បេសកកម្មជំរុញអភិវឌ្ឍវិស័យទេសចរណ៍តាមរយៈកប៉ាល់ទេសចរណ៍ (Cruise Tourism)!

បេសកកម្មជំរុញអភិវឌ្ឍវិស័យទេសចរណ៍តាមរយៈកប៉ាល់ទេសចរណ៍ (Cruise Tourism)!

លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភវិឌ្ឍទេសចរណ៍ បានជួបប្រជុំជាមួយលោក Joni Gevriye តំណាងក្រុមហ៊ុន Royal Caribbean Group របស់សហរដ្ឋអាមេរិក ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍តាមរយៈកប៉ាល់ទេសចរណ៍ (Cruise Tourism) ជាពិសេសការនាំយកកប៉ាក់ទេសចរណ៍របស់ក្រុមហ៊ុន Royal Caribbean Group មកទស្សនា និងចូលចតនៅខេត្តព្រះសីហនុ។ តាមរយៈកិច្ចពិភាក្សាតំណាងក្រុមហ៊ុន Royal Caribbean Group បានលើកឡើងពីចំណុចគន្លឹះសំខាន់ៗដែលត្រូវសិក្សាដើម្បីបង្កលក្ខណៈដល់ការចូលចតនៅខេត្តព្រះសីហនុ និងការទាក់ទាញកញ្ចប់ទេសចរណ៍រួមមាន៖ (១)ពិនិត្យលក្ខណៈបច្ចេកទេសផែចូលចត កប៉ាល់ទេសចរណ៍ (២)បែបបទអន្តោប្រវេសន៍សម្រាប់ទេសចរចូលទស្សនាខេត្តព្រះសីហនុ និងការតភ្ជាប់កញ្ចប់ទស្សនាទៅគោលដៅនានា (៣)បែបបទគយសម្រាប់ត្រួតពិនិត្យអំឡុងពេលចូលចត និង(៤)ទំនាក់ទំនងជាមួយទីភ្នាក់ងារសម្របសម្រួលកំពង់ផែ (Port Agents) និងទីភ្នាក់ងារទេសចរណ៍សម្រាប់លក់កញ្ចប់ទស្សនាខេត្តព្រះសីហនុ ឬគោលដៅតភ្ជាប់នានា។

កិច្ចប្រជុំបានឯកភាពលើនីតិវិធីបន្ទាប់ដើម្បីចុះត្រួតពិនិត្យទីតាំងចូលចតជាក់ស្តែង និងរៀបចំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធដើម្បីប្រមូលធាតុចូលសំខាន់ៗ សម្រាប់ធ្វើជារបាយការណ៍សង្ខេបពីលក្ខណៈបច្ចេកទេស និងសេវាកម្ម ដើម្បីឲ្យការិយាល័យកណ្តាលរបស់ក្រុមហ៊ុន Royal Caribbean Group ត្រួតពិនិត្យមុននឹងសម្រេចដាក់ខេត្តព្រះសីហនុ ចូលទៅក្នុងកញ្ចប់ធ្វើដំណើរទេសចរណ៍របស់ក្រុមហ៊ុននៅពេលខាងមុខ។

សូមបញ្ចាក់ថា ក្រុមហ៊ុន Royal Caribbean Group ជាក្រុមហ៊ុនយក្សលំដាប់ទីពីរលើពិភពលោកខាងវិស័យកប៉ាល់ទេសចរណ៍ និងបានដំណើរការទេសចរតាមកប៉ាល់ នៅទូទាំងពិភពលោកតាមរយៈកប៉ាល់ទេសចរសរុបចំនួន ២៨កប៉ាល់។ ការភ្ជាប់ទំនាក់ទំនងជាមួយក្រុមហ៊ុនខាងលើ នឹងនាំភ្ញៀវទេសចរជុំវិញពិភពលោកទស្សនាខេត្តព្រះសីហនុ និងទទួលយកបទពិសោធន៍ថ្មីពីគោលដៅតារារះនាទិសនិរតី ខណៈរដ្ឋាភិបាលកំពុងខិតខំអភិវឌ្ឍខេត្តព្រះសីហនុឲ្យប្រែក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងនៅពេលខាងមុខ ៕