កម្ពុជា ឥណ្ឌូនេស៊ី អនុវត្តMoU សិក្សាបង្កើតគោលដៅទេសចរណ៍សម្ព័ន្ធមេត្រី

ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបពិភាក្សាជាមួយឯកឧត្តម Santo Darmosumarto ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីទើបតែងតាំងថ្មីប្រចាំនៅកម្ពុជា កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការ ក្រសួងទេសចរណ៍ ក្នុងជំនួបនេះ ភាគីទាំងពីរ បានពិភាក្សាអភិវឌ្ឍន៍គោលដៅទេសចរណ៍រវាងប្រទេសទាំងពីរ និងពិនិត្យពិចារណាការបង្កើតគោលដៅទេសចរណ៍សម្ព័ន្ធមេត្រីភាព Sister Destination ដើម្បីផ្តល់អត្ថប្រយោជន៍ឲ្យគ្នាទៅវិញទៅមក។

ឯកឧត្តម រដ្ឋមន្ត្រី សុខ សូកេន ថ្លែងថា នៅក្នុងដំណើរការឯកភាពគ្នា នឹងពិនិត្យពិចារណាសិក្សាបង្កើតគោលដៅទេសចរណ៍សម្ព័ន្ធមេត្រី កម្ពុជា ឥណ្ឌូនេស៊ីនេះ គឺនឹងជំរុញការតភ្ជាប់គោលដៅទេសចរណ៍ពីឥណ្ឌូនេស៊ី មកកម្ពុជា និងពីកម្ពុជាទៅប្រទេសឥណ្ឌូនេស៊ី ហើយនឹងជំរុញការផ្តល់អត្ថប្រយោជន៍ និងផ្តល់ផលចំនិញឲ្យគ្នាទៅវិញទៅមក ក្នុងវិស័យទេសចរណ៍។

ឯកឧត្តម រដ្ឋមន្ត្រី ថ្លែងថា បច្ចុប្បន្នកម្ពុជា បានអនុម័តរួចហើយ ការរៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍ម៉ូស្លីម ហើយតាមរយៈការអនុវត្តផែនការនេះ នឹងបង្កើនការទាក់ទាញទេសចរណ៍ម៉ូស្លីមនៅតាមបណ្តាប្រទេសនានា មកទស្សនាកម្ពុជា កាន់តែប្រសើរឡើង ។

នៅក្នុងដំណើរការអនុវត្តយុទ្ធនាការកម្មវិធីផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន និងយុទ្ធនាការឆ្នាំ២០២៤ជាឆ្នាំទស្សនាខេត្តសៀមរាប របស់ក្រសួងទេសចរណ៍ ឯកឧត្តម Santo Darmosumarto បានបង្ហាញការតាំងចិត្តនឹងចូលរួមឲ្យបានសកម្មនៅក្នុងដំណើរការអនុវត្តយុទ្ធនាការនេះ និងជំរុញការអភិវឌ្ឍន៍វិស័យទេសចរណ៍ បង្កើនការតភ្ជាប់ជើងហោះត្រង់កម្ពុជា ឥណ្ឌូនេស៊ីឲ្យមានកំណើនឡើងវិញជាដើម។

សូមបញ្ជាក់ថា នៅឆ្នាំ២០២៣ កម្ពុជា ទទួលបានទេសចរអន្តរជាតិសរុបមកទស្សនាប្រមាណ៥លាន៤៥ម៉ឺននាក់ ក្នុងទេសចរឥណ្ឌូនេស៊ីមកទស្សនាកម្ពុជាមានប្រមាណជិត១៣ម៉ឺននាក់ និងបានស្ថិតក្នុងលំដាប់ទី៧ បន្ទាប់ពីទេសចរអន្តរជាតិមកពីប្រទេសកូរ៉េខាងត្បូង ៕