ក្រុមកាយរឹទ្ធិរៀមច្បងរាជធានីភ្នំពេញសហការជាមួយសហគមន៍ចាប៉ីអមតៈ និងសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ចុះសួរសុខទុក្ខព្រឹទ្ធាចារ្យចាប៉ីដងវែង

ដើម្បីសម្តែងការគោរពដឹងគុណ ការសួរសុខទុក្ខ និងចូលរួមចែករំលែក និងជួយសម្រួលក្នុងការរស់នៅប្រចាំថ្ងៃរបស់ព្រឹទ្ធាចារ្យចាប៉ី ក្រោមយុទ្ធនាការ « ដឹងគុណព្រឹទ្ធាចារ្យចាប៉ីដងវែង ដើម្បីអភិរក្សមរតកចាប៉ី » ក្រុមកាយរឹទ្ធិរៀមច្បងរាជធានីភ្នំពេញសហការជាមួយសហគមន៍ចាប៉ីអមតៈ និងសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ដឹកនាំដោយឯកឧត្តម ឈួរ សុបញ្ញា ប្រធានក្រុមកាយរឹទ្ធិរៀមច្បងរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមន៍ចាប៉ីដងវែងខ្មែរអមត: និងលោក ពេជ្រ សារ៉ាត់ ប្រធានសមាគមន៍ចាប៉ីដងវែងខ្មែរអមត: បានចុះសួរសុខទុក្ខព្រឹទ្ធាចារ្យចាប៉ីដងវែងដោយបាននាំយកនូវអំណាយជាគ្រឿងឧបភោគបរិភោក និងថវិកាក្នុងម្នាក់ចំនួន ៨១៦,០០០រៀល ជូនដល់ពួកគាត់រួមមាន :
១- ព្រឹទ្ធាចារ្យ អ៊ិន សារុន អាយុ ៨០ឆ្នាំ មានជំងឺប្រចាំកាយ និងពិការភ្នែកកំពុងស្នាក់នៅភូមិត្រពាំងរុន២ ឃុំចន្រ្តី ស្រុករមាសហែក ខេត្តស្វាយរៀង
២- ព្រឹទ្ធាចារ្យ នេន ប៉េ អាយុ ៦៨ឆ្នាំ មានជំងឺប្រចាំកាយ និងពិការភ្នែករស់នៅភូមិស្រះកែវ ឃុំក្រាំងស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង
៣- ព្រឹទ្ធាចារ្យ ស៉ិន សយ មានអាយុ ៦៦ឆ្នាំ មានជំងឺប្រចាំកាយ កំពុងរស់នៅភូមិ ព្រៃកណ្តៀង ឃុំព្រៃកណ្តែង ស្រុកពាមរ ខេត្តព្រៃវែង
ឯកឧត្តម ឈួរ សុបញ្ញា បញ្ជាក់ថាបេសកកម្មនៃយុទ្ធនាការនេះធ្វើឡើងក្នុងគោលបំណងជួបព្រឹទ្ធាចារ្យចាប៉ីទាំង២៥រាជធានីខេត្តលើបេសកកម្ម៣យ៉ាងគឺ ១.ការជួបសម្តែងការដឹងគុណ និងសួរសុខទុក្ខព្រឹទ្ធាចារ្យចាស់ៗ ២-ដឹកនាំសិស្សចាប៉ីថ្មីៗបានសិក្សាពីបទពិសោធន៍របស់ព្រឹទ្ធាចារ្យចាស់ៗនិងបង្ហាញជូនព្រឹទ្ធាចារ្យទាំងអស់ពីការគង់វង្សមរតកចាប៉ី ៣-ការនាំយកអំណោយគាំទ្រដល់ជីវភាពរបស់ព្រឹទ្ធាចារ្យ ។នេះជាលើកទី២ហើយបន្ទាប់ពីការចុះជួបសួរសុខទុក្ខព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ នៅខេត្តកំពតកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ ។
ខណ:នៃវត្តមានរបស់ក្រុមការងារបានធ្វើឱ្យព្រឹទ្ធាចារ្យទាំងអស់សេចក្តីត្រេកអរជាខ្លាំងជាពន្លឹក និងថ្លែងអំណរគុណចំពោះសម្តេចប្រមុខរាជរដ្ឋាភិបាល សប្បុរសជន និងសិស្សគណ ដែលតែងតែយកចិត្យទុក្ខដាក់លោកតាគ្រប់ពេល ហើយលោកមានក្តីសង្ឃឹមចំពោះការបន្តថែរក្សាមរតក ចាប៉ីបុរាណក្រោមម្លប់នៃសន្តិភាពរបស់កម្ពុជា។