រាជរដ្ឋាភិបាលផ្តល់ផ្លូវកៅស៊ូ និងបេតុងចំនួន៥ខ្សែជូនប្រជាពលរដ្ឋស្រុកទឹកឈូ

ដើម្បីបង្កភាពងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ រាជរដ្ឋាភិបាលតាមរយៈក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទបានផ្តល់ផ្លូវកៅស៊ូ និងផ្លូវបេតុងចំនួន៥ខ្សែ ដែលមានប្រវែងសរុបជិត២៧គីឡូម៉ែត្រ ជូនពលរដ្ឋនៅឃុំត្រពាំងសង្កែ ត្រពាំងព្រីង កូនសត្វ និងឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត។ ពេលស្ថាបនារួច ផ្លូវទាំងនេះនឹងជួយផ្លាស់ប្តូរមុខមាត់ថ្មីរបស់ស្រុក ពិសេសតភ្ជាប់តំបន់ទេសចរណ៍។
អភិបាលស្រុកទឹកឈូ លោក អុឹម ច័ន្ទសោធន បានប្រាប់ឲ្យដឹងថា ទឹកឈូជាស្រុកមួយដែលពោពេញដោយសក្តានុពលជាច្រើន។ វិស័យកម្មសិកម្ម និងវិស័យទេសចរណ៍ បានដើរតួនសំខាន់ក្នុងការជួយលើកស្ទួយ ដល់ជីវភាពប្រជាពលរដ្ឋឲ្យមានជីវភាពកាន់តែប្រសើរ។ ហើយដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់ក្នុងជីវភាពរបស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋ បង្កភាពងាយស្រួលក្នុងការធ្វើដំណើររបស់ភ្ញៀវទេសចរ រាជរដ្ឋាភិបាលបានផ្តល់ជូនកាដូឆ្នាំថ្មី(២០២៤) ជាផ្លូវកៅស៊ូ និងផ្លូវបេតុង ចំនួន៥ខ្សែ ដែលមានប្រវែងជិត២៧គីឡូម៉ែត្រ ដែលបច្ចុប្បន្នកំពុងស្ថាបនាសាងសង់។

លោកអភិបាលស្រុក បានបញ្ជាក់ថា ផ្លូវទាំង៥ខ្សែពិតជាមានប្រយោជន៍ និងអាចជួយផ្លាស់ប្តូរមុខមាត់ថ្មីរបស់ស្រុក ហើយប្រជាពលរដ្ឋមានក្តីសោមនស្សរីករាយ រំភើបក្រៃលែង ព្រោះជឿជាក់ថា ក្រោយពេលផ្លូវល្អ ពួកគាត់នឹងអាចពង្រីកមុខរបរ កូនចៅកាន់តែងាយស្រួលទៅរៀនសូត្រ ទេសចរមកលេងកាន់តែច្រើន ស្របពេលផលិតផលកសិកម្មរបស់ពួកគាត់ដែលត្រូវបានប្រមុខរាជរដ្ឋាភិបាលយកចិត្តទុកដាក់និងលើកកម្ពស់ផងនោះ នឹងកាន់តែងាយស្រួលដឹកទៅកាន់ទីផ្សារ។

យ៉ាងណាក៏ដោយលោកអភិបាលស្រុកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយផ្លូវទាំង៥ខ្សែ សូមជួយចូលរួមសហការជាមួយនឹងមន្ត្រីជំនាញពាក់ព័ន្ធឲ្យបានល្អ ដើម្បីពន្លឿនការសាងសង់ឲ្យរួមរាល់ឆាប់រហ័ស ពិសេសសូមអធ្យាស្រ័យចំពោះបញ្ហារំខាន់ខ្លះៗ និងដីហុយនៅក្នុងអំឡុងពេលស្ថាបនា ហើយផ្លូវទាំងនេះធ្វើមិនយូរនោះទេ គឺនឹងត្រូវបញ្ចប់នៅចុងឆ្នាំ២០២៤នេះ៕

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត