លោកជំទាវ នាយឧត្តមសេនីយ៍ ដាំ ដារីនី ក្នុងពិធីសិក្ខាសាលាបូកសរុបកិច្ចការនីតិកម្មទូទាំងកងយោធពលខេមរភូមិន្ទឆ្នាំ២០២៣ និងទិសដៅអនុវត្តឆ្នាំ២០២៤

នាព្រឹកថ្ងៃ អង្គារ ៦រោច ខែបុស្ស ឆ្នាំថោះ បញ្ចស៍ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែកម្ភៈ ឆ្នាំ២០២៤នេះ លោកជំទាវ នាយឧត្តមសេនីយ៍ ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិបានអញ្ជើញជាអធិបតីភាពក្នុងពីធីបើកសិក្ខាសាលាបូកសរុបកិច្ចការនីតិកម្មទូទាំងកងយោធពលខេមរភូមិន្ទឆ្នាំ២០២៣ និងទិសដៅអនុវត្តឆ្នាំ២០២៤ រៀបចំឡើងនៅទីស្តីការក្រសួងការពារជាតិ មានអ្នកចូលរួមសរុបចំនួន ៥០០នាក់ មកពីបណ្តាអង្គភាពចំណុះក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និងបណញតាប្រភេទទ័ព។
សិក្ខាសាលាបូកសរុបកិច្ចការនីតិកម្មទូទាំងកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៣ និងទិសដៅអនុវត្តឆ្នាំ២០២៤ រៀបចំឡើង ក្នុងគោលបំណងដើម្បីធ្វើការសិក្សាស្វែងយល់នូវខ្លឹមសារច្បាប់ជាធរមាន ដែលពាក់ព័ន្ធនឹងកងយោធពលខេមរភូមិន្ទសំខាន់ៗរួមមាន
១-ច្បាប់ទាំងឡាយពាក់ព័ន្ធនិងកងយោធពលខេមរភូមិន្ទ ដែលបានចូលជាធរមាន ហើយបាននឹងកំពុងអនុវត្តក្នុងយោធពលខេមរភូមិន្ទ ដែលអាចនិងមិនស្របតាមការរីកចម្រើន នាពេលបច្ចុប្បន្ន តើគួរស្នើធ្វើវិសោធនកម្មលើចំណុចណាខ្លះ? បញ្ហាណាខ្លះ?។
២-បន្តជម្រុញផ្សព្វផ្សាយនូវសេចក្តីណែនាំលេខ០០៣/សណន ដែលមានអត្ថន័យក្តោបទាំង ច្បាប់ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ និងអនុក្រឹត្យស្តីពីបទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ។
៣-បញ្ហាត្រៀមលក្ខណៈដើម្បីអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធា។
ថ្លែងក្នុងពិធីបើកអង្គសិក្ខាសាលា លោកជំទាវ នាយឧត្តមសេនីយ៍ រដ្ឋលេខាធិការក្រសួងការពារជាតិ បានកោតសរសើរចំពោះ ក្រុមការងារនីតិកម្មក្រសួងការពារជាតិ ដែលបានខិតខំប្រឹងប្រែងអនុវត្តការងារនាពេលកន្លងមកយ៉ាងយកចិត្តទុកដាក់នាពេលកន្លងមក។ លោកជំទាវ នាយឧត្តមសេនីយ៍ បានលើកឡើងបន្ថែមទៀតថា រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលដឹកនាំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ជាកម្មវិធីនយោបាយមានគោលដៅច្បាស់លាស់ប្រកបដោយទស្សនវិស័យវែងឆ្ងាយនិងប្រាកដនិយម ហើយមានមានគោលបំណងចម្បងដើម្បីអោយប្រទេសកម្ពុជាក្លាយជាប្រទេសដែលមានចំណូលខ្ពស់ឆ្នាំ២០៥០។ ក្នុងនោះដែរកងយោធពលខេមរភូមិន្ទ ជាកងទ័ពរបស់ជាតិ មានភារកិច្ចបម្រើប្រទេស ជាតិមាតុភូមិ។ បេសកកម្មរបស់កងយោធពលខេមរភូមិន្ទ គឺការពារ កសាង ជាតិមាតុភូមិ ដើម្បីផល ប្រយោជន៍ ដ៏ខ្ពង់ខ្ពស់របស់ប្រទេសជាតិ ក្នុងកាលៈទេសៈចាំបាច់ កងយោធពលខេមរភូមិន្ទនឹងអាច ចូលរួមក្នុងការការពារសន្តិសុខសាធារណៈ និងជួយប្រជាពលរដ្ឋដែលជួបការលំបាក ឬមានគ្រោះ មហន្តរាយ។ ដើម្បីអនុវត្តច្បាប់ស្តីពីលក្ខន្តិកៈចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ និងអនុក្រឹត្យស្តីពីបទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ ឱ្យមានប្រសិទ្ធភាពយោធិនកងយោធពលខេមរភូមិន្ទត្រូវគោរពវិន័យឱ្យបាន ម៉ឹងម៉ាត់ ភក្ដីភាព សាមគ្គីភាព និងក្លាហានហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាងនៅគ្រប់កាលៈទេសៈដើម្បីបុព្វហេតុជាតិមាតុភូមិ។ ដើម្បីឱ្យយោធិននៃកងយោធពលខេមរភូមិន្ទគោរពវិន័យបានយ៉ាងម៉ឺងម៉ាត់ ភក្ដីភាព ហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាងគ្រប់កាលៈទេសៈ ចំពោះជាតិមាតុភូមិ និងការឯកភាពគ្នា ដោយសេចក្ដីថ្លៃថ្នូរ យោធិនគ្រប់រូប ត្រូវគោរពឱ្យបានម៉ឺងម៉ាត់ច្បាប់ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូនិន្ទ អនុក្រឹត្យស្តីពីបទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ និងលំហាត់របៀបយោធានៃកងយោធពលខេមរភូមិន្ទដើម្បីឱ្យ យោធិនគ្រប់រូបគោរពវិន័យកាន់តែម៉ឺងម៉ាត់ល្អប្រសើរថែមទៀត ។
លោកជំទាវ លោកជំទាវ នាយឧត្តមសេនីយ៍ រដ្ឋលេខាធិការក្រសួងការពារជាតិ បានធ្វើកាផ្តាំផ្ញើជូនដល់ នាយទាហាន នាយទាហានរង មកពីបណ្តាអង្គភាពចំណុះក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាននិងបណ្តាប្រភេទទ័ពទាំងអស់ ក្រោយពីចូលរួមសិក្ខាសាលានាថ្ងៃនេះត្រូវយកទៅផ្សព្វផ្សាយបន្តដល់នាយទាហាន នាយទាហានរង និងពលទាហានតាមបណ្តាលអង្គភាពរបស់ខ្លួន។