ឯកឧត្តម ទេសរដ្ឋមន្រ្តី ព្រុំ សុខា ណែនាំឱ្យធ្វើការត្រួតពិនិត្យសារធាតុគីមីផ្សំទាំង៦៩ប្រភេទ និងរៀបចំស្តង់ដារនីតិវិធីប្រតិបតិ្ត (SOP) ឱ្យបានឆាប់។

ឯកឧត្តម ទេសរដ្ឋមន្រ្តី ព្រុំ សុខា ណែនាំឱ្យធ្វើការត្រួតពិនិត្យសារធាតុគីមីផ្សំទាំង៦៩ប្រភេទ និងរៀបចំស្តង់ដារនីតិវិធីប្រតិបតិ្ត (SOP) ឱ្យបានឆាប់។

រាជាធានីភ្នំពេញ៖ ឯកឧត្តម ព្រុំ សុខា ទេសរដ្ឋមន្រ្តី អនុប្រធានប្រចាំការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងជាប្រធានក្រុមការងារអន្តរក្រសួងត្រួតពិនិត្យសារធាតុញៀន និងសារធាតុគីមីផ្សំ ជំរុញបែបនេះ ក្នុងឱកាសដឹកនាំកិច្ចប្រជុំអន្តរក្រសួងក្រោមវត្តមានអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋមន្រ្តី រដ្ឋលេខាធិការ តំណាងក្រសួងស្ថាប័ននានា អគ្គលេខាធិការ ដែលជាសមាជិកក្រុមការងារអន្តរក្រសួង និងលេខាធិការដ្ឋានក្រុមការងារត្រួតពិនិត្យសារធាតុញៀន និងសារធាតុគីមីផ្សំ ចំនួន៥៧រូប នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤។

ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ បានស្វាគមន៍ រាយការណ៍ពីសភាពការណ៍គ្រឿងញៀននិងបានជម្រាបជូនពីគោលបំណងនៃកិច្ចប្រជុំនិងកិច្ចពិភាក្សាបែងចែកសមត្ថកិច្ចដល់ក្រសួង-ស្ថាប័នជំនាញពាក់ព័ន្ធនឹងការគ្រប់គ្រងត្រួតពិនិត្យសារធាតុគីមីផ្សំដែលត្រូវបានអនុញ្ញាតឲ្យនាំចូលមកប្រើប្រាស់ក្នុងសកម្មភាពស្របច្បាប់។

ក្នុងឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី ព្រុំ សុខា ជាប្រធានក្រុមការងារនិងប្រធានអង្គប្រជុំក៏បានជម្រុញ និងណែនាំដល់ការរៀបចំស្តង់ដារនីតិវិធីប្រតិបតិ្ត(SOP) ដើម្បីកំណត់ភារកិច្ចជូនក្រុមការងារអន្តរក្រសួង និងក្រសួង-ស្ថាប័នសាមីពាក់ព័ន្ធនឹងការគ្រប់គ្រងត្រួតពិនិត្យ តាមដាន និងវាយតម្លៃលើការស្នើសុំនាំចេញចូល ដឹកជញ្ជូន ចែកចាយ ប្រើប្រាស់ និងសន្និធិសារធាតុញៀន សារធាតុគីមីផ្សំ និងសារធាតុគីមីពាក់ព័ន្ធនឹងការផលិតគ្រឿងញៀនខុសច្បាប់។

ក្នុងឱកាសនោះដែរ ឯកឧត្តម ទេសរដ្ឋមន្រ្តី ព្រុំ សុខា ក៏បានធ្វើការណែនាំដល់សមាជិកក្រុមការងារអន្តរក្រសួង និងលេខាធិការដ្ឋានជាពិសេសក្រសួង-ស្ថាប័នជំនាញពាក់ព័ន្ធ ត្រូវពិនិត្យអំពីបញ្ជីសារធាតុគីមីផ្សំទាំង៦៩ប្រភេទ ដែលអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានផ្តល់ជូន រួចធ្វើការកំណត់អំពីឈ្មោះសារធាតុគីមីផ្សំណាខ្លះដែលក្រសួង-ស្ថាប័នខ្លួនបានផ្តល់អាជ្ញាប័ណ្ណឱ្យនាំចូលប្រើប្រាស់ ចែកចាយ ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការតាមដាន និងត្រួតពិនិត្យ។

ជាមួយគ្នានេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី ព្រុំ សុខា ក៏បានជំរុញឱ្យក្រុមការងារលេខាធិការដ្ឋាននៃក្រុមការងារអន្តរក្រសួងត្រួតពិនិត្យសារធាតុញៀននិងសារធាតុគីមីផ្សំ ដែលមានមន្រ្តីជំនាញមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធជាសមាជិក ត្រូវសហការគ្នារៀបចំសេចក្តីព្រាងស្តង់ដារនីតិវិធីប្រតិបតិ្ត (SOP) ឱ្យបានឆាប់រហ័ស ដើម្បីដាក់ជូនក្រុមការងារអន្តរក្រសួងពិនិត្យ សម្រេចឈានទៅបន្តការងារនៅជំហានបន្ទាប់ទៀត។