ការប្រឡងថ្នាក់ជាតិជ្រើសរើសនិស្សិតចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន សម្រាប់កម្រិតបរិញ្ញាបត្រ នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាលឆ្នាំសិក្សា២០២៣-២០២៤

គណៈកម្មាធិការប្រទ្បងថ្នាក់ជាតិបានរៀបចំកិច្ចប្រជុំ ការប្រឡងថ្នាក់ជាតិជ្រើសរើសនិស្សិតចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន សម្រាប់កម្រិតបរិញ្ញាបត្រ នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល ក្រោម អធិបតីភាពឯកឧត្តម សុក ផេង រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការប្រឡង ថ្នាក់ជាតិសម្រាប់ការបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល ដែលបានប្រារព្ធធ្វើនៅ សាលសហសិក្សា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ)។

ការប្រឡងថ្នាក់ជាតិជ្រើសរើសនិស្សិតចូលរៀននេះ រៀបចំឡើងក្នុងគោលបំណងដើម្បីជ្រើសរើស និស្សិតពូកែ មានសមត្ថភាពខ្ពស់ចូលរៀនក្នុងវិស័យសុខាភិបាល ដើម្បីរួមចំណែកផលិតធនធានមនុស្សក្នុង វិស័យសុខាភិបាលប្រកបដោយសមត្ថភាព និងគុណភាពខ្ពស់។ នេះបើតាមសេចក្តីជូនដំណឹងលេខ១៦២/២៣ គបជ ចុះថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ស្តីពីការប្រឡងថ្នាក់ជាតិជ្រើសរើសនិស្សិតចូលរៀនថ្នាក់ឆ្នាំសិក្សា មូលដ្ឋានសម្រាប់កម្រិតបរិញ្ញាបត្រ និងថ្នាក់ឆ្នាំទី១ សម្រាប់កម្រិតបរិញ្ញាបត្ររង នៅតាមគ្រឹះស្ថានបណ្តុះ បណ្តាលក្នុងវិស័យសុខាភិបាល ឆ្នាំសិក្សា២០២៣-២០២៤ មានបេក្ខជនចំនួន៩ ៨១៤នាក់ បានដាក់ ពាក្យចូលរួមប្រឡង ក្រោយពីបានពិនិត្យលើឯកសារពាក្យសុំរបស់បេក្ខជន គណៈកម្មាធិការប្រឡងថ្នាក់ ជាតិសម្រេចឱ្យបេក្ខជនចំនួន៩ ៧៧៤នាក់ អាចមានសិទ្ធិចូលរួមប្រឡងបាន។

បើតាមរបាយការណ៍បានឲដឹងថា ថ្នាក់ដឹកនាំ និងមន្ត្រីមកពីទីស្ដីការគណៈរដ្ឋមន្ត្រី ក្រសួងសុខាភិបាល ក្រសួងអប់រំ យុវជន និង កីឡា គ្រប់គ្រឹះស្ថានបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាលទាំងសាធារណៈ និងឯកជនត្រូវបានចាត់តាំង ចូលរួមក្នុងគណៈកម្មការ និងអនុគណៈកម្មការនានា សរុបចំនួន១៩៦៥នាក់ សម្រាប់គ្រប់គ្រង និង ដំណើរការប្រឡងសំណេរ កំណែ និងប្រកាសលទ្ធផល។ ការប្រឡងនេះមានការចូលរួមសង្កេតការណ៍ពី អង្គភាពប្រឆាំងអំពើពុករលួយផងដែរ។

សម្រាប់ចំនួនបេក្ខជនដែលបានចូលប្រទ្បងមាន៖

• ថ្នាក់វេជ្ជបណ្ឌិតទូទៅ ៣៩៨៩នាក់

• ថ្នាក់បរិញ្ញាបត្រឱសថ ២៨៩៦នាក់

• ថ្នាក់ទន្តបណ្ឌិតទូទៅ ៧៦៤នាក់

• ថ្នាក់បរិញ្ញាបត្រគិលានុបដ្ឋាក ១៦៦៩នាក់

• ថ្នាក់បរិញ្ញាបត្រឆ្មប ៤០៩នាក់

• ថ្នាក់បរិញ្ញាបត្រព្យាបាលដោយចលនា ៤៨នាក់

ចំនួនសរុប ៩៧៧៦នាក់។

សូមបញ្ជាក់ថា ការប្រឡងនេះនឹងប្រព្រឹត្តទៅរយៈពេលពីរ ថ្ងៃគឺ នៅថ្ងៃទី១៧ និងទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅមណ្ឌលប្រឡងសំណេរចំនួនបួនទីតាំងផ្សេងៗគ្នាគឺ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ វិទ្យាល័យបាក់ទូក វិទ្យាល័យជាស៊ីម សន្ធរម៉ុក និងវិទ្យាល័យឥន្ទ្រទេវី។

ការប្រឡងនេះនឹងប្រព្រឹត្ត នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤៖ ◦ចាប់ពីម៉ោង១៣ និង៣០នាទី ដល់ម៉ោង១៥ និង០០នាទី ប្រឡងមុខវិជ្ជាជីវៈវិទ្យា

◦ចាប់ពីម៉ោង៣រសៀលនិង៣០នាទី ដល់ម៉ោង៥ល្ងាច សម្រាប់ការប្រឡងមុខវិជ្ជាគីមីវិទ្យា និងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤

ចាប់ពីម៉ោង២រសៀល ដល់ម៉ោង៤ល្ងាច សម្រាប់ការប្រឡងមុខវិជ្ជាគណិតវិទ្យា។