ឯកឧត្តម ឡាវ វ៉ាន់ លើកទឹកចិត្តដល់សិស្សានុសិស្សបញ្ចប់ថ្នាក់បឋមសិក្សាប្រឹងប្រែងបន្តការសិក្សានៅថ្នាក់អនុវិទ្យាល័យ

ឯកឧត្តម ឡាវ វ៉ាន់ លើកទឹកចិត្តដល់សិស្សានុសិស្សបញ្ចប់ថ្នាក់បឋមសិក្សាប្រឹងប្រែងបន្តការសិក្សានៅថ្នាក់អនុវិទ្យាល័យ

…………

 ឯកឧត្តម ឡាវ វ៉ាន់  បានជំរុញ និងលើកទឹកចិត្តដល់សិសសិស្សានុសិស្ស ទាំងអស់ដែលបញ្ចប់បឋមសិក្សា ត្រូវបន្តកិច្ចខិតខំប្រឹងប្រឹងប្រែងទៅលើការសិក្សាថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យ ដើម្បីអនាគតរបស់ខ្លួន គ្រួសារ និងសង្គមជាតិ ។ 

ការលើកឡើងរបស់ ឯកឧត្តម ឡាវ វ៉ាន់ រដ្ឋលេខាធិការក្រសួងសាធារណៈ ការនិងដឹកជញ្ជូន កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅក្នុងឱកាសអញ្ជើញប្រគល់សម្ភារសិក្សាជូនដល់សិស្សានុសិស្សចំនួន៩៥រូប ដែលក្នុងនោះមាន៧៨រូបរៀនថ្នាក់ទី៦ និង១៧រូបជាក្មេងកំព្រា នៅសាលាបឋមសិក្សា ហ៊ុន សែន ព្រៃទទឹងស្ថិតនៅក្នុងឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ។ 

ក្នុងនាមអាណាព្យាបាលសិស្សចំនួន៩៥រូប លោក វ៉ង សាទៀង បានគូសរំលេចពីសាវតានៃការទទួលជំនួយនាថ្ងៃនេះថា កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅក្នុងពេលដែលឯកឧត្តម ឡាវ វ៉ាន់ បំពេញទស្សនកិច្ចនៅក្រុងឈានចូវដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយភាពវាងវៃនិងគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការរឹតចំណងសាមគ្គីភាពរវាងប្រជាជនកម្ពុជានិងចិន ដែលជាពិសេសផ្តោតលើការទាក់ទាញវិនិយោគិនចិនមកបណ្តាក់ទុននិងទេសចរជនជាតិចិនមកទស្សនាកម្ពុជា។ 

ឯកឧត្តម ឡាវ វ៉ាន់ រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូនក៏បានឆ្លៀតឱកាសឧទ្ទេសនាមពីស្ថានភាពរបស់សិស្សានុសិស្សដែលកំពុងសិក្សា នៅសាលាបឋមសិក្សា ហ៊ុន សែនព្រៃទទឹងជូនដល់លោក Wang Jianxin សមាជិកសមាគមពាណិជ្ជកម្មក្រុងឈានចូវប្រចាំកម្ពុជា ដែលជាលទ្ធផល ជនជាតិចិនចំនួន៧គ្រួសារ បានមកបំពេញទស្សនកិច្ចកម្ពុជាក្រោមការរៀបចំរបស់លោក Wang Jianxin និងបានផ្តល់អំណោយជាសម្ភារសិក្សាដល់សិស្ស៩៥រូបដែលក្នុងម្នាក់ៗទទួលបានកាតាបស្ពាយ១ កាបូបប៊ិក១ បន្ទាត់១ឈុត ទឹកលុប៦ដើម ហ្វឺតហាយឡាយ៤ដើម ប៊ិក៥ដើម រូបគំនូរផែនដាចំនួន៥សន្លឹក ឃ្នាបសៀវភៅចំនួន៤ និងក្របសៀវភៅចំនួន៥សន្លឹក។ 

ជាការឆ្លើយតប លោក Wang Jianxin បានថ្លែងនូវការកោតសរសើរចំពោះឯកឧត្តម ឡាវ វ៉ាន់ ដែលបានសម្របសម្រួលដល់ក្រុមគ្រួសារជនជាតិចិនទាំង៧គ្រួសារមកទស្សនកិច្ចកម្ពុជាដើម្បីឈ្វេងយល់ពីឱកាសនៃការវិនិយោគក្នុងប្រទេសកម្ពុជា ព្រមទាំងទទួលបានឱកាសចូលរួមនៅក្នុងរង្វង់នៃសកម្មភាពលើកកម្ពស់ការសិក្សាជូនដល់សិស្សានុសិស្សទាំង៩៥រូបនៅក្នុងសាលាបឋមសិក្សាព្រៃទទឹងថែមទៀត។ ក្នុងឆន្ទៈបន្តការលើកទឹកចិត្តដល់ការសិក្សារបស់សិស្សានុសិស្សដែលនឹងបញ្ចប់ការសិក្សាកម្រិតបឋមសិក្សានៅក្នុងសាលាបឋមសិក្សា ហ៊ុន សែន ព្រៃទទឹង នឹងគ្រោងបន្តការសិក្សានៅអនុវិទ្យាល័យ ឯកឧត្តម ឡាវ វ៉ាន់ បានលើកទឹកចិត្តដល់លោក Wang Jianxin ឱ្យបន្តកិច្ចសហការជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្អាងក្នុងការចូលរួមបំពេញបាននូវតម្រូវការជាក់ស្តែងរបស់សិស្សានុសិស្សដែលកំពុងសិក្សានៅក្នុងស្រុកស្អាងនិយាយរួម នៅក្នុងឃុំខ្ពបនិយាយដោយឡែក។ 

បន្ថែមពីលើនេះ ឯកឧត្តម ឡាវ វ៉ាន់ ក៏បានផ្តល់ការលើកទឹកចិត្តដោយបានផ្តល់មីជាតិចំនួន៤៧កេសដល់ក្រុមប្រឹក្សាឃុំខ្ពប មេភូមិ-អនុភូមិ នាយកសាលា ប៉ុស្តិ៍នគរបាលគណៈគ្រប់គ្រង និងលោកគ្រូ-អ្នកគ្រូនៅសាលាបឋមសិក្សា  ហ៊ុន  សែន  ព្រៃទទឹង  និងប្រជាការពារផងដែរ ។ បន្ថែមពីនេះ ឯកឧត្តម ឡាវ វ៉ាន់ ក៏បានប្រគល់សៀវភៅ ” ហ៊ុន សែន កម្ពុជា ” ជូនដល់ក្រុមប្រឹក្សាឃុំខ្ពប មេភូមិ-អនុភូមិ នាយកសាលា ប៉ុស្តិ៍នគរបាល  គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងប្រគល់ជូនបណ្ណាល័យសាលាបឋមសិក្សា ហ៊ុន សែន ព្រៃទទឹង សរុប ៤៥ក្បាល និងបានឧបត្ថម្ភថវិកាចំនួន  ១៥០០  ដុល្លារដល់សាលាបឋមសិក្សា  ហ៊ុន  សែន  ព្រៃទទឹងផងដែរ៕