ឯកឧត្តម វ៉ាត់ ចំរើនៈ ស្ត្រីបានដើរតួនាទី យ៉ាងសំខាន់ ក្នុងការជំរុញសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ

ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួង អប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា បានលើកឡើងថា ស្ត្រីបានដើរតួនាទី យ៉ាងសំខាន់ ក្នុងការជំរុញសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ កាលថ្លែងនេះ នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីទិវារត់ប្រណាំង ស្រ្តី ចម្ងាយ១០គីឡូម៉ែត្រ នៅគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា កាលពីថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ២០២៤ ។ ឯកឧត្តម វ៉ាត់ ចំរើន គួសបញ្ចាក់ទៀតថា ស្ត្រី ក៏ដើរតួនាទី យ៉ាងសំខាន់ ក្នុងវិស័យកីឡា ជាក់ស្តែង កម្ពុជា មានកីឡាការិនី តិចជាងបុរស ក្នុងការចូលរួម ប្រកួតព្រឹត្តិការណ៍កីឡា អន្តរជាតិកន្លងមក ប៉ុន្តែកីឡាការិនីទទួលបាន សមិទ្ធផលច្រើនជាងបុរស។

ឯកឧត្តម វ៉ាត់ ចំរើន បន្តឲ្យដឹងថា ទាំងនៅក្នុងតំបន់អាស៊ាន និងអាស៊ី បានដាក់គោលដៅជំរុញស្ត្រី ឲ្យចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍តំបន់ ក៏ដូចជា អន្តរជាតិឲ្យ បានហោចណាស់៤០% ហើយស្ត្រី ក៏ជាកម្លាំងជំរុញសេដ្ឋកិច្ច ដ៏សំខាន់នៅក្នុងតំបន់។ សម្រាប់ព្រឹត្តិការណ៍រត់ប្រណាំង៨មីនា ខាងមុខនេះ មានស្ត្រីចុះឈ្មោះចូលរួមជាង ៥០%ទៅហើយ ដូច្នេះស្ត្រី ចូលរួមច្រើនជាងបុរស ដែលជាផ្នែកមួយ សម្រាប់ការអភិវឌ្ឍ ធនធានមនុស្ស នៅកម្ពុជា ស្របតាមយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិថ្មី។

លោក សែម ផល្លា ប្រធានគណៈកម្មការរៀបចំ ការប្រកួតម៉ារ៉ាតុងកម្ពុជា បានឲ្យដឹងថា ការរត់ប្រណាំង៨មីនា ឆ្នាំ២០២៤ ពេលនេះទទួលបាន ការចុះឈ្មោះចូលរួម ប្រកួតចំនួន២០៤០នាក់ហើយ ដែលជិតសម្រេចតាមគោលដៅកំណត់ ចំនួន២៥០០នាក់។ ទន្ទឹមជាមួយគ្នានេះ ក៏មានការបញ្ជូនឈ្មោះ ជាបន្តបន្ទាប់ដើម្បីចូលរួម ដូច្នេះឆ្នាំនេះនឹងទទួលបានចំនួនអ្នកចូលរួមច្រើនជាង២លើកមុន។

លោក សែម ផល្លា បានបញ្ជាក់ថា ក្នុងចំណោមអ្នកចុះឈ្មោះ រួចរាល់ជាង២០០០នាក់ គឺមានជនបរទេស ជាង២០០នាក់។ ប្រជាជនកម្ពុជា បានចុះឈ្មោះចូលរួម ការប្រកួត ច្រើនជាង ប៉ុន្តែនិយាយពីជនបរទេសវិញ គឺពលរដ្ឋចិនទាំងបុរស និងស្ត្រី បានចុះឈ្មោះច្រើនជាងប្រទេសផ្សេងៗ។ ក្រៅពីនេះ ក៏មានសហរដ្ឋអាមេរិក បារាំង ថៃ និងប្រទេសផ្សេងៗទៀត។
សូមបញ្ចាក់ថា ទិវារត់ប្រណាំង ស្រ្តី ចម្ងាយ១០គីឡូម៉ែត្រ សម្រាប់ការចុះឈ្មោះចូលរួម ប្រកួតគឺ១៥ដុល្លារ សម្រាប់ចម្ងាយ១០គីឡូម៉ែត្រ និង១០ដុល្លារសម្រាប់ចម្ងាយ៤គីឡូម៉ែត្រ ដោយទទួលបាន វត្ថុអនុស្សាវរីយ៍ ក៏ដូចស្លាកសញ្ញា និងមេដាយដែលត្រូវបានផលិតនៅក្រៅប្រទេស ៕