ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ស្តីពីកិច្ចសហប្រតិបត្តិការផ្តល់សេវាការពារក្តីដល់ស្រ្តីនិងក្មេងស្រីក្រីក្រដែលរងគ្រោះដោយអំពើហិង្សានិងការអប់រំច្បាប់

ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ស្តីពីកិច្ចសហប្រតិបត្តិការផ្តល់សេវាការពារក្តីដល់ស្រ្តីនិងក្មេងស្រីក្រីក្រដែលរងគ្រោះដោយអំពើហិង្សានិងការអប់រំច្បាប់  

===============

នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការ ក្រសួងកិច្ចការនារី មានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី លើកិច្ចសហប្រតិបត្តិការ ផ្តល់សេវាការពារក្តីដល់ស្រ្តីនិងក្មេងស្រីក្រីក្រដែលរងគ្រោះដោយអំពើហិង្សានិងការអប់រំច្បាប់ ក្រោមអធិបតី លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាប្រធានក្រុមប្រឹក្សាជាតិ កម្ពុជាដើម្បីស្រ្តី និងឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះមានការចូលរួមពីសំណាក់ក្រុមប្រឹក្សាគណៈមេធាវី ថ្នាក់ដឹកនាំគណៈមេធាវី ថ្នាក់ដឹកនាំមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី​ ថ្នាក់ដឹកនាំនិងសមាជិកនៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី និងក្រសួងកិច្ចការនារី។

តាមរយៈអនុស្សរណៈនេះ ស្ត្រីនិងក្មេងស្រីក្រីក្រដែលរងគ្រោះដោយអំពើហិង្សាក្នុងគ្រួសារ ករណីលែងលះដែលបណ្តាលមកពីអំពើហិង្សា ករណីរំលោភបំពានផ្លូវភេទ ករណីជួញដូរមនុស្សដែលផ្តោតលើការធ្វើអាជីវកម្មផ្លូវភេទ និងករណីពិសេសដែលប៉ះពាល់សិទិ្ធ កិត្តិយស និងសេចក្តីថៃ្លថ្នូររបស់ស្រ្តី ទោះនៅក្នុង/ក្រៅប្រព័ន្ធទំនាក់ទំនងសង្គម/ព័ត៌មានក៏ដោយ អាចស្វែងរកជំនួយផ្នែក ច្បាប់ដោយឥតគិតថ្លៃនៅតាម ក្រសួងកិច្ចការនារី មន្ទីរកិច្ចការនារីនៅទូទាំង២៥រាជធានី/ខេត្ត គណៈ មេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងប្រតិភូគណៈមេធាវីអមសាលាជំនុំជម្រះទូទាំង២៥រាជធានី/ខេត្ត។

នេះគឺជាការចុះអនុស្សរណៈលើកទី៣ រវាងស្ថាប័នទាំងពីរក្នុងការផ្តល់ជំនួយផ្នែកច្បាប់ដល់ស្រ្តីនិងក្មេងស្រីក្រីក្រ ដោយលើកទី១នៅឆ្នាំ២០១៩ លើកទី២នៅឆ្នាំ២០២១ និងលើកទី៣ក្នុងឆ្នាំ២០២៤នេះ។ ចាប់ពីឆ្នាំ២០១៩ មកដល់បច្ចុប្បន្ន មានសំណុំរឿងចំនួន៥៨១ ដែលមានកូនក្តីសរុប ៦១២ នាក់ ក្នុងនោះមានកុមារីចំនួន ៤១៥ នាក់ ដែលទទួលបានការផ្តល់សេវាផ្នែកច្បាប់ដោយឥតគិតថ្លៃតាមរយៈយន្តការនេះ ៕