លោកឡង គីសឹង ៖ យុវសិស្សទាំងអស់ត្រូវគិតពីសុខភាពនិងអនាគតដោយចៀសឆ្ងាយពីគ្រឿងញៀន។

ខេត្តកំពង់ធំ៖ លោក ឡង គីសឹង អភិបាល និងជាប្រធានគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនស្រុកសន្ទុក ថ្លែងបែបនេះក្នុងឱកាសលោកចូលរួមកម្មវិធីផ្សព្វផ្សាយការងារក្មេងទំនើង គ្រឿងញៀន និងគ្រោះថ្នាក់ចរាចរ ជូនដល់ប្អូនៗ សិស្សានុសិស្ស នៅវិទ្យាល័យតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ នាព្រឹកថ្ងៃ៧ ខែកុម្ភះ ឆ្នាំ២០២៤ ។

ថ្លែងក្នុងនាមឯកឧត្តម ងួន រតន: អភិបាល និងជាប្រធានគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀខេត្តកំពង់ធំ ក្នុងឱកាសនោះ លោក ឡង គីសឹង បានកោតសសើរ អរគុណដល់គ្រប់សមាសភាពទាំងអស់របស់ស្រុកដែលបានរួមគ្នាចូលរួមអនុវត្តនូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព និងផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់និងបទបញ្ជាផ្សេងៗសំដៅរក្សាបាននូវសុខសន្តិភាព សន្តិសុខ និងសណ្តាប់ធ្នាប់នៅមូលដ្ឋានដោះស្រាយរាល់ក្តីកង្វល់របស់ប្រជាពលរដ្ឋ។

ក្នុងឱកាសនោះដែរ លោក ឡង គីសឹង បានថ្លែងបន្តដោយសំណូមពរដល់គ្រប់សមាសភាពទាំងអស់ត្រូវបន្តការងាររបស់ខ្លួន ហើយយុវវ័យទាំងអស់ត្រូវចៀសអោយផុតពីអបាយទាំង៣ ពិសេសគ្រឿងញៀនដើម្បីមានសុខភាពល្អ អនាគតភ្លឺស្វាង ក្លាយជាធនធានមានប្រយោជន៍ដល់ក្រុមគ្រួសារ និងសហគមន៍។

សូមបញ្ចាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនជាការងារអាទិភាព ហើយប្រជាពលរដ្ឋគ្រប់ស្រទាប់ត្រូវតែបានយល់ដឹងដើម្បីឱ្យពួកគាត់ចៀសចាកឆ្ងាយបានបញ្ហាគ្រឿងញៀន។