ឯកឧត្ដម ខាន់ ខុន អនុរដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្ស មុននិងថ្ងៃទិវានៃសេចក្ដីស្រឡាញ់

ឯកឧត្ដម ខាន់ ខុន អនុរដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនានិងជាប្រធានសមាគមគ្រីស្ទបរិស័ទក្នុងសន្តិភាព បានអញ្ជើញជាអធិបតី ក្នុងពិធី ជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្ស មុននិងថ្ងៃ ទិវានៃសេចក្ដីស្រឡាញ់ ដើម្បីលើកទឹកចិត្តដល់យុវជន ក្នុងគោលដៅជំរុញ តម្រង់ទិស ដល់ សិស្សានុសិស្ស ដែលត្រៀមនឹងបញ្ចប់ថ្នាក់ទី១២ នៅវិទ្យាល័យចំនួន៤ នាខេត្តកំពង់ធំ។

នៅក្នុងពិធីនោះ ឯកឧត្ដម អនុរដ្ឋលេខាធិការ បានផ្តាំផ្ញើរដល់សិស្សានុសិស្ស បន្តខិតខំធ្វើយ៉ាងណាប្រឹងប្រែសិក្សារៀនសូត្រ ហើយត្រូវកើនរំលឹកខ្លួនឯងជាប្រចាំថា ( ខ្លួនជាមនុស្ស អាចធ្វើបាន ) បើទោះបីជាគ្រួសារខ្វះលទ្ធភាពក្នុងការឲ្យយើងបន្តការសិក្សា ឬកត្តាជីវភាពក្នុងការរស់នៅប្រចាំថ្ងៃក្ដី កត្តារបស់ឪពុកម្ដាយក៏ដោយ ធ្វើយ៉ាងណាព្យាយាមជួយខ្លួនឯង ដោយខិតខំប្រឹងប្រែង រៀនសូត្រនិងបន្តការសិក្សា ដល់ចប់ថ្នាក់ទី១២ នឹងឈានទៅបន្តនៅសាកលវិទ្យាល័យ យ៉ាងហោចណាស់ ។ ការធ្វើបែបនេះទើបយើងអាចជួយ ខ្លួនឯង គ្រួសារ និងសង្គមជាតិ ឲ្យរួចផុតពីភាពក្រីក្រ (ទាំងចំណេះដឹង និងទ្រព្យសម្បត្តិ ) ។ ម្យ៉ាងវិញទៀត ក្នុងនាមជា គ្រីស្ទបរិស័ទ ឯកឧត្តម ខាន់ ខុន បានធ្វើបន្ទាល់ពីភាពលំបាកនៃជីវិតរបស់លោកដែលជាក្មេងកំព្រាម្តាយ និងគ្មានអ្នកទីពឹង រស់នៅតែលតោលម្នាក់ឯង ប្រាប់ដល់សិស្សានុសិស្ស ហើយលោកបាន អរគុណដល់ព្រះយេស៊ូវគ្រីស្ទ ដែលបានប្រទានពរដល់លោក ទើបជីវិតរបស់លោកមានបានដល់សព្វថ្ងៃនេះ។

ការខិតខំប្រឹងប្រែងទាំងអស់នេះ គឺបានមកពីការរួមសហការ របស់គ្រីស្ទបរិស័ទ ដឹកនាំសម្របសម្រួលដោយ លោក ឃិនត វិបុល ប្រធាន អង្គការផ្លូវជីវិត លូថេរាននៃកម្ពុជា ដើម្បីលើកស្ទួយ ជួយដល់យុវជន ក្នុងការតម្រង់ទិស តម្រង់គោលដៅ ស្របទៅនឹង គោលនយោបាយរបស់រាជរដ្ឋាភិបាល ជាអាទិ៍ ការសិក្សាលើវិស័យ ឌីជីថល នឹងការបំរែខ្លួន ទៅតាមបរិបទនៃពេលវេលានៅក្នុងយុគ្គសម័យទំនើប របស់មនុស្សជាតិ ។

វិទ្យាល័យទាំង៤នេះ ក្នុងនោះមានសិស្សទាំងបីកម្រិត មានថ្នាក់ទី១០ ថ្នាក់ទី១១ ថ្នាក់ទី១២ សរុបប្រមាណ៤,០០០នាក់ជាង ស្ថិតនៅ៖
១.វិទ្យាល័យ ទ្រៀល ចំនួន ១០០០នាក់ជាង ។
២.វិទ្យាល័យកំពង់ថ្ម ចំនួន ៧០០នាក់ជាង ។
៣. វិទ្យាល័យ ជាស៊ីមកំពង់ថ្ម ចំនួន ១០០០នាក់ជាង ។
៤. វិទ្យាល័យ បារាយណ៍ ចំនួន ១៣០០នាក់ជាង ។

ក្នុងនោះដែលនាឱកាសនៃទិវានៃក្ដីស្រឡាញ់ ឯកឧត្ដម និងវាគ្មិន ជាច្រើនរូប បានគូសបញ្ជាក់ ដល់យុវជន គ្រប់ៗគ្នាថា សូមកុំមានការយល់ច្រឡំ យកថ្ងៃ នៃក្ដីស្រឡាញ់ ធ្វើជាឱកាស ក្នុងការទំនាក់ទំនង ស្នេហា ឬ ប្រព្រឹត្ត ប្រាសចាកសីលធម៌ ប្រពៃណីក្នុងសង្គមឱ្យសោះ ។ តែផ្ទុយមកវិញ ត្រូវយក ឱកាស « ទិវានៃសេចក្ដីស្រឡាញ់ » នេះ ទៅបង្ហាញចំពោះ យាយ តា ចាស់ទុំនានា មាតាបិតា លោកគ្រូ អ្នកគ្រូ ឬក្នុងក្រុមគ្រួសារ ដើម្បីបញ្ជាក់ ពីទង្វើរបស់ពួកគាត់ដែលបានមើលថែរក្សាយើងកន្លងមក។ ធ្វើបែបនេះទើបស្របទៅ នឹងព្រះបន្ទូលព្រះយេស៊ូគ្រីស្ទ មានព្រះបន្ទូលថា (ក្មេងរាល់គ្នាអើយ ចូរស្តាប់បង្គាប់ មាតា បិតាខ្លួន ក្នុងព្រះអម្ចាស់ដ្បិត ធ្វើដូច្នោះទើបបានត្រូវ) ជាពិសេសយុវជន ក៏គួរតែអនុវត្ត ជារៀងរាល់ថ្ងៃកាន់តែប្រសើរ កុំចាំតែថ្ងៃ ទិវានៃសេចក្ដីស្រឡាញ់ ការថ្លែងបែបនេះ ក្នុងជំនួបសំណេះសំណាលសិស្សានុសិស្ស ចំនួន១,៧០០នាក់ ក្នុងខេត្តកំពង់ធំ ៕