រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មកជម្រាបជូនគណៈកម្មការរដ្ឋសភាអំពីផែនការអាទិភាពនៃការអភិវឌ្ឍន៍វិស័យសាធារណការ ដឹកជញ្ជូន

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មកជម្រាបជូនគណៈកម្មការរដ្ឋសភាអំពីផែនការអាទិភាពនៃការអភិវឌ្ឍន៍វិស័យសាធារណការ ដឹកជញ្ជូន

គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា (គណៈកម្មការទី៩) ដឹកនាំដោយ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការ
ព្រមទាំងតំណាងមកពីគណៈកម្មការជំនាញផ្សេងៗទៀតនៃរដ្ឋសភា នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងសហការី មកកាន់វិមានរដ្ឋសភា ដើម្បីជម្រាបជូនគណៈកម្មការរដ្ឋសភាពីលទ្ធផលការងារសំខាន់ៗរបស់ក្រសួងដែលសម្រេចបាន និងផែនការអាទិភាពនៃការអភិវឌ្ឍវិស័យសាធារណការ និងដឹកជញ្ជូន និងទិសដៅដែលក្រសួងត្រូវអនុវត្តបន្តសម្រាប់នីតិកាលទី៧។

នៅក្នុងកិច្ចពិភាក្សានេះ ឯកឧត្តម ប៉េង ពោធិ៍នា បានជម្រាបជូនគណៈកម្មការរដ្ឋសភាថា រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលមានក្រសួងសាធារណការ និងដឹកជញ្ជូន ដែលជាសេនាធិការ បានរួមចំណែកអនុវត្តន៍គោលនយោបាយ និងយុទ្ធសាស្ត្រគ្រប់ដំណាក់កាលរបស់រាជរដ្ឋាភិបាល ជាមួយនឹងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមលើគ្រប់វិស័យ ក្រសួងបានខិតខំបំពេញបេសកកម្មរបស់ខ្លួនយ៉ាងសកម្ម ដោយបានសម្រេចនូវសមិទ្ធផលសំខាន់ថ្មីៗជាច្រើនលើការរៀបចំគោលនយោបាយនិងផែនមេ ច្បាប់ លិខិតបទដ្ឋានគតិយុត្ត បទដ្ឋានបច្ចេកទេសផ្លូវថ្នល់ ស្ពាន ផ្លូវដែក ជាពិសេសក្រសួងកំពុងតែរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងផ្លូវទឹក។

ឯកឧត្តម ប៉េង ពោធិ៍នា បានបន្តថាចក្ខុវិស័យរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន គឺការលើកកម្ពស់សេវាកម្មដឹកជញ្ជូន ការតភ្ជាប់ការដឹកជញ្ជូនពហុមធ្យាបាយភស្តុភារកម្ម និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន។ ក្រសួងបានពង្រឹងការប្រើប្រាស់បច្ចេកវិទ្យាទំនើបនិងឌីជីថល ដូចជាបានដាក់ឱ្យដំណើរការ កម្មវិធី Road Care Report Pothole កម្មវិធី Cambodia Driving Rules កម្មវិធីតាមដានសេវាសាធារណៈ កិច្ចសហការនិងចែករំលែកប្តូរទិន្នន័យប្រឆាំងការប្រើប្រាស់ឯកសារក្លែងក្លាយ ប្រព័ន្ធជញ្ជីងឆ្លាតវៃ ប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីយានយន្ត ផ្លាកលេខពិសេសនិងពិសេសផ្ទាល់ខ្លួន កម្មវិធីដកពិន្ទុនិងផាកពិន័យ មជ្ឍមណ្ឌលសេវាទិន្នន័យ Data Center កាមេរ៉ាចាប់ល្បឿនលើផ្លូវជាតិលេខ៣ចំនួន១០ទីតាំង និងកម្មវិធី MPWT News ការបង្កើតមជ្ឈមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសជាច្រើនកន្លែងនៅទូទាំងប្រទេស និងការរៀបចំរចនាសម្ព័ន្ធអង្គការលេខរបស់ក្រសួង ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ។

លោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តមរដ្ឋមន្ត្រី ព្រមទាំងសហការីទាំងអស់ក្នុងក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានខិតខំយកចិត្តទុកដាក់បំពេញការងារ និងតួនាទីប្រកបដោយវិជ្ជាជីវៈ និងប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការបន្តមរតកសមិទ្ធផល នៃបិតាសន្តិភាពរបស់កម្ពុជា គឺ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលសម្តេចតេជោបានតស៊ូលះបង់គ្រប់បែបយ៉ាងដើម្បីរំដោះជាតិ និងអភិវឌ្ឍប្រទេសរហូតដល់ទទួលបានឯកភាពជាតិ និងសុខសន្តិភាពពេញលេញ ហើយបានបន្តដំណើរមកដល់សហសម័យកម្ពុជា ដែលជាយុគសម័យទំនើបនៃការបន្តដំណើររីកចម្រើនទៅមុខ ព្រមទាំងការដាក់ចេញនូវផែនការសកម្មភាពការងារ និងទិសដៅការងារបន្ត ដើម្បីឈានទៅសម្រេចបានសន្ទុះនៃកំណើនសេដ្ឋកិច្ច និងកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា២០៥០ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