គណៈកម្មការសិទ្ធិមនុស្ស នៃរដ្ឋសភា អញ្ជើញចុះសិក្សាស្វែងយល់ពីវឌ្ឍនភាពការងារ នៅខេត្តក្រចេះ

ឯកឧត្តម សរ ចំរុង ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹងនិងអង្កេត និងអធិការកិច្ច នៃរដ្ឋសភា (គណៈកម្មការទី១) បានអញ្ជើញដឹកនាំគណៈប្រតិភូចុះជួបពិភាក្សាការងារជាមួយ ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ និងឯកឧត្ដម ស្រេង សុភាព អភិបាលខេត្តក្រចេះស្តីទី ព្រមទាំងមន្ទីរជំនាញពាក់ព័ន្ធវិស័យទទួលបន្ទុក របស់គណៈកម្មការដើម្បីស្វែងយល់ពីវឌ្ឍនភាពការងារ និងយន្តការដោះស្រាយទំនាស់ដីធ្លីរបស់ខេត្ត នាព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលាខេត្តក្រចេះ។

ក្នុងជំនួបពិភាក្សាការងារ ឯកឧត្តម សរ ចំរុង បានជម្រាបជូនរដ្ឋបាលខេត្តអំពីតួនាទីរបស់រដ្ឋសភា និងតួនាទីគណៈកម្មកាទី១ នៃរដ្ឋសភា រដ្ឋសភាមានភារកិច្ចសំខាន់ៗចំនួន៣ គឺ ១-ការងារអនុម័តច្បាប់ ២-ការងារតាមដានការអនុវត្តច្បាប់ និង៣-ការងារភាពជាអ្នកតំណាង ។ ឯកឧត្តមបានបន្តថា ចាប់ពីអាណត្តិទី១ រហូតដល់អាណត្តិទី៧ នៃរដ្ឋសភា រដ្ឋសភាបានអនុម័តច្បាប់ចំនួន ៦៥៤ច្បាប់ ។

ឯកឧត្តមបានមានប្រសាសន៍ទៀតថាក្នុងឆ្នាំ២០២៣ នៃអាណត្តិទី៧ គណៈកម្មការបានទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋ -ពាក្យបណ្តឹងចំនួន ១១២រឿង -អន្តរាគមន៍ពាក្យបណ្តឹងចំនួន ៤៥រឿង -តម្កល់ទុកឥចាត់ការចំនួន ៤រឿង -បណ្តឹងកំពុងពិនិត្យបន្តចំនួន ៦៣រឿង (បន្តយកមកពិនិត្យក្នុងឆ្នាំ២០២៤)
-លិខិតឆ្លើយតបពីក្រសួងស្ថាប័នពាក់ព័ន្ធបានចំនួន ១៤លិខិត។ ក្នុងអាណត្តិទី៦ នៃរដ្ឋសភា គណៈកម្មការបានចុះបំពេញបេសកកម្ម ដើម្បីពិនិត្យសិក្សាស្វែងយល់ និងតាមដានការអនុវត្តច្បាប់របស់អាជ្ញាធរថ្នាក់ក្រោមជាតិចំនួន ៨លើកនៅតាមបណ្តាខេត្តចំនួន ២៤ខេត្ត ។ ឯកឧត្តមបានបន្តថាក្នុងអាណត្តិទី៧ នៃរដ្ឋសភា គណៈកម្មការ នឹងជួបពិភាក្សារការងារជាមួយឯកឧត្តម រដ្ឋមន្ត្រីក្រសួង អធិការកិច្ច នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ នាពេលខាងមុខនេះ។

ឯកឧត្ដម ស្រេង សុភាព បានជម្រាបជូនគណ:ប្រតិភូថាលើការដោះស្រាយវិវាទដីធ្លី ខេត្តមានក្រុមការងារ និងលេខាធិការដ្ឋានដោះស្រាយវិវាទដីធ្លីជាសេនាធិការ។ យន្តការដោះស្រាយគឺគណៈកម្មការសុរិយោដី និងគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត។ ឯកឧត្តមបានបន្តថាក្នុងការដោះស្រាយសម្របសម្រួលតាមយន្តការគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋ រដ្ឋបាលខេត្តបានបែងចែក អភិបាលរងខេត្ត ១រូបឱ្យទទួលបន្ទុកដឹកនាំសម្របសម្រួលដោះស្រាយវិវាទដីធ្លីនៅតាមមូលដ្ឋានក្រុង ស្រុក។ ឯកឧត្តមបានបញ្ជាក់ថាសំណុំរឿងវិវាទដីធ្លីក្នុងខេត្តសរុប ១១០ករណី ក្នុងនោះបញ្ជូនមកពីក្រសួងមហាផ្ទៃចំនួន ១ករណី ក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ចំនួន ៣១ករណី ក្រសួងអធិការកិច្ចចំនួន ៣ករណី គណៈកម្មការ ទី១ នៃរដ្ឋសភាចំនួន ១ករណី និងការិយាល័យមេធាវីចំនួន ១ករណី។ សំណុំរឿងវិវាទដីធ្លីដាក់ពាក្យបណ្ដឹង មករដ្ឋបាលខេត្តចំនួន ៦២ករណី និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តចំនួន ១១ ករណី។ ក្នុងនោះមានក្រុមការងារដោះស្រាយវិវាទដីធ្លីរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ចំនួន ២៥ក្រុម បានចុះជួយដោះស្រាយបញ្ចប់ទំនាស់ចំនួន ១១ករណី ស្មើនឹង ២៨% និងកំពុងបន្តដោះ ស្រាយចំនួន ២០ករណី ។ ដោយឡែកសំណុំរឿងនៅថ្នាក់ខេត្តមានចំនួន ៦២ករណី បានដោះស្រាយ បញ្ចប់ទំនាស់ចំនួន ១៨ករណី ស្មើនឹង ៣៤% និងកំពុងបន្តដោះស្រាយចំនួន ៤៤ករណី។ ឯកឧត្តមបានបញ្ជាក់ថាសំណុំរឿងវិវាទ ដីធ្លីមួយចំនួន ជារឿងវិវាទដដែល (ដូចគ្នា) ហើយស្ថិតនៅក្នុងការដោះស្រាយរបស់អាជ្ញាធរ និងផ្នែកជំនាញ ប្រជាពលរដ្ឋដាក់ពាក្យបណ្តឹងច្រើនដងទៅក្រសួង-ស្ថាប័នពាក់ព័ន្ធជួយដោះស្រាយបន្ថែមលើពាក្យ បណ្ដឹងដដែល។ ជារួមគ្រប់យន្តការ និងការដោះស្រាយវិវាទដីធ្លីត្រូវបានពង្រឹងឱ្យសកម្មរស់រវើក និងយកចិត្តទុកដាក់ខ្ពស់ដើម្បីខិតខំបញ្ចប់សំណុំរឿង។

