសុខសន្តិភាពនេះឱ្យបានជាប់ជានិច្ចនិរន្តន៍ ដើម្បីធ្វើការកសាង និងអភិវឌ្ឍន៍ប្រទេស ជាតិឱ្យទទួលបាននូវការរីកចំរើនរុងរឿងបន្ថែមទៀត ក្រោមម្លប់នៃសុខសន្តិភាព និងក្រោមការដឹកនាំដ៏ត្រឹម របស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបន្តវេនប្រកប ដោយថាមពល ដែលមានគោលនយោបាយដ៏មុតស្រួចនៅក្នុងកិច្ចការអភិវឌ្ឍន៍ប្រទេសជាតិឱ្យសម្រេចបានតាមគោលដៅដែលបានដាក់ចេញ ដើម្បីកែប្រែជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យបានខ្ពង់ខ្ពស់ឡើង និងការកាត់បន្ថយភាពក្រីក្រឱ្យបានជាអតិបរមា។
សម្តេចធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល្ល ក៏បានលើកឡើងផងដែរថា ចំពោះវិស័យព្រះពុទ្ធសាសនាក៏មាន តួនាទីសំខាន់មួយដែរក្នុងការអប់រំ និងការកសាង អភិវឌ្ឍន៍ប្រទេសជាតិ។ ដូច្នេះការចូលរួមក្នុងការថែរក្សា ព្រះពុទ្ធសាសនានៅកម្ពុជាឱ្យបានស្ថិតស្ថេរគង់វង្ស គឺមានន័យថា យើងបានចូលរួមថែរក្សានូវជ្រុងមួយនៃការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ដែលជ្រុងមួយនោះគឺព្រះពុទ្ធសាសនានេះឯង៕