ឆ្លៀតក្នុងឱកាសនោះដែរឯកឧត្តម អភិបាលខេត្តស្តីទីបានគូសបញ្ជាក់ថា ចំពោះការបញ្ចេញមតិ យោបល់ សំណូមពរ និងការដោះស្រាយដែលលើកឡើងតាមរយៈប្រព័ន្ធ បណ្តាញទំនាក់សង្គមនានា រដ្ឋបាលខេត្តបានបង្កើតក្រុមការងារអ្នកនាំពាក្យ ដែលមានអភិបាលរងខេត្ត ១រូប ជាប្រធាន។ រាល់ការបញ្ចេញមតិ យោបល់ សំណូមពររបស់សាធារណជន និងប្រជាពលរដ្ឋនៅក្នុងដែនសមត្ថកិច្ចខេត្ត ត្រូវបានបំភ្លឺបកស្រាយ ឆ្លើយតប និងដោះស្រាយបានទាន់ពេលវេលា ព្រមទាំងវាយបកផ្សព្វផ្សាយភ្លាមៗ នូវរាល់ចម្ងល់ និងបញ្ហាទាំងនោះ។ ពិសេសការប្រមូលផ្តុំតវ៉ារបស់ប្រជាជនលើបញ្ហាដីធ្លីទោះបីក្រោម រូបភាពញុះញង់ពីអ្នកខាងក្រៅក្ដី ត្រូវបានយកចិត្តទុកដាក់សម្របសម្រួល ដោះស្រាយក្រៅប្រព័ន្ធតុលាការ និងអនុវត្តវិធានការច្បាប់ផងដែរ។

ឯកឧត្តម សរ ចំរុង បានមានប្រសាសន៏ថ្លែងអំណរគុណ កោតសរសើរចំពោះរដ្ឋបាលខេត្ត ដែលជានិច្ចកាលបានយកចិត្តទុកដាក់ក្នុងការបម្រើសេវា និងខិតខំដោះស្រាយរាល់ការលំបាកជូនប្រជាពលរដ្ឋ ដោយឈរលើគោលការណ៍ច្បាប់ និងភាពសុខដុមរមនា ។ ឯកឧត្តមបានបន្តថាគណៈកម្មការក៏បានកត់សម្គាល់លើបញ្ហាប្រឈមទាំងអស់របស់ខេត្ត និងទទួលយកសំណើដែលខេត្តបានលើកឡើង យកទៅជម្រាបជូន សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដើម្បីជួយធ្វើអន្តរាគមន៍ដោះស្រាយតាមនីតិវិធីរបស់ រដ្ឋសភា។ឯកឧត្តម បានលើកឡើងពីសកម្មភាពការងារដែលគណៈកម្មកាបានចុះតាមដានអង្កេត និងស្វែងយល់អំពីការគោរពសិទ្ធិមនុស្សនៅកម្ពុជា នៅតាមក្រសួង-ស្ថាប័ន ក្នុងការអនុវត្តឱ្យបានសមស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងសេចក្តីប្រកាស ជាសកលស្តីពីសិទ្ធិមនុស្ស ព្រមទាំងរាល់លិខិតបទដ្ឋានគតិយុត្តជាតិ និងអន្តរជាតិនានា ដែលពាក់ព័ន្ធក្នុង វិស័យសិទ្ធិមនុស្ស។ ជាមួយគ្នានេះគណៈកម្មការបានចុះជួបជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិ ដើម្បីតាមដានការ អនុវត្តច្បាប់ និងស្វែងយល់អំពីវឌ្ឍនភាពការងាររបស់អាជ្ញាធរថ្នាក់ក្រោមជាតិតាមកម្មវិធីនយោបាយថ្នាក់ជាតិ ។ គណៈកម្មការមានយន្តការសម្របសម្រួល ឬធ្វើអន្តរាគមន៍ទៅក្រសួង ស្ថាប័ន ឬអាជ្ញាធរពាក់ព័ន្ធ នានា ដើម្បីពិនិត្យដោះស្រាយជាសមត្ថកិច្ចជូនម្ចាស់បណ្ដឹងតាមរយៈប្រធានរដ្ឋសភា។ ជាមួយនេះ គណៈកម្មការបានចូលរួមជួបពិគ្រោះយោបល់ជាមួយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លើសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅនៃគណៈកម្មាធិការជាតិសិទ្ធិមនុស្ស កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា៕